រាជធានីភ្នំពេញ ៖ តាមកិច្ចសន្ទនាទ្វេភាគីរវាងសម្តេចតេជោ និងលោក មីន អោងឡាំង ធ្វើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បា.ញ់គ្នា ជាមួយអង្គការប្រដាប់អាវុធងាកមកចរចាគ្រប់ភាគី។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។
នៅក្នុងជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសរៀងៗ ខ្លួនទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បា.ញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បា.ញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២ ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ជាន់ ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជនបញ្ឈប់រាល់អំពើហិ.ង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងភាគីពាក់ព័ន្ធទាំងអស់សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ ។
ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បា.ញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច របស់អាស៊ាន ។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុតថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើងដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេស ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិសន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។
ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋភិបាល និងប្រជាជនកម្ពុជាសម្រាប់ជំនួយបន្ថែមទៀត រួមមានម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន៥០គ្រឿង ឧបករណ៍តាមដានអ្នកជំងឺចំនួន៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែនចំនួន៥០គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ។ កិច្ចប្រជុំខាងលើបានបញ្ចប់ទៅក្នុងបរិយាកាសយល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ