យោងតាមប្រភពព័ត៌មាន Shanghailist បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ ឈ្មោះលីវ (Liu) បានចំណាយលុយទិញស្លាកលេខពិសេសមួយ (88888) ដែលអស់ទឹកប្រាក់ច្រើនជាងទឹកប្រាក់ទិញរថយន្តទៅទៀត ។
រូបលោកគិតថា ការមានលេខពិសេសបែបនេះ អាចជួយនាំមកនូវសំណាងល្អ និងភាពរុងរឿងដល់ខ្លួន ។ តែអ្វីៗវាមិនដូចការគិត របស់លោកឡើយ ពោលគឺគ្រាន់តែក្នុងមួយថ្ងៃ ដែលលោកបានដាក់ស្លាកលេខនេះភា្លម គាត់ត្រូវបានប៉ូលិសឃាត់រថយន្តរបស់គាត់ដល់ទៅ៨ដង ។ បន្ទាប់ពីបានទិញរថយន្តតម្លៃត្រឹមតែ១៥០០ដុល្លារហើយភ្លាម លោកបានសម្រេចចិត្តទិញស្លាកលេខដែលមានតម្លៃថ្លៃកប់ពពក រហូតទៅដល់១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ។ ស្លាកលេខពិសេសនោះ មានលេខ៨ប្រាំដង ដែលជាលេខជនជាតិចិនយល់ថា លេខនាំសំណាង ។
ស្លាកលេខនាំសំណាងនេះ មិនបានផ្តល់សំណាងដល់លោកឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យប៉ូលិសឃាត់រថយន្តគាត់សួរនាំរកក្រដាសស្នាមបញ្ជាក់ ដោយសារប៉ូលិសគិតថា លោកលីវ បានដាក់ស្លាកលេខក្លែងក្លាយ ។
គួរបញ្ជាក់ថា ស្លាកលេខប្រភេទនេះ មិនសូវជាមានទេនៅប្រទេសចិន ដោយហេតុថា វាមានតម្លៃថ្លៃពេក ដែលអ្នកជិះរថយន្តល្មមៗ មិនមានលុយទិញដាក់ឡើយ ។ ហេតុដែលរថយន្តថោក តែស្លាកលេខថ្លៃនេះហើយ ទើបប៉ូលិសសន្និដ្ឋានថា ស្លាកលេខដែលលោកលីវ ដាក់ជាស្លាកលេខក្លែងក្លាយ ។ វាពិតជាគាប់ជួនណាស់ ដែលលេខប្រាំបីប្រាំដងរបស់រថយន្តលោក ធ្វើឱ្យលោកបានប៉ូលិសសួរនាំប្រាំបីដង ក្នុងមួយថ្ងៃដែរ ។
ចែករំលែកព័តមាននេះ