ខេត្តត្បូងឃ្មុំ ៖ បុរសជាកម្មករម្នាក់សុំថៅកែរបស់ខ្លួនបើកលុយ តែថៅកែមិនព្រមបើកឱ្យ បន្ទាប់មកកម្មកររូបនោះខឹងក៏យកចានកៅស៊ូបោកចោល ធ្វើឱ្យថៅកែខឹងទប់ចិត្តមិនបាន ក៏វាយបណ្ដាលឱ្យរងរបួស និងចាក់សាំងស្រោចលើបុរសជាកម្មករ រួចដុតទាំងរស់ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ នៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ គិតរហូតមកដល់ព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០២៥ នេះ ថៅកែដែលរត់គេចខ្លួននោះមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយទេ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ទី ៦មិថុនា ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិលោ ឃុំកំពាន់ ថាមានករណីឃាតកម្មដោយចេតនានេះបានកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី៦មិថុនា នៅចំណុចចម្ការកៅស៊ូរបស់ឈ្មោះ វ៉ន ម៉ៃ ភេទប្រុស ស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាមអធិការនគរបាលស្រុកមេមត់រាយការណ៍ជូនឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចាត់ឱ្យកម្លាំងការិយាល័យបច្ចេកទេសសហការជាមួយជំនាញព្រហ្មទណ្ឌស្រុកជាប់ពិនិត្យដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានបន្តដឹងទៀតថា ករណីឃាតកម្មដោយចេតនា មួយកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ វ៉ន ម៉ៃ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំស្នាក់នៅបណ្តោះអាសន្ននៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាព យកឈើជ្រុង០១កំណាត់វាយ និងយកសាំងចាក់ដុតទៅលើជនរងគ្រោះឈ្មោះ ហយ ណេត ភេទប្រុសអាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិ លោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមានស្នាមរបួសរយះដាច់លើក្បាលខាងក្រោយចំនួន០១កន្លែង(ជ្រៅ),បាក់កដៃទាំងសងខាង និងមានស្នាមភ្លើងឆេះខ្លោចស្បែកពេញរាងកាយ ស្លាប់និងកន្លែងតែម្តង ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។
មូលហេតុ:ជនសង្ស័យខឹងជនរងគ្រោះមករករឿងនិងបោកចានកៅស៊ូរបស់ខ្លួន ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង។
ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់និងកម្លាំងជំនាញផ្នែក យុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់សហការណ៍ជាមួយកម្លាំងជំនាញបចេ្ចកទេស ខេត្តត្បូងឃ្មុំ រួមទាំងលោកគ្រូពេទ្យបង្អែកស្រុកមេមត់បានចុះទៅដល់កន្លែងកើតហេតុពិនិត្យស្នាមរបួសលើសាកសពជនរងគ្រោះ រួចប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបញ្ជាក់បន្ថែមថាដើមហេតុដំបូងអ្នករងគ្រោះបានសុំថៅកែរបស់ខ្លួនបើកលុយតែថៅកែមិនព្រមបើកឱ្យ បន្ទាប់មកកម្មករដែលជាជនរងគ្រោះខឹងក៏យកចានកៅស៊ូបោកចោល។ពេលនោះថៅកែខឹងទុកចិត្តមិនបានវាយបណ្ដាលឱ្យរករបួសនិងចាក់សាំងស្រោចលើខ្លួនប្រាណរួចដុតទាំងរស់បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលនេះជាហេតុការណ៍កម្រកើតមាននៅតំបន់នេះនាពេលកន្លងទៅ។
ជាមួយនោះកម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហកកំពុងតែតាមប្រមាញ់ថៅកែចំការកៅស៊ូដែលកំពុងតែរត់គេចខ្លួន ទោះបីមានស្លាបប្រឹងហើរដល់ណាក៏ដោយនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ៕






ចែករំលែកព័តមាននេះ