ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ដី​ដ៏​ធំ​មហាសាល​របស់​តា​កៅ ចង់​ហួស​ក្បាល​ប្រេត​​លើ​ផ្ទៃ​បឹង​តា​មោក​… នេះ​ជាម​ហា​សិទ្ធិ​ដ៏​អស្ចារ្យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយ​របស់​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ កំពុង​តែ​ជីក​លុងដល់​ក្បាល​ប្រេត​លើ​ផ្ទៃ​បឹង​តា​មោក លាតសន្ធឹង​រាប់រយ​ហិ​កតា ដែល​ការ​ជីក​ជ្រៅ​បែប​នេះ ហាក់ដូចជា

រាជធានី​ភ្នំពេញ ៖ រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយ​របស់​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ កំពុង​តែ​ជីក​លុងដល់​ក្បាល​ប្រេត​លើ​ផ្ទៃ​បឹង​តា​មោក លាតសន្ធឹង​រាប់រយ​ហិ​កតា ដែល​ការ​ជីក​ជ្រៅ​បែប​នេះ ហាក់ដូចជា​គ្មាន​គម្រោង​ច្បាស់ វា​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផែន​ការណ៍​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​នៅ​ពេល​អនាគត​។

ម្យ៉ាងទៀត គេ​ពុំ​ដឹង​អោយ​ប្រាកដ​ថា តើ​រណ្តៅ​ដី​នោះ មានច្បាប់​អនុញ្ញាត​កំរិត​ណា​នោះ​ឡើយ? បានជា​វាតទី​ដី​បឹង​តា​មោក ជីក​ម៉ា​សេរី​ចាក់​លុប​បឹង​តា​មោក និង​លុប​តំបន់​នានា​នៃ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។

បើ​យើង​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​) ខាងលិច​ស្ពាន​ព្រែក​ព្នៅ យើង​នឹង​ឃើញ​រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយ ដែល​ជីក​ដល់​ក្បាល​ប្រេត​នោះ លាតសន្ធឹង​លើ​ផ្ទៃ​បឹង​តា​មោក ដែល​ជា​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​គេ​អោយ​ដឹង​ថា មាន​ម្ចាស់​ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់ ដែល​ស្និទ្ធស្នាល​នឹង​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ។

បើ​តាម​ព័ត៌មាន​អោយ​ដឹង​ថា រណ្តៅ​ដី​នេះ បាន​ដំណើរ​កាល​ជីក​កកាយ​យក​ដី​រយៈពេល ប្រមាណ​៥​ទៅ​៦​ឆ្នាំ​មក​ហើយ ដោយ​កាយ​ដី​លុប​ផ្ទៃ​ទឹក​បឹង​វាតទី​ជីក​យក​ដី​។ ហើយ​នៅ​ក្នុង​ការ​ជីក​នោះ មុន​ដំបូង​ត្រូវ​គេ​អះអាង​ថា ក្រោម​ច្បាប់​អនុញ្ញាត​ដើម្បី​ជីក​យក​ដី​ទៅ​ចាក់​លុប​អភិវឌ្ឍ​ដី​លោក​ឧកញ៉ា​លី​យ៉ុ​ង​ផាត់ ដែល​ស្ថិត​នៅ​ខាងកើត​ស្ពាន​ព្រែក​ព្នៅ តែ តា​កៅ បាន​ជីក​យក​ទៅ​លក់​ចាក់​នៅ​តំបន់​​នានា​នៅ​ក្បែរ​នោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក រដ្ឋាភិបាល ក៏​បាន​ប្រគល់​ដី​បឹង​តា​មោក ទៅ​អោយ​ក្រុមហ៊ុន​ឯកជន និង​អង្គភាព​រដ្ឋ​អភិវឌ្ឍ បាន​ធ្វើ​អោយ​អាជីវកម្ម​ជីកដី​របស់​តា​កៅ កាន់តែ​កាកកប​ដោយ​ជីកដី​លុងដី​បឹង មាន​ជម្រៅ​ប្រមាណ​៣០​ទៅ​៤០​ម៉ែត្រ (​ដល់​ក្បាល​ប្រេត​) ដែល​រណ្តៅ​នោះ មាន​ទំហំ​ប្រមាណ​៤០០​ហិ​កតា លាតសន្ធឹង​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ប្រមាណ​២​គីឡូម៉ែត្រ និង​ចូល​ទៅ​ផ្ទៃ​បឹង​ប្រមាណ​២​គីឡូម៉ែត្រ (​នេះ​បើ​តាម​ការ​វាស់​កុង​ទ័​រ​ម៉ូតូ​)​។

ជុំវិញ​ការ​វាតទី​ជីកដី​បឹង​ដែល​មាន​ជម្រៅ​ជ្រៅ​នេះ គេ​ពុំ​ដឹង​ថា តើ​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ទទួល​សិទ្ធិ​បាន​ដី​បឹង​ប៉ុន្មាន​ហិ​កតា​ពី​រដ្ឋាភិបាល​ឡើយ​ដើម្បី​ជីក​ឡើយ?​។ ចំណែក​ការ​ជីក​លុងដល់​ក្បាល​ប្រេត​ទៀត សោ​ធ​មិនដឹង​ថា មានច្បាប់​ឯណា​អោយ​ជីក​ជ្រៅ​បែប​នោះ​ទេ?​។ ម្យ៉ាងទៀត រណ្តៅ​ជ្រៅ​បែប​នេះ វា​នឹង​អាច​ប៉ះពាល់​ផែនការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ទៅ​ថ្ងៃ​អនាគត បើសិន​ការ​ជីក​នោះ គ្មាន​គម្រោង​ផែនការ​ច្បាស់លាស់​ថា តើ​ទីតាំង​នោះ ត្រូវធ្វើ​អ្វី នៅ​ពេល​ខាង​មុខ មិនមែន​ចេះ​តែ​ជីក​លុប​ៗ​នោះ​ទេ?​។

បើ​តាម​ព័ត៌មាន​ដែល​បង្ហើប​អោយ​ដឹង​ថា បានជា តា​កៅ មានសំណាង​បែប​នេះ ដោយសារ​តែ​លោក​មាន​ខ្នងបង្អែក​សែន​រឹង​មាំ​តាំងពី​លោក​ជីក​នៅ​ក្នុងភូមិ​ព្រែក​រាំង សង្កាត់​ឃ្មួ​ញ កាលពី​នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ កំឡុង​ឆ្នាំ​២០០០​ជាង​មក​ម្ល៉េះ​។ តា​កៅ ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ស្និទ្ធស្នាល​នឹង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ មាន​រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយទៀត​កន្លង​ទៅ នៅ​ខាងត្បូង​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​​ក្នុងភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួ​ញ ដែល​បច្ចុប្បន្ន​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រណ្តៅ​ដី​នោះ បាន​ជីក​ដល់​ក្បាល​ប្រេត​ដូច​គ្នា និង​រណ្តៅ​ដី​បឹង​តា​មោក ដែល​កាល​កំឡុង​២០​ឆ្នាំ​មុន​។ រណ្តៅ​ដី​នោះ បាន​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជិត​១០០​ហិ​កតា​។ ក្រោយមក​រណ្តៅ​ដី​នោះ បង្ក​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ជិតខាង នៅ​ពេល​ដែល​មាន​ទឹកភ្លៀង​ច្រោះ​បាក់​ដី ហើយ​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ផង​ដែរ ។

បច្ចុប្បន្ន​នេះ រណ្តៅ​ដី​នោះ​បាន​ក្លាយជា​បឹង​ដ៏​ធំ​មួយ ដែល​មាន​ជម្រៅ​យ៉ាង​ជ្រៅ ហើយ​ថ្មី​ៗ​នេះ លោក​ឧកញ៉ា ផឹក ផ​ន ហៅ​តា​កៅ ក៏​បាន​លក់​ទៅ​អោយ​ក្រុមហ៊ុន​បុរី​ដ៏​ធំ​មួយ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ នឹង​កំពុង​តែ​ដឹក​ដី​ពីរ​ណ្តៅ​ដី​បឹង​តា​មោក មក​ចាក់​ដី​លុប​បណ្តើរ​ៗ​ហើយ​។
ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា​ញឹក ផ​ន ហៅ​តា​កៅ នេះ​បាន​ឡើយ​។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​បន្ត​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ