បុរសជាច្រើនស្ទាក់ស្ទើរក្នុងការទៅពិគ្រោះអំពីបញ្ហាលិង្គមិនងើបរឹងរបស់ខ្លួនជាមួយគ្រូពេទ្យជំនាញ ។ បើមើលឱ្យស៊ីជម្រៅ រឿងនេះមិនត្រឹមតែជាបញ្ហាដែលប៉ះពាល់ដល់ជីវិតផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរនៅកន្លែងណាមួយលើរាងកាយរបស់មនុស្សម្នាក់ ជាពិសេសគឺបេះដូងតែម្តង ។
*តើមានទំនាក់ទំនងអ្វីរវាងលិង្គមិនងើបនិងជំងឺបេះដូង ?
ជាទូទៅ មនុស្សមួយចំនួនពិតជាដឹងហើយថា អសមត្ថភាពនៃសរសៃឈាមអាក់ទែក្នុងការពង្រីកខ្លួនឱ្យបានពេញលេញព្រមទាំងភាពរឹងជាបន្តបន្ទាប់ត្រូវបានគេស្គាល់ថា ជាមូលហេតុ ចម្បងនៃជំងឺបេះដូង និងអាចនាំទៅរកការកើតមានជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ព្រមទាំងការស្លាប់ភ្លាមៗបាន ។
និយាយដោយសង្ខេប បញ្ហានេះកើតឡើងនៅពេលដែលស្រទាប់ខាងក្នុងនៃសរសៃឈាម endothelium រងការខូចខាតនិងប្រមូលផ្តុំដោយកំណកដុំខ្លាញ់ ជាហេតុបណ្តាលឱ្យវារួមតូចទៅៗបង្កជាឧបសគ្គដល់លំហូរឈាមទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយក្នុងនោះបូករួមទាំងបេះដូងនិងលិង្គផងដែរ ។
កង្វះខាតលំហូរឈាមទៅកាន់លិង្គជារឿយៗលទ្ធផលដែលគេទទួលបានគឺកើតមានជំងឺងាប់លិង្គ ហើយនេះក៏ជាមូលហេតុដែលជំងឺលិង្គមិនងើបត្រូវបានគេហៅឈ្មោះថា «កូនចាបក្នុងខោជាបញ្ហាបេះដូង» ។
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អ្នកវិទ្យាសាស្ត្រអូស្ត្រាលីទៅលើបុរស៩ម៉ឺន៥ពាន់នាក់បានរកឃើញថា អ្នកដែលកើតមានបញ្ហាលិង្គមិនងើបរឹង ជួបហានិភ័យខ្ពស់ពីជំងឺផ្សេងៗដែលទាក់ទងនឹងបេះដូង ក្នុងនោះមានដូចជា ៖
-ខ្សោយបេះដូង
-ដាច់សរសៃឈាមខួរក្បាល
-ជំងឺសរសៃឈាម PVD
-ជំងឺសរសៃឈាមអាក់ទែបេះដូងCAD។ល។
បណ្តាបុរសដែលមានបញ្ហាលិង្គមិនងើបរឹងធ្ងន់ធ្ងរនិងធ្លាប់មានប្រវត្តិកើតមានបញ្ហាបេះដូង គឺច្រើនជាង៦០ភាគរយប្រឈមនឹងការចូលដេកពេទ្យឬស្លាប់ពីជំងឺនានាដែលទាក់ទងនឹងបេះដូង។ ដោយឡែក សម្រាប់អ្នកដែលគ្មានបញ្ហាបេះដូង តែកើតមានបញ្ហាលិង្គមិនងើបរឹងយ៉ាងធ្ងន់ធ្ងរ គឺប្រឈមនឹងការស្លាប់មុនអាយុត្រឹម៣៥ភាគរយ ។ ឯអ្នកដែលកើតមានបញ្ហាលិង្គមិនងើបរឹង ប៉ុន្តែមិនទាន់ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរគឺប្រឈមនឹងការស្លាប់ពីជំងឺដែលទាក់ទងនឹងបេះដូងក្រោម៣៥ភាគរយ ។
យ៉ាងណាក៏ដោយ ការរកឃើញខាងលើនេះមិនមែនមានន័យថា រាល់បុគ្គលដែលមានបញ្ហាលិង្គមិនងើបរឹងគឺសុទ្ធតែកើតមានបញ្ហាបេះដូងនោះទេ ប៉ុន្តែអ្វីដែលជាសារសំខាន់គឺថា វាអាចជាកត្តាមួយដែលចូលរួមរំលែក ។ នេះពីព្រោះ លិង្គមិនងើបគឺកើតឡើងដោយសារការផ្គត់ផ្គង់ឈាមមិនបានគ្រប់គ្រាន់ ហើយបើដូច្នេះ យូរនិងឆាប់ បេះដូងនឹងពិតជាមានបញ្ហា ។
ក្នុងបរិបទមួយផ្សេងពីនេះ លិង្គមិនងើបរឹងអាចបណ្តាលមកពីកត្តាដទៃទៀតក្រៅពីនេះក្នុងនោះមានដូចជា កត្តាផ្លូវចិត្តនិងកត្តារបបអាហារជាដើម ។
ដូចគ្នានេះដែរ ការថប់អារម្មណ៍ ភាពរឹងរូស ការភ័យខ្លាច និងភាពគ្មានទំនក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនគឺជាកម្លាំងមួយដែលបំផ្លិចបំផ្លាញដល់ថាមពលភេទទាំងបុរសនិងស្ត្រីផងដែរ ៕
ចែករំលែកព័តមាននេះ