ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ខែដំបូងឆ្នាំ២០២១កម្ពុជាមានកំណើនការនំាចេញសម្លៀកបំពាក់ទឹកប្រាក់ ៦.៥៣៨លានដុល្លារកើនឡើង ៦% ធៀបនឹងឆ្នាំកន្លង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទឹកប្រាក់​៦.៥៣៨​លាន​ដុល្លារ កើនឡើង​៦% ធៀប​នឹង​ឆ្នាំ​កន្លង ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទឹកប្រាក់​៦.៥៣៨​លាន​ដុល្លារ កើនឡើង​៦% ធៀប​នឹង​ឆ្នាំ​កន្លង ។

ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​ចាត់​ទុក​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ផលិត ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​នៅ​តែ​ជា​វិស័យ​នាំ​ចេញ​សំខាន់​ជាងគេ​របស់​កម្ពុជា ដោយ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​អត្រា​ប្រហែល​១០% ។

ទោះបីជា​មានការ​ធ្លាក់​ចុះ​បន្តិចបន្តួច នៅ​ក្នុង​ឆ្នាំ​២០២០ បាន​ងើបឡើង​វិញ​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២១ ដោយ​ការ​នាំ​ចេញ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​ទឹកប្រាក់ ៦.៥៣៨​លាន​ដុល្លារ​កើនឡើង​៦% ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​ការ​នាំ​ចេញ​ផលិត​ស្បែកជើង​មាន​ទឹកប្រាក់​១.១១៣​លាន​ដុល្លារ​កើនឡើង​២០% ការ​នាំ​ចេញ​ផលិតផល​ធ្វើ​ដំណើរ​មាន​ទឹកប្រាក់​១.១៧៩​លាន​ដុល្លារ​កើនឡើង​៤៩% ។

ការ​លើក​ឡើង​បែប​នេះ​របស់​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង ក្នុង​សន្និបាត​លើក​ទី​១៥ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) រៀបចំ​ធ្វើ​នៅ​សមាគម​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី លើក​បន្ថែម​ថា តាំងពី​ឆ្នាំ​១៩៩៦ សមាគម​មួយ​នេះ​បាន​ដំណើរការ ២៥​ឆ្នាំ​កន្លង​មក​ហើយ​បាន​ដើរតួ​នាទី​ជា​តំណាង​សម្លេង​រួម​តែ​មួយ​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់ដេរ ការពារ និង​លើកកម្ពស់​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​ទាំងអស់​ក្នុង​វិស័យ​នេះ និង​បាន​បង្កើត​នូវ​វេទិកា​សម្រាប់​ការ​ប្រឹក្សា​យោបល់ និង​កិច្ច​សន្ទនា​សង្គម​នានា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ជា​ច្រើន ដែល​មាន​ផល​ប៉ះពាល់​ជា​សក្តានុពល​ដល់​បរិយាកាស​វិនិយោគ​ទូទៅ​សំដៅ​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​អំណោយផល​ដល់​កំណើន​នៃ​ការ​នាំ​ចេញ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម​បញ្ជាក់​ថា​« យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​កន្លង​មកនេះ​សមាគម បាន​ចូលរួម​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, អង្គការ​អន្តរជាតិ​ខាង​ការងារ​, សហជីព និង​ដៃគូរ​សង្គម​នានា ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច សង្គម​កម្ពុជា​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​»​។

ឯកឧត្តម​អ៊ិ​ត សំ​ហេង ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ការងារ​កន្លង​មក​ដែល GMAC បាន​ធ្វើការ​សហការ​យ៉ាង​សិ្អ​តរ​មួ​ត​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​គ្នា​អនុវត្ត​ប្រកបដោយ​ជោគជ័យ​យុទ្ធសាស្ត្រ​ចតុកោណ គោលនយោបាយ​នានា ដូច​ជា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​គោលនយោបាយ​ជាតិ​ស្តី​ពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ។

ទន្ទឹម​នឹង​នេះ ការ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​កាតព្វកិច្ច​នានា​ដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​សហជីព ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បញ្ញា​ត្តិ​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា រួម​ទាំង​បទដ្ឋាន​គតិយុត្តិ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​រំលឹក​ថា វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​មាន​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​តិចតួច​នៅ​ពេល​កម្ពុជា​បាន​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់​ខ្លួន និង​ទទួល​វិនិយោគ​ចាប់ពី​ឆ្នាំ​១៩៩៣ និង​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​រហូត​មក ជា​ពិសេស​ចាប់ពី​ឆ្នាំ​ដែល​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ដោយសារ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហើយ​បន្ទាប់​មក គឺ​នៅ​ក្រោយ​ឆ្នាំ​១៩៩៩ ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ផ្សា​ភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​បទដ្ឋាន​ការងារ​អន្តរជាតិ ។

គិត​ត្រឹម​ចុងឆ្នាំ​២០២១ នេះ​រោងចក្រ សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ក្នុង​វិស័យ​នេះ​បាន​កើន​ដល់​ប្រមាណ​ជាង​១២០០​រោងចក្រ ដែល​ផ្តល់​ការងារ​ក្នុង​ប្រព័ន្ធ​ដល់​កម្មករនិយោជិត​ប្រមាណ​ជិត​១​លាន​នាក់ ។

ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០២១ ទឹកប្រាក់​នាំ​ចេញ​សរុប​នៃ​វិស័យ​នេះ​មាន​ប្រមាណ​ជិត​១០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ប្រមាណ​៦៣ ភាគរយ​នៃ​ទឹកប្រាក់​នាំ​ចេញ​សរុប​របស់​កម្ពុជា ។ ដោយឡែក​ជីវភាព​កម្មករនិយោជិត​ក៏​បាន​ប្រសើរ​ឡើងជា​លំដាប់​ដោយ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់ ។

បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត​បាន​ចំនួន ១៨​លើក ដោយ​កើន​ពី ៤០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​១៩៩៧ ដល់​១៩៤​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០២២ ។

សម្រាប់​ឆ្នាំ​២០២២​នេះ ដោយ​បូក​រួម​ទាំង​ប្រាក់​រង្វាន់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ កម្មករនិយោជិត​ម្នាក់​ៗ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី ២១១​ដុល្លារ​អា​មេ​រិ​ក​ទៅ ២២២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។ ក្រៅពី​កម្មករនិយោជិត​ប្រមាណ​ជិត​១​លាន​នាក់​ដែល​ទទួលផល​ផ្ទាល់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ