ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កម្ពុជា​ជាង​១០០​នាក់ ត្រៀម​ជា​ស្រេច សម្រាប់​ព្រឹត្តិការណ៍ Hangzhou Asian Games ២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ប្រកបដោយ​ភាព​ម៉ត់ចត់ ក្រោយ​ការ​បើក​ប្រទេស​ដែល​ការ​ត្រៀមខ្លួន​នេះ

​រាជធានីភ្នំពេញ ៖ កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ប្រកបដោយ​ភាព​ម៉ត់ចត់ ក្រោយ​ការ​បើក​ប្រទេស​ដែល​ការ​ត្រៀមខ្លួន​នេះ មិន​មែន​សម្រាប់​តែ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម និង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ត្រៀមខ្លួន ដើម្បី​ការ​ប្រកួត Hangzhou Asian Games ២០២២ នៅ​ប្រទេស​ចិន​ផង​ដែរ​។ ថ្នាក់ដឹកនាំ​វិស័យ​កីឡា​បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ហើយ ក្នុង​ការ​ដឹកនាំ​កីឡាករ​ កីឡាការិនី​មួយ​ចំនួន ក្នុង​ចំណោម​អ្នក​កំពុង​បង្វឹក​ត្រៀមខ្លួន​រហូត​ដល់​ជាង​១០០​នាក់ ដើម្បី​ចូល​ប្រកួត​ដណ្ដើម​មេដាយ នៅ​ក្នុង​ការ​ប្រមូលផ្តុំ​កីឡា​ដ៏​ធំ​បំផុត​របស់​ទ្វីប​មួយ​នេះ​។

ទីក្រុង Hangzhou ដែល​ជាទី​ក្រុង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​ការ​ប្រកួត​កីឡា Asian Games​មួយ​នេះ នៅ​ឆ្នាំ​២០២២ ដោយ​ការ​ប្រកួត​ទាំងមូល គឺ​នឹង​ដំណើរការ ចាប់ពី​ថ្ងៃ​ទី 10 ដល់​ថ្ងៃ​ទី 25 ខែកញ្ញា ឆ្នាំ 2022​។ កម្ពុជា​បាន​ត្រៀមខ្លួន​ច្បាស់​ណាស់ សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយ​កីឡាករ​សម្រាប់​ប្រកួត​វិញ្ញាសារ​សំខាន់​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ចិន​ស្រាប់ ដើម្បី​ពង្រឹងសមត្ថភាព​ផង​ដែរ​។

មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ថា កម្ពុជា​បាន​ទទួល​ការ​អញ្ជើញ​ពី​អ្នក​រៀបចំ​កម្មវិធី​ចិន​រួច​ហើយ ហើយ​កម្ពុជា​ក៏​រៀប​កម្លាំង​យ៉ាង​ច្បាស់ នៅ​ដើមឆ្នាំ​២០២២​នេះ​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​លើក​ឡើង​ថា ​ក្រោយ​ពី​យើង​បាន​ទទួល​ការ​អញ្ជើញ គឺ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ 2022 មួយ​នេះ​។ កម្ពុជា​បាន​ប្រកាស​ជា​ស្រេច​ថា​នឹង​ជួប​គ្នា​នៅ​ទីក្រុង Hangzhou ហើយ​គឺជា​ជំនួប​ដែល​ច្បាស់លាស់ និងម៉ត់ចត់​ ។​

លោក​​បាន​បន្ត​ថា ទោះជា​មាន​កូ​វីដ​១៩ ប៉ះពាល់ តែ​កម្ពុជា​ត្រៀម​ជា​ស្រេចក្នុង​ការ​ការ​ចូលរួមនៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ នៅ​ក្នុង​ប្រទេស​ចិន​។ ​លោក​​បាន​លើក​ឡើង​ថា កម្ពុជា​ធ្លាប់​មាន​ក្តី​បារម្ភ​ថា នឹង​ពិបាក​ក្នុង​ការ​ចូល​ប្រកួត​កីឡា​អាស៊ី Hangzhou ឆ្នាំ 2022 ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ ត្រូវ​ចំ​នឹង​ប្រតិទិន​ដ៏​មមាញឹក​របស់​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ស៊ី​ហ្គេ​ម​នៅ​វៀតណាម និង ការ​រៀបចំ​ស៊ី​ហ្គេ​ម​របស់​ខ្លួន នៅ​ឆ្នាំ​២០២៣ តែ​ពេល​នេះ កម្ពុជា​បាន​ចាត់ចែង​រៀបចំ​រួច​ហើយ សម្រាប់​ការ​ប្រកួត​។

​លោក​បាន​​បន្ត​​ទៀត​ថា អត្ត​ព​លិ​ក​កម្ពុជា​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ ២០២១ ដែល​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ ២០២២ ហើយ​បន្ទាប់​មក​គឺ​ត្រៀមខ្លួន​ប្រកួត​នៅ​ចិន​។ ក្រៅពី​ការ​ត្រៀមខ្លួន​នេះ កម្ពុជា ក៏ ត្រូវ​មមាញឹក នឹង​ការ ត្រៀម ខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ ២០២៣​។ ឯកឧត្តម​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​កត្តា​មួយ​ដែល​ត្រូវ​ពិចារណា បន្ថែម​ពីលើ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ដែល​មន្ត្រី​កីឡា​ចង់​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​ក្រោយ ដោយសារ​តែ​ការ​លើក​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ការ​ប្រកួត​នៅ​ចិន និង​ការ​ត្រៀម​ខ្ល​ន​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

​លោក​​បន្ត​​ថា កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​រួច​ហើយ ក្នុង​ការចូល​រួម​ក្នុងការជួបជុំ​កីឡា​អន្តរជាតិ​ចំ​ពេល​មាន​ជំងឺ រាត​ត្បាត​កន្លង​មក​។ កាលពីខែសីហា កន្លង​ទៅ គណៈប្រតិភូ​កម្ពុជា ដែល​មាន​សមាជិក៨នាក់ រួម​ទាំង​អត្ត​ព​លិ​ក​៤នាក់ បាន​ទៅ ប្រទេស​ជប៉ុន សម្រាប់ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្រុងតូ​ក្យូ ឆ្នាំ​២០២០ ផង​ដែរ​។

គួរ​កត់​អោយ​សម្គាល់​ផង​ដែរ​ថា អត្ត​ព​លិ​ក​ជម្រើស​ជាតិ​កម្ពុជា ជា​ច្រើន​នាក់ កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ ដូច្នេះ តាម បច្ចេកទេស វា​មិន​ពិបាក​សម្រាប់​ពួក​គេ ក្នុង​ការ​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ Hangzhou នៅ​ចិន​។

NOCC បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា កីឡាករ​កាយសម្ព័ន្ធ កីឡា​ចំបាប់ កីឡាករ​បាល់បោះ និង​អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ១៣៥​នាក់ នឹង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ​ត្រៀមខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ