និស្សិតឥណ្ឌូនេស៊ីម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធឺណេត បន្ទាប់ពីលក់រូបថតសែលហ្វី (Selfie) បានប្រាក់ជាង ១លានដុល្លារនៅលើវេទិការជួញដូរ។

លោក Sultan Gustaf Al Ghozali ដែលកំពុងសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសកលវិទ្យាល័យមួយក្នុងទីក្រុង Semarang នៃខេត្ត Java របស់ឥណ្ឌូនេស៊ី បានថតរូបខ្លួនឯងអង្គុយនៅមុខកុំព្យូទ័រជារៀងរាល់ថ្ងៃអស់រយៈពេលជិត ៥ឆ្នាំ។
គាត់មានបំណងប្រើប្រាស់បណ្តុំរូបថតជិត ១.០០០សន្លឹកនោះដើម្បីបង្កើតជាវីដេអូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្លួន។

ប៉ុន្តែក្រោយយល់ដឹងអំពីបច្ចេកវិទ្យាជួញដូរប្រាក់ឌីជីថល និស្សិតវ័យ ២២ឆ្នាំរូបនេះបានសម្រេចចិត្តបង្ហោះរូបថតរបស់ខ្លួននៅលើវិទិការជួញដូរឈ្មោះ OpenSea ដោយដាក់ចំណងជើងថា Ghozali Everyday។
គាត់បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា “ខ្ញុំគិតថាវាប្រហែលជារឿងគួរអោយអស់សំណើច ប្រសិនមាននរណាម្នាក់ប្រមូលយកមុខរបស់គាត់ (រូបថត)។ ខ្ញុំមិនដែលគិតថា មានគេចង់ទិញរូបថតសែលហ្វីសោះ ដែលវាជាមូលហេតុខ្ញុំដាក់តម្លៃត្រឹម ៣ដុល្លារ”។ ប៉ុន្តែនៅថ្ងៃសុក្រម្សិលមិញនេះ រូបថតសែលហ្វីមួយសន្លឹករបស់គាត់មានតម្លៃ ៨០៦ដុល្លារជារូបិយព័ណ្ណគ្រីបតូ ក្រោយពេលតម្រូវការកើនឡើង។

លោក Sultan Gustaf Al Ghozali បានចាប់ផ្តើមបង្ហោះរូបថតសែលហ្វីរបស់គាត់នៅចុងខែធ្នូ ប៉ុន្តែមិនមានការចាប់អារម្មណ៍ឡើយរហូតដល់មេចុងភៅល្បីម្នាក់បានធ្វើការទិញរូបថតសែលហ្វីរបស់គាត់មួយចំនួននៅសប្តាហ៍មុន និងបានផ្សព្វផ្សាយ Sultan Gustaf Al Ghozali នៅលើគណនេយ្យបណ្តាញសង្គមរបស់គាត់ ដែលធ្វើឲ្យការលក់បានចាប់ផ្តើម។
រយៈពេលពីរបីថ្ងៃបន្ទាប់ មនុស្សជាង ៤០០នាក់បានធ្វើការទិញរូបថតសែលហ្វីនោះ។ គិតត្រឹមថ្ងៃសុក្រល្ងាចម្សិលមិញ បណ្តុំរូបថតរបស់គាត់បានហក់ឡើងដល់ ៣១៧ អេធើរ (ether) ដែលមានតម្លៃជាប្រាក់ជាង ១លានដុល្លារ។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានដោយភាពរីករាយ និងអស់សំណើចថា “និយាយតាមត្រង់ ខ្ញុំនៅតែមិនទាន់មានភាពក្លាហានក្នុងការប្រាប់ឪពុកម្តាយរបស់ខ្ញុំ។ ពួកគាត់ប្រហែលឆ្ងល់ថាតើខ្ញុំបានលុយនោះមកពីណា”។ នៅលើគណនេយ្យ Twitter លោកតែងតែធ្វើការបង្ហោះពីទិន្នន័យនៃការលក់ទាំងនោះ។



“ថ្ងៃនេះ ខ្ញុំលក់រូបថតសែលហ្វីបានជាង ២៣០សន្លឹក ហើយរហូតមកដល់ពេលនេះខ្ញុំនៅតែមិនយល់ថាហេតុអ្វីអ្នកចង់ទិញរូបថតរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំអរគុណទាំងអស់គ្នាព្រោះរយៈពេល ៥ឆ្នាំនៃការប្រឹងប្រែងរបស់ខ្ញុំបានតបស្នងវិញ”៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ