ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​លេង​ជាង​ ២ ​លាន​នាក់​ពេល​ឆ្លង​ឆ្នាំ​បង្ហាញ​អារម្មណ៍​ធូរស្រាល​ពី​កូ​វី​ដ-​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ​៣​ ថ្ងៃ ​ក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​សកល និង​ចុង​ស​ប្តា​ហ៍ កន្លង​មកនេះមានភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុងជាង​ ២​ លាន​នាក់…

រាជធានីភ្នំពេញ ៖ រយៈពេល ​៣​ ថ្ងៃ ​ក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​សកល និង​ចុង​ស​ប្តា​ហ៍ កន្លង​មកនេះមានភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុងជាង​ ២​ លាន​នាក់ បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១ ៩៩០ ៤២៩ ​នាក់ និង​ភ្ញៀវ​បរទេស​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មាន​ចំនួន ​១១ ៨៦៩​ នាក់ ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​រយៈពេល ​៣ ​ថ្ងៃនេះ មាន​ចំនួន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ដោយ​មានការ​កើនឡើង​ប្រមាណ ៧៤.២៤% ធៀប​នឹង​ឆ្នាំ​ ២០២១ ។ ទន្ទឹម​នឹង​នេះ ក្រៅពី​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​សំខាន់​ៗ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត ដើរ​កម្សាន្ត​មិន​ឆ្ងាយ​ពី​គេហដ្ឋាន​ជា​លក្ខណៈ​ក្រុម​គ្រួសារ និង​មិត្ត​ភ័​ក្ត ដើម្បី​ជួបជុំ​ញាំ​អាហារ នៅ​តាម​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន និង​កន្លែង​ដែល​មានការ​រៀបចំ​កែ​ច្នៃ​ជា​ក្ចុ​ស និង​កន្លែង​អង្គុយ​ជាដើម ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ ដែល​អ្នកទេសចរ​បាន​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​រួម​មាន នៅ​រាជធានី​ភ្នំពេញ ៦០៨ ៨៥៥ ​នាក់ ខេត្តសៀមរាប ២៨៧ ៨៣៧​ នាក់ ខេត្ត​ព្រះ​សីហ​នុ ១៥៦ ៧៥៣​ នាក់ ខេត្តកំពត ១៥០ ៦០១​ នាក់ ខេត្តបាត់ដំបង ១២២ ០៣៧​នាក់ ខេត្ត​កែប ១១៤ ២២២ ​នាក់ និង​ខេត្តកំពង់ស្ពឺ ១០២ ៣៨១​ នាក់ ។

លោក​រដ្ឋមន្ត្រី​លើ​ក​ឡើង​ទៀត​ថា «​ចំពោះ​ភ្ញៀវ​ទេសចរ យើង​សង្កេត​ឃើញ​ជា​រួម​ថា ពួក​គាត់​មានភាព​រីករាយ និង​ហាក់​មាន​អារម្មណ៍​កាន់តែ​ធូរស្រាល​ក្នុង​ចិត្ត ក្នុង​ការ​ដើរ​កម្សាន្ត​បាន​ពេល​លេញ ពិសេស​ក្រោយ​ពេល​ដែល​បាន​ចាក់​វ៉ាក់សាំង បាន​ពេញលេញ និង​ស្ថានភាព​ទូទៅ​កំពុង​ត្រឡប់ ទៅ​រក​ប្រក្រតី​ភាព​ថ្មី​ជា​បណ្តើរ​ៗ» ​។

ចរន្ត​ភ្ញៀវ​នា​ឱកាស​ឆ្លង​ឆ្នាំ​សាកល​នេះ មន្ត្រី​អះអាង​ថា ​គឺ​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការ​ចាប់ផ្តើម​ឡើង​វិញ ពេញលេញ​នៃ​វិស័យ​ទេសចរណ៍ ពិសេស​ទេសចរណ៍​ផ្ទៃក្នុង ដើម្បី​ឈាន​ទៅ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ ស្រប​ពេល​ដែល​ចំណូល​ពី​លំហូរ​ភ្ញៀវ​ទេសចរ​នេះបាន​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បន្ត​ប្រុង​ប្រ័យ​ត្ន និង​សម្រប​ខ្លួន​កាន់តែ​ពេញលេញ ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​បរិបទ​ជំងឺ​កូ​វី​ដ​-១៩ ៕ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ