ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះសីហនុ នឹង​បា.ញ់​កាំជ្រួច ២​យប់ ដើម្បី​អប​អរ​សាទរ​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០

4 ខែ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការបាញ់​កាំជ្រួច នៅ​យប់​ថ្ងៃទី​១៨-១៩ ខែមករា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០…

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការបាញ់​កាំជ្រួច នៅ​យប់​ថ្ងៃទី​១៨-១៩ ខែមករា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២​។

​រាជរដ្ឋាភិបាល បាន​យល់ព្រម​ឲ្យ​ក្រសួងទេសចរណ៍ រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ( NTO ) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន និង​ការតាំងពិព័រណ៍​ទេសចរណ៍ ( Travex ) នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២២​។​

​តាម​សេចក្តីប្រកាស សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នា​ថ្ងៃទី​១៨ ខែមករា ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា រដ្ឋសភា​កម្ពុជា អង្គទូត​នានា និង​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន ព្រមទាំង​ក្រុមហ៊ុន​ជាតិ​-​អន្តរជាតិ​។​

​កម្ពុជា បានចាត់ទុក​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍ ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ បន្ទាប់ពី​រង​ការរំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ អស់​ពេល​ជាង ២​ឆ្នាំ​មកនេះ​។ ព្រឹត្តិការណ៍​អន្តរជាតិ នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ ក៏​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ ក្នុង​តំបន់​អាស៊ាន​។​

​តាម​គម្រោង ក៏មាន​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដល់​ប្រតិភូ​អាស៊ាន និង​អ្នកចូលរួម​ជាតិ​-​អន្តរជាតិ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ដោយនៅ​មុនពេល​ធ្វើដំណើ​រ​មក​ប្រទេស​កម្ពុជា អ្នកចូលរួម​ទាំងអស់ ត្រូវមាន​ប័ណ្ណ ឬ​ឯកសារ​បញ្ជាក់ថា បានទទួល​ការចាក់​វ៉ាក់សាំង និង​ត្រូវ​ធ្វើតេស្ត PCR រយៈពេល ៧២​ម៉ោង មុន​ធ្វើដំណើរ​មកដល់​កម្ពុជា​។ នៅពេល​ពួកគេ​មកដល់​ប្រទេស​កម្ពុជា ត្រូវ​ទទួល​ការធ្វើ​តេស្ត ដោយ​មន្ត្រី​សុខាភិបាល​កម្ពុជា នៅ​អាកាសយានដ្ឋាន​។ ម្យ៉ាងទៀត នៅ​មុនពេល​ចូលក្នុង​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ប្រារព្ធ​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​នោះ ក៏ត្រូវ​ទទួល​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ បន្តទៀត​ដែរ​។​

​តាម​គម្រោង ប្រសិនបើ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្រុមមន្ត្រី​ចំពោះ​កិច្ច នឹង​បញ្ជូន​ឱ្យ​ពួកគេ​ទៅ​សម្រាក​ព្យាបាល នៅ​សណ្ឋាគារ​ក្រវាន់ ដែល​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ប្រសិន​ធ្វើតេស្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​ផ្នែក​ដាច់ដោយឡែក​មួយ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។

​ឣំ​ឡុង​ពេល​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់ជាតិ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន​-​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ក៏​នឹងមាន​កម្មវិធី​ដាំ​ដើមឈើ កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច ទៅកាន់​កោះ​នានា​ផងដែរ ដែលជា​ការបោះ​ជំហាន​ដ៏​ធំ បង្ហាញ​ពី​ការត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល ក្នុង​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​៕​

Picture
Picture
Picture
Picture
Picture