ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ បំបែកសំបុក​ក្រុម​ចោរ ចាប់ខ្លួន​ ៥​នាក់ ក្នុង​ចំណោម​បក្ខពួក​ ៩​នាក់

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ កម្លាំង​នគរបាល​ស្រុក​កំពង់​សីលា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ កម្លាំង​នគរបាល​ស្រុក​កំពង់​សីលា និង​កម្លាំង​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​បំបែកសំបុក​ក្រុម​ចោរ (​ធាក់​ម៉ូតូ​ផ្តួល រួច​ប្រើ​ដាវ កាំ​ប៉ិត​បុ័ងតោ ដំបង​ដែក​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ ព្រមទាំង​សម្ភារៈ​មាន​តម្លៃ​) ដោយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្ដបន្ទាប់​ចំនួន ៥​នាក់ ក្នុង​ចំណោម​បក្ខពួក ៩​នាក់ ។

ករណី​ធាក់​ប្លន់ និង​កាប់​យក​ទ្រព្យសម្បត្តិ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​ជនសង្ស័យ មាន​គ្នា​០៥​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង (​ម៉ាក​ហុងដា ស្គុ​ប​ពី ស៊េរី​ឆ្នាំ​២០២២ ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1S-8446 និង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ស្លាក​លេខ កំពត 1R-7442) បាន​ធ្វើ​សកម្មភាព ធាក់​ផ្តួល​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ ធ្វើ​ដំណើរ​តាម​ផ្លូវ ដោយ​បុរស​ជា​អ្នក​បើក​ម៉ូតូ រីឯ​នារី​ជា​សង្សារ​ជិះ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រង​របួស បន្ទាប់​មក​ក្រុម​ជនសង្ស័យ បាន​ប្រើ​ដាវ កាំ​ប៉ិត​បុ័ងតោ ដំបង​ដែក​កាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បន្ថែម​ទៀត ប្លន់​យក​ម៉ូតូ ០១​គ្រឿង ម៉ាក Honda Scoppy-I ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1R-6102 ព្រមទាំង​ប្លន់​យក​កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ប្រផេះ មាន​ទូរស័ព្ទ​ដៃ ០២​គ្រឿង ម៉ាក iPhone11 pro ពណ៌​ខ្មៅ iPhone8 ពណ៌​ខ្មៅ និង​គ្រឿងសម្អាង​មួយ​ចំនួន កាបូប​តូច​វែង ០១ ពណ៌​ខ្មៅ មាន​លុយ​ខ្មែរ ចំនួន ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) និង​កាត់​ផ្សេង​ៗ មួយ​ចំនួន រួច​ជិះ​គេចខ្លួន​បាត់ ។

ជន​រង​គ្រោះ​ទាំង ០២​នាក់ រួម​មាន ៖
ទី​១-​ឈ្មោះ តាត់ ភ​ត្ត្រា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ វិមាន​ខ្សាច់​ស មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
និង​ទី​២-​ឈ្មោះ ប្រាក់ ច័ន្ទ​ដា​លី​ន ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សម្ភារ​ដែល​បាត់បង់ រួម​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក Honda Scoppy-I
-​កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ប្រផេះ
-​ទូរស័ព្ទ​ដៃ ០២ គ្រឿង (​ម៉ាក iPhone11 pro និង iPhone8)
-​គ្រឿងសម្អាង​មួយ​ចំនួន
-​កាបូប​លុយ​តូច​វែង ០១ ពណ៌​ខ្មៅ
-​លុយ​ខ្មែរ ចំនួន ២០០,០០០៛ (​ម្ភៃ​ម៉ឺន​រៀល​)
-​អត្តសញ្ញាណប័ណ្ណ ០២​សន្លឹក និង​កាត​ចាក់​វ៉ាកសាំង ០២​សន្លឹក ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ កម្លាំង​នគរបាល​ស្រុក​កំពង់​សីលា និង​កម្លាំង​នគរបាល​ស្រុក​ស្ទឹង​ហាវ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ដាក់​កម្លាំង​តាម​ដងផ្លូវ​ត្រង់​ចំណុច​សំខាន់ ដើម្បី​ចាំ​ស្ទាក់​ចាប់​ជនសង្ស័យ រហូត​ដល់​វេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល ទើប​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៤​នាក់ ជា​ជនជាតិ​ខ្មែរ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រីឯ​ជនសង្ស័យ ០១​នាក់ ទៀត ជា​ជនជាតិ​ខ្មែរ បាន​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ស្វែងរក​ចាប់ខ្លួន ។

ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​បន្ត​ការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០៣​និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ ធ្វើការ​ចាប់​ឃាត់ខ្លួន​បក្ខពួក​របស់​ជនសង្ស័យ​បាន ០១​នាក់​ទៀត ជា​ជនជាតិ​ខ្មែរ ភេទ​ប្រុស ។

ជនសង្ស័យ​ទាំង​០៥​នាក់ រួម​មាន ៖
១-​ឈ្មោះ ហុ​ក ចិ​ត្រា ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ រាជធានី​ភ្នំពេញ (​មិន​ពិតប្រាកដ​) ។
២-​ឈ្មោះ ព្រំ ឈៀង​សៀវ​ថង ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សឹង ឃុំរ​ការ​ខ្នង ស្រុក​ដូន​កែវ ខេត្តតាកែវ ។
៣-​ឈ្មោះ ហន ប៊ុ​ន​ថុ​ង ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។
៤-​ឈ្មោះ យ៉ាង វាសនា ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ឃុំ​ព្រែក​ប្រើស ស្រុក​កំពង់ត្រាច ខេត្តកំពត ។
៥-​ឈ្មោះ អំ ពេ​ជ ហៅ ពេជ្រ ភេទ​ប្រុស មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

វត្ថុ​តាង ដកហូត​បាន រួម​មាន ៖
-​កាំ​ប៉ិត​បុ័ងតោ ០១​ដើម (​ឧបករណ៍​ធ្វើ​សកម្មភាព​)
-​កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ប្រផេះ មាន​គ្រឿងសម្អាង​មួយ​ចំនួន (​ផល​នៃ​អំពើ​ប្លន់​)
-​កាបូប​លុយ​តូច​វែង ០១ ពណ៌​ខ្មៅ មាន​កាត់​ផ្សេង​ៗ​មួយ​ចំនួន (​ផល​នៃ​អំពើ​ប្លន់​)
-​ទូរ​សព្ទ​ដៃ ០១​គ្រឿង ម៉ាក iPhone11 pro ពណ៌​ខ្មៅ (​ផល​នៃ​អំពើ​ប្លន់​)
-​ម៉ូតូ​ចំនួន ០៥​គ្រឿង រួម​មាន ៖

១-​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ឡើង​តែម​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ស្លាក​លេខ កំពត 1R-7442 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព និង​ជា​ផល​នៃ​អំពើ​ប្លន់​នៅ​ខេត្តកំពត​)
២-​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ (​ផល​នៃ​អំពើ​ប្លន់​)
៣-​ម៉ាក Honda Scoppy-I ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ពាក់​ស្លាក​លេខៈ ព្រៃវែង 1R-6102 (​ផល​នៃ​អំពើ​ប្លន់​)
៤-​ម៉ាក Honda Scoppy ស៊េរី​ឆ្នាំ​២០២១ ពណ៌​ស ពាក់​ស្លាក​លេខៈ កំពត 1S-8446 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​)
៥-​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ឡើង​តែម​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ស្លាក​លេខៈ កំពត 1Q-7988 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​) ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ក្រុម​បក្ខពួក​របស់​គេ ដែល​ចេញ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តួល រួច​ប្រើ​ដាវ កាំ​ប៉ិត​បុ័ងតោ ដំបង​ដែក​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ ព្រមទាំង​សម្ភារ​មាន​តម្លៃ សរុប​មាន​គ្នា ចំនួន ០៩​នាក់ ដោយ​បច្ចុប្បន្ន ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន ០៥​នាក់ ។

បើ​តាម​ប្រវត្តិ​ធ្វើ​សកម្មភាព ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ៖
១-​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ ពួក​គេ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តួល រួច​ប្រើ​ដាវ កាំ​ប៉ិត​បុ័ងតោ ដំបង​ដែក​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ ព្រមទាំង​សម្ភារៈ​មាន​តម្លៃ​បាន​ចំនួន ០៨​ករណី ។
២-​នៅ​ខេត្តកំពត ពួក​គេ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តួល រួច​ប្រើ​ដាវ កាំ​ប៉ិត​បុ័ងតោ ដំបង​ដែក​កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ ព្រមទាំង​សម្ភារ​មាន​តម្លៃ បាន​ចំនួន ០៥​ករណី ។
៣-​នៅ​រាជធានី​ភ្នំពេញ ពួក​គេ​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ផ្តួល រួច​ប្រើ​ដាវ ,​កាំ​ប៉ិត​បុ័ងតោ ,​ដំបង​ដែក កាប់ និង​វាយ​ប្លន់​យក​ម៉ូតូ​ព្រមទាំង​សម្ភារ​មាន​តម្លៃ បាន​ចំនួន ០៦​ករណី ។
៤-​នៅ​ខេត្តតាកែវ មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តតាកែវ ផង​ដែរ ។

ចំពោះ​ជនសង្ស័យ ទាំង​៥​នាក់​ខាងលើ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំពោះ​បក្ខពួក​របស់​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន មក​ផ្ដន្ទាទោស​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ