ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​វិនិយោគ​ក្រុមហ៊ុន​ចិន​បាន និង​កំពុង​ដំណើរការ​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​វត្ត​មានលើ​ទីផ្សារ​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដែល​បាន និង​កំពុង​ដំណើរការ​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ចិន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។ នេះ​បើ​តាម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដែល​បាន និង​កំពុង​ដំណើរការ​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ចិន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។ នេះ​បើ​តាម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ជួប​ក្រុមការងារ​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​ហ័​រ​ឡុ​ង និង​សហ​ភាគី ដើម្បី​សម្តែង​ការ​គួរសម និង​ជួប​ផ្តល់​បទ​សម្ភាសន៍​ទាក់ទង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ជា​រួម និង​ដោយឡែក​នោះ គឺ​ផលិតផល​ផ្លែ​ឈើ​កម្ពុជា និង​ទីផ្សារ​រវាង​កម្ពុជា​-​ចិន ។

ជាបឋម លោកនាយក​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា កម្ពុជា ជា​មិត្ត​របស់​ចិន ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​ភាព​ជា​ដៃគូ យុទ្ធសាស្ត្រ​ពេញលេញ ។ កិច្ច​សហប្រតិបត្តិការ​ចិន​-​កម្ពុជា លើ​វិស័យ​កសិកម្ម​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​របៀបវារៈ​របស់​ប្រមុខរដ្ឋ​ទាំង​ពីរ​នៅ​ក្នុង​វេទិកា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ដំបូង ។

ជាក់ស្តែង បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម (​ផលិតកម្ម​ដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌល​ទីផ្សារ​កសិផល ពិ​ពណ៌​កសិផល កន្លែង​កែ​ច្នៃ វេច​ខ្ចប់ ធ្វើ​អនាម័យ កន្លែង​សម្លាប់​សត្វល្អិត​ចង្រៃ​) ។ ការ​វិនិយោគ​នេះ គឺ​មាន​បំណង​អភិវឌ្ឍ​វិស័យ កសិកម្ម កម្ពុជា ដើម្បី​ធានា​បាន​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​ស្តងដារ​ទីផ្សារ​នាំ​ចេញ ។

លោក​សង្ឃឹមថា នា​ពេល​អនាគត​ដ៏​ខ្លី​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ដែល​បាន និង​កំពុង​ដំណើរការ​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ទីផ្សារ​ចិន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទាក់ទង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ភាគី​ទាំង​ពីរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​ចម្លើយ​យ៉ាង​ក្បោះក្បាយ​ជា​លំដាប់លំដោយ ដោយ​ផ្តើម​ចេញពី​ការ​រកបាន​នូវ​សន្តិភាព​ពេញលេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ចាប់ផ្តើម​អភិវឌ្ឍ​ជា​ជំហាន​ៗ​លើ​គ្រប់​វិស័យ ជាក់ស្តែង​វិស័យ​កសិកម្ម​បាន​ប្រែក្លាយ​ពី​ប្រទេស​មួយ​ខ្វះខាត​ស្បៀង​មក​ជា​ប្រទេស​ផលិត​ស្បៀង ដើម្បី​ធ្វើការ​នាំ​ចេញ ។

ឯកឧត្តម​ថា ដូច​លោកនាយក​ក្រុមហ៊ុន​បាន​លើក​ឡើង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ថា យោង​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ទាក់ទាញ​វិនិយោគិន​ចិន​ជា​ច្រើន​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម ហើយ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ គឺ​ក្រុមហ៊ុន​ហ៊ុន​ទី ដែល​បាន​ដាក់​ទុន​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​ក​សិ​-​ឧស្សាហកម្ម លើ​ផ្ទៃដី ៨០​ហ​.​ត ដោយ​ធ្វើការ​បែងចែក​ទីផ្សារ​ផ្លែ​ឈើ អគារ​កែ​ច្នៃ អគារ​វេច​ខ្ចប់ ឃ្លាំង​ស្តុក (Cold storage) អគារ​ពិ​ពណ៌​កសិផល​កន្លែង​ស​ម្លា​.​ប់​មេរោគ និង​សត្វល្អិត​ចង្រៃ សម្រាប់​ផ្លែ​ឈើ​ដូច​ជា ស្វាយ មៀន​ប៉ៃលិន ចេក ដូង និង​ផលិតផល​វារីវប្បកម្ម​ផង​ដែរ​។​ល​។ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ​កសិផល​កម្ពុជា រដ្ឋាភិបាល​ចិន​បាន​ឧបត្ថម្ភ​មន្ទីរពិសោធន៍ ថ្នាំ​ការពារ​ជំងឺឆ្លង​គោ​-​ក្របី និង​ជំងឺ​ដំពក​ស្បែក​គោ​ផង​ដែរ ។

តាម​រយ​:​ជំនួយ​ឧបត្ថម្ភ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ថានទូត​ចិន អគ្គ​រដ្ឋបាល​គយ ដែល​បាន​ផ្តល់​កិច្ចសហការ​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​លើ​ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា និង​មៀន​ប៉ៃលិន ហើយ​ឈាន​ទៅ​សម្រេច​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ផលិតផល​ស្វាយ និង​ចេកអំបូង​លឿង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ជា​ផ្លូវការ​កន្លង​មក ។

មួយវិញទៀត សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន គឺ​ពិតជា​នឹង​ចូលរួម​បំពេញបន្ថែម​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្លែ​ឈើ ខ្សែ​ច្រវាក់​តម្លៃ និរន្តរភាព​ផលិតកម្ម និង​ទីផ្សារ​នាំ​ចេញ ។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​វិនិយោគិន កសិករ ម្ចាស់​ចំការ និង​អាជីវករ​មានឱកាស​ពង្រីក​សក្តានុពល​ផលិត​កែ​ច្នៃ និង​នាំ​ចេញ​ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​វិនិយោគ​សម្រេច​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ