ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកកម្លាំងនគរបាលខេត្តកំពត នាព្រឹកថ្ងៃទី១៨ មិថុនា ២០១៦ ស្ថិតនៅចំណុចជិតរង្វង់មូលផ្សារកន្ទួត ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនបុរសជាបើករថយន្តម៉ាកយីឌុបដឹកឈើជ្រុងពេញ បានបើកឆ្លងកាត់ស្ពានមួយខ្សែឈ្មោះ «ស្ពានជ័យសេនា» បណ្តាលឱ្យបាក់មួយកំណាត់នោះ បន្ទាប់ពីមានដីកាឱ្យចាប់ខ្លួនបុរសខាងលើនោះ ។
ប្រភពឱ្យដឹងថា បុរសនោះឈ្មោះជឿន ថេង អាយុជាង៣០ឆ្នាំ មានស្រុកកំណើតក្នុងភូមិខាងលើ ដែលការចាប់ខ្លួនបាននេះ ខណៈគាត់ធ្វើដំណើរចេញពីផ្ទះទៅហូបគុយទាវ ។ បុរសរូបនោះត្រូវគេដឹងទៀតថា បន្ទាប់ពីបានបង្កឱ្យបាក់ស្ពាននេះ គឺបានព្យាយាមសុំអន្តរាគមន៍ពីថ្នាក់លើក្នុងការជួសជុលស្ពានឡើងវិញដែរ តែគ្មានអ្នកហ៊ានទទួលនោះទេ ។
គួររំលឹកថា កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី៩ មិថុនា ២០១៦ រថយន្តម៉ាកយីឌុបមួយគ្រឿងមានដឹកឈើជ្រុងពេញបើកឆ្លងកាត់ស្ពានមួយ ខ្សែឈ្មោះ «ស្ពានជ័យសេនា» ក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក បណ្តាលឱ្យបាក់មួយកំណាត់ ប៉ុន្តែមិនបណ្តាលឱ្យធ្លាក់រថយន្ត ឬគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ក្រោយពីកើតហេតុ ត្រូវអ្នកបើកបរបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត និងឈើដែលធ្លាក់រប៉ាត់រប៉ាយនៅលើស្ពាន ។
ចែករំលែកព័តមាននេះ