ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សោកស្តាយ​យុវជន​ម្នាក់​ដើរ​ចោលការ​ងារ​រដ្ឋ ព្រោះ​យល់​ថា មានរឿង​បក្ខពួក​និយម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ មក​រា ២០២២​នេះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្តែង​ការ​សោកស្តាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ មក​រា ២០២២​នេះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្តែង​ការ​សោកស្តាយ ដោយ​ឃើញ​យុវជន​ម្នាក់ ដើរ​ចោលការ​ងារ​រដ្ឋ ព្រោះ​យល់​ថា មានរឿង​បក្ខពួក​និយម ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា «​សោកស្តាយ ឃើញ​យុវជន​ម្នាក់​ដើរ​ចោលការ​ងារ​រដ្ឋ ព្រោះ​យល់​ថា មានរឿង​បក្ខពួក ។ អ្វី​ដែល​ខ្ញុំ​ស្តាយ គឺ​ប្អូន​គិត​ថា ពិភពលោក​មាន​តែ​ពណ៌ ២​គត់ គឺ ខ្មៅ និង ស ។ តាម​ពិត​ពណ៌​ដែល​មាន​ច្រើន​បំផុត​ក្នុង​លោក គឺ​ពណ៌​ប្រផេះ ។ សម័យនេះ ព្រំដែន​ដែល​ខណ្ឌ ការងារ​ជា​ក្រុម​(Teamwork) និង បក្ខពួក គឺ​ស្តើង​ណាស់ សំខាន់ តើ​យើង​មាន​ជំនាញ​អី ដែល​គេ​ត្រូវការ​យើង​ទេ ?​» ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ បន្ទាប់​ពី​មានពាក្យ​ស្នើ​សុំ​លាឈប់​ពី​ការងារ​របស់​មន្ត្រី​សាលាខេត្ត​បាត់ដំបង មួយ​រូប ឈ្មោះ លី ឌី​នូ​រី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់​លេខ​២ នៃ​ក្រប​ខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បង្ហោះ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក ។

មូលហេតុ​នៃ​ការ​ដាក់​សំណើសុំ​អនុញ្ញាត​លាឈប់​ពី​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួងមហាផ្ទៃ លោក លី ឌី​នូ​រី បាន​បញ្ជាក់​ថា ៖ លោក​បាន​បំពេញភារកិច្ច​ជា​មន្ត្រីរាជការ​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន ជា​មន្ត្រី​សាលាខេត្ត​បាត់ដំបង ដោយ​លោក ពុំ​ពេញចិត្ត​នឹង​ការ​បង្កើត​បក្សពួក​ក្នុង​សាលាខេត្ត​បាត់ដំបង ទើប​លោក​ស្នើ​សុំ​លាឈប់​ពី​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួងមហាផ្ទៃ ចាប់ពី ថ្ងៃ​ទី​១៨ មក​រា ២០២២​នេះ​តទៅ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៨ មក​រា ២០២២ ដដែល​នេះ លោក មូល ធន នាយក​រដ្ឋបាល​ខេត្តបាត់ដំបង ក៏​បាន​ចេញ​លិខិត​អញ្ជើញ (​លើក​ទី​១) ជូន​លោក លី ឌី​នូ​រី មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដើម្បី​ចូល​មក​បំពេញការងារ​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយ​ពី​អវត្តមាន​(​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់​ៗ​គ្នា​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មក​) ចាប់ពី​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​ទីកន្លែង​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត ។

ក្រោយ​ពី​ទទួល​បាន​លិខិត​អញ្ជើញ (​លើក​ទី​១) លោក លី ឌី​នូ​រី មិន​ប​ដិ​សេ​ដ​ទេ ប៉ុន្តែ​លោក​មាន​សំណួរ​ខ្លះ​ៗ ៖
ទី​១- តើ​រយៈកាល​កន្លង​មក ក្រុម​អស់លោក​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ​វា​មិន​ទាន់​គ្រប់គ្រាន់​មែន​ទេ ?
ទី​២- នៅ​ពេល​ដែល​ខ្ញុំ​ចូល​បំពេញការងារ តើ​ធានា​ទេ មានការ​ងារ​ធ្វើ​សម្រាប់​ខ្ញុំ​ដូច​មន្ត្រី​ធម្មតា ? រឺ​ត្រឹមតែ​ចង់អោយ​ខ្ញុំ មក​អង្គុយ​អាន​កាសែត ដូច​រយៈកាល​មុន ? តើ​ខ្ញុំ​មាន​កំហុស​អ្វី ? ប្រសិនបើ មក​អង្គុយ​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លាឈប់ ទៅ​ធ្វើ​ការងារ​ឯកជន​វិញ ។
ទី​៣- បក្សពួក​និយម​ខ្លាំង​ពេក នាំ​អោយ​អន្តរាយ​ដល់​ស្ថាប័នរដ្ឋ ។ នេះ​ប្រហែល​មក​ពី​ខ្ញុំ មិនមែន​នៅ​ក្នុង​ក្រុម​គេ​ទេ​ដឹង ? កន្លែង​ដែល​មាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើការ​ជាមួយ​ទេ សូមជ្រាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ