ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេសិតពិសេស​ប្រធាន​អាស៊ាន ឆ្លើយតប​នឹង​ការរិះគន់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​មី​យ៉ាន់​ម៉ា​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​មកដល់​មាតុ​ប្រទេស​វិញ ដោយ​សុវត្ថិភាព បន្ទាប់ពី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ…

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​មកដល់​មាតុ​ប្រទេស​វិញ ដោយ​សុវត្ថិភាព បន្ទាប់ពី​បំពេញ​ទស្សនកិច្ច ២​ថ្ងៃ នៅ​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​៧-៨ ខែមករា ឆ្នាំ​២០២២​។ ប្រមុខ​ការទូត​កម្ពុជា ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទទួលបន្ទុក​មី​យ៉ាន់​ម៉ា លោក ប្រាក់ សុខុន បាន​ចាត់ទុកថា ទស្សនកិច្ច​ការងារ​រ​បស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​មី​យ៉ាន់​ម៉ា គឺជា​ចំណុច​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ស្មារតី​ចូលរួមចំណែក​របស់​ក​ម្ពុ​ជា ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ព្រមទាំង​សំដៅ​ធានា​ឱ្យបាន​ថា អាស៊ាន នឹង​ពេញ​ឡើងវិញ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ក្រោយពេល​ត្រឡប់មក​កម្ពុជា​វិញ នៅរសៀលថ្ងៃទី៨មករានេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា សុខមាលភាព និង​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​គ្រប់រូប ដោយ​គ្មាន​ការរើសអើង គឺជា​ស្នូល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។​

​ជាមួយគ្នានេះ លោក​ប្រមុខ​ការទូត​កម្ពុជា ដែលជា​ប្រេ​សិន​ប្រធាន​អាស៊ាន ទទួលបន្ទុក​មី​យ៉ាន់​ម៉ា បាន​ឆ្លើយតប​នឹង​ការរិះគន់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​មី​យ៉ាន់​ម៉ា ពេលនេះ​។​

​លោក ប្រាក់ សុខុន លើកឡើងថា «…​ការដែល​គេ​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា គឺថា ជួយ​ទទួលស្គាល់​របប​នៅ​ទីក្រុង​ណៃ​ពិដោ​។ ប៉ុន្តែ​តាម​ការពិត ដូច​ខ្ញុំ​បាន​បកស្រាយ​កន្លង​ទៅហើយ គឺថា បើ​យើង​និយាយ​ពី​ការទទួលស្គាល់​ហ្នឹង គឺ​វា​ជា​ពាក្យ​មួយ​ដែល​មិន​… មិន​… មិនចាំបាច់​នៅក្នុង​ការលើក​នៅទីនេះ​ទេ ពីព្រោះ​ប្រទេស​នានា បាន​រក្សា​នូវ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ជាមួយនឹង​របប​ក្រុង​ណៃ​ពិដោ រហូតមកដល់​សព្វថ្ងៃ​នេះ​។ នៅក្នុង​ចំណោម​ស្ថានទូត ស្ថាន​បេសកកម្ម​របស់​មី​យ៉ាន់​ម៉ា ជាង ៤០​ស្ថានទូត នៅ​ជុំវិញ​ពិភពលោក គឺ​គ្រប់​ស្ថានទូត​ទាំងអស់ ត្រូវបាន​រក្សា​ទំនាក់ទំនង​ការទូត​ទាំងអស់ ត្រូវបាន​រក្សា សូម្បីតែ​ប្រទេស​នានា ដែល​បន្ត​ទំនាក់ទំនង ក៏មាន​ស្ថានទូត​នៅ​ទីក្រុង​យ៉ាង​ហ្គូ ហើយ​បន្ត​ទំនាក់ទំនង​ការទូត ធ្វើការ​ធម្មតា​ជាមួយ​ទីក្រុង​ណៃ​ពិដោ ផងដែរ​។ អីចឹង នេះ​មិនមែនជា​ការទទួលស្គាល់​អី​ទេ គ្រាន់តែ​ជាការ​បន្ត​បំពេញការងារ​រវាង​ប្រទេស​យើង​ទាំងពីរ​តែប៉ុណ្ណោះ​»​។​

​សូម​រម្លឹកថា នៅពេល​អញ្ជើញ​ទៅដល់​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៧​មករា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ភ្លាម ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ មីន អោ​ង​ឡាំង​។ នៅ​យប់​ថ្ងៃទី​៧​មករា កម្ពុជា​-​មី​យ៉ាន់​ម៉ា បានចេញ​សេចក្តីប្រកាស​រួម អំពី លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។ 

​សេចក្តីប្រកាស លើកឡើងថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​ជា​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​០៧-០៨ ខែមករា ឆ្នាំ​២០២២​។​

​នៅក្នុង​ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី និង​បញ្ហា​តំបន់​មួយចំនួន ដែលជា​ផលប្រយោជន៍ និង​ក្តីកង្វល់​រួម​។ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ជម្រាបជូន​គ្នា​ទៅវិញទៅមក អំពី​ការវិវត្ត​ថ្មីៗ​នៅក្នុង​ប្រទេស​រៀងៗ ខ្លួន​។

​ទាក់ទង​នឹង​ការវិវត្ត​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ជម្រាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានប្រកាស​បទ​ឈប់​បាញ់​គ្នា ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​ទាំងអស់ ក្នុង​រយៈពេល ៥​ខែ រហូតដល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២២ និង​បានសម្រេច​ពន្យារ​បទ​ឈប់​បាញ់​គ្នា​បន្ថែមទៀត រហូតដល់​ចុងឆ្នាំ​២០២២​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យទទួល​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាជន បញ្ឈប់​រាល់​អំពើហិង្សា និង​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ខ្ពស់បំផុត ដែល​ទង្វើ​ទាំងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​តានតឹង និង​បើកផ្លូវ​ឱ្យមាន​កិច្ចសន្ទនា ប្រកបដោយ​ស្មារតី​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ឈានទៅ​សម្រេចបាន​នូវ​ស​ន្ថិ​ភាព​យូរអង្វែង និង​ការអភិវឌ្ឍ​ជាតិ​។

​ក្នុងន័យនេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្តីពី មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់​បាញ់ ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច​។ ជំហាន​ដ៏​សំខាន់​នេះ ត្រូវ​បានចែង​ក្នុង​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។​

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា ជាពិសេស​ប្រជាជន​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) និង​ក្រុមការងារ​ថ្នាក់ជាតិ​ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះមហន្តរាយ សង្គម​កាកបាទក្រហម​មី​យ៉ាន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ដែល​ពាក់ព័ន្ធ​។​

​ភាគី​ទាំងពីរ បានទទួល​ស្គាល់​នូវ​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុងការ​បង្កើតឱ្យមាន​យន្តការ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប ដើម្បី​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស្រប​ជាមួយនឹង​ការផ្ដល់​ជំនួយ​មនុស្សធម៌​អោយមាន​ប្រសិទ្ធភាព​ដល់​ប្រជាជន​ដែល​ត្រូវការ​បំផុត ដោយ​គ្មាន​ការរើសអើង ដោយហេតុថា គ្មាន​អ្វីដែល​សំខាន់​ជាង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះឡើយ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ចូលកាន់​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ស្វាគមន៍​ចំពោះ​ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា និង​បាន​សន្យា​ផ្តល់​ការគាំទ្រ​ដល់​ប្រេសិត​ពិសេស​ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ស្របតាម​ធម្មនុញ្ញ​អាស៊ាន​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ ក៏បាន​សង្កត់ធ្ងន់ថា ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច គួរតែ​ជាការ​បំពេញបន្ថែម​ដើម្បី​សម្រេចបាន​ផែនទី​បង្ហាញផ្លូវ​ប្រាំ​ចំណុច​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​អំពី​ភាពជោគជ័យ​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា ដែល​សម្រេចបាន​នូវ​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ សម្តេច​តេ​ជោ ក៏បាន​សង្កត់ធ្ងន់ថា តាម​បទពិសោធន៍ និង​មេរៀន​ដែល​កម្ពុជា​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​, សន្តិភាព​ពេញលេញ និង​ការបង្រួបបង្រួម​ជាតិ មិនអាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការ​ព្រមព្រៀងគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ក្នុង​ស្មារតី​នេះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ បាន​ធានា​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា និង​ការជួប​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការ​ប្រដាប់អាវុធ​ជនជាតិភាគតិច ដោយ​ពិចារណា​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា​។​

​ភាគី​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព ដែលមាន​ស្រាប់​រវាង​ប្រជាជន​ទាំងពីរ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​ពិភពលោក​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្រាប់​ជំនួយ​បន្ថែមទៀត រួមមាន ម៉ាស់​ចំនួន ៣.២០០.០០០ ឯកសណ្ឋាន​ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍​តាមដាន​អ្នកជំងឺ ចំនួន ៥០​គ្រឿង ឧបករណ៍​ផលិត​អុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយចំនួនទៀត ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​កិច្ចប្រជុំ​ខាងលើ បានបញ្ចប់​ទៅក្នុង​បរិយាកាស​យល់​គ្នា​ទៅវិញទៅមក និង​ដោយ​ស្មោះត្រង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ