រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការអំពាវនាវស្នើឲ្យវិស័យធនាគា និងហិរញ្ញវត្ថុក្នុងស្រុក និងក្រៅស្រុក ចូលរួមទិញគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ធនាគាក្នុងស្រុកមួយបានសម្រេចបោះទុនទិញបំណុលក្នុងតម្លៃ១០លានដុល្លារពីគម្រោងព្រលានយន្តនេះ ។
ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចវិនិយោគ១០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោក ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយឧកញ៉ា លី ឃុនថៃជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ។
ធនាគារបានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីមូលបត្របំណុលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ត្រូវនឹងទឹកប្រាក់សរុប៣៩០លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC) ។
អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
គួររំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ីនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ។
សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រ លានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕
ចែករំលែកព័តមាននេះ