ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួលមិត្តភក្តិផឹកស៊ី​ ស្រវឹងដេកលក់ លួច​វ៉ៃ​បំបាក់​ជើង! ជនដៃដល់ ត្រូវចាប់ខ្លួន ជនរងគ្រោះបញ្ជូន​ទៅពេទ្យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មានករណីហឹង្សាមួយ កើតឡើងដោយចេតនា នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង…

ខេត្តបន្ទាយមានជ័យ៖ មានករណីហឹង្សាមួយ កើតឡើងដោយចេតនា នៅវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នោះគឺ​បុរស២នាក់ ជាមិត្តភក្តិនឹងគ្នា បានបបួលគ្នាផឹកស៊ីនៅផ្ទះ ដល់ពេលស្រវឹង ដេកលក់ ក៏ត្រូវបុរសមិត្តភក្តិ វ៉ៃបំបាក់ជើង។ ក្រោយកើតហេតុ ជនដៃដល់ ត្រូវចាប់ខ្លួន ចំណែកជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុថ្មពួក បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ម៉ន រដ្ឋា ភេទប្រុស អាយុ ៣៩ឆ្នាំ។ រីឯ​ជនរងគ្រោះឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ ៣២ឆ្នាំ។ ទាំង ២នាក់ ជាមិត្តភក្តិនឹងគ្នា រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការ បានបញ្ជាក់ថា តាមការសាកសួរ ជនដៃដល់ និយាយថា ពួកគេទាំង ០២នាក់ ជាមិត្តភក្តិនឹងគ្នា។ នៅមុនពេលកើតហេតុ គេបានបបួលជនរងគ្រោះ មកផឹកស៊ី នៅផ្ទះរបស់ខ្លួន។ ដោយស្រវឹងខ្លាំង ជនរងគ្រោះ បានដេកលក់ ខណៈនោះ រូបគេបានយកដែកស្បែង ទំហំមុខកាត់ ប្រហែល ២០លី និងប្រវែង ៦០សង់ទីម៉ែត្រ វាយចំជើងជនរងគ្រោះ ដែលកំពុងតែដេកលក់ ចំនួន ០៣ដង បណ្តាលអោយបាក់ស្មងជើង ខាងឆ្វេងតែម្តង។ ចំពោះមូលហេតុ ដោយសារតែខ្លួនខឹងនឹងឈ្មោះ ជា សាម៉ុន បានលួចបន្តោងខ្សែករូបព្រះ ធ្វើអំពីប្រាក់កាក់របស់ខ្លួនជាច្រើនលើកច្រើនសា។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនដៃដល់ ដើម្បី​អនុវត្តតាមនីតិវិធី​។ ចំណែកជនរងគ្រោះ ត្រូវ​បានដឹកទៅ​សង្រ្គោះ នៅមណ្ឌលសុខភាពបឹងត្រកួន តែដោយរបួសធ្ងន់ធ្ងរបានបន្តដឹកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក​ស្រុកថ្មពួក៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ