អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានពន្យល់ថា ការរឹងមាំគឺជារបស់ទិព្វម្យ៉ាងសម្រាប់នាំផ្លូវទៅរកភាពជោគជ័យនៃមនុស្សយើងដែលមិនអាចខ្វះបាន ព្រោះភាពរឹងមាំគឺជាអាវុធដ៏ល្អសម្រាប់កម្ចាត់ភាពទន់ខ្សោយក្នុងប្រាណ ។

ការរឹងមាំអាចនាំមនុស្សយើងទៅដល់គោលដៅ ដោយមានការអត់ធ្មត់ជាឫសគល់ ។ ភាពជោគជ័យកើតចេញពីការរឹងមាំ អត់ធ្មត់ និងការតស៊ូ ។ ប្រសិនបើជួបបញ្ហាមិនមានភាពរឹងមាំទេ អ្វីៗទាំងអស់នឹងត្រូវបរាជ័យជាប្រាកដ ។ គ្មាននរណាម្នាក់ដែលថាមិនធ្លាប់ជួបបញ្ហា ឬក៏ឧបសគ្គនោះឡើយ ។ បញ្ហា ឬឧបសគ្គ មនុស្សយើងជាទូទៅតែងតែជួបជាប្រក្រតីទៅហើយសព្វថ្ងៃនេះគ្រាន់តែតិច ឬច្រើនទៅតាមសមត្ថភាពដោះស្រាយរបស់គេតែប៉ុណ្ណោះ ។

ការសាងខ្លួនឲ្យរឹងមាំទៅបាន តើត្រូវធ្វើដូចម្តេច ? ការសាងខ្លួនឯងឲ្យរឹងមាំវាមិនជាការលំបាកអីពេកទេ តែអ្វីដែលលំបាកនោះត្រង់ថាតើយើងមានចិត្ត ឬឆន្ទៈប៉ុន្មានភាគរយដើម្បីធ្វើវាឲ្យបានសម្រេចតាមគោលដៅរបស់យើង ដែលបានកំណត់ និងបានសន្យាខ្លួនឯងថានឹងធ្វើឱ្យបានដើម្បីកែប្រែខ្លួនឯងឲ្យជាមនុស្សរឹងមាំ ។
នៅពេលដែលជួយខ្លួនឯងបានហើយ ក៏អាចជាម្លប់សម្រាប់អ្នកដទៃពឹងពាក់ស្នាក់អាស្រ័យបានផងដែរ នេះទើបជាការរឹងមាំយ៉ាងពិតប្រាកដ ។ ប៉ុន្តែមនុស្សយើងអាចធ្វើរឿងនេះបាន គឺដំបូងយើងត្រូវតែជួយខ្លួនឯងឱ្យបានជាមុនសិន ហើយទើបជួយអ្នកដទៃជាខាងក្រោយ ។

ការពង្រឹងសមត្ថភាពទៅបានគឺដោយសារតែមានឆន្ទៈយ៉ាងពិតប្រាកដទៅលើការសិក្សារៀនសូត្រមានការ ស្តាប់ គិត អាន ទន្ទេញ កត់ត្រា ត្រិះរិះពិចារណា ហើយជាពិសេសនោះគឺការបានអប់រំសមាធិចិត្ត ដោយការស្តាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធពីធម្មកថិក ឬក៏ស្តាប់ការផ្តល់ជាគំនិតយោបល់របស់អ្នកប្រាជ្ញណាមួយដែលអាចចេះចាំទាំងផ្លូវលោក និងផ្លូវធម៌យ៉ាងច្បាស់លាស់ ដែលពួកគាត់អាចពន្យល់យើងឲ្យកើតការចេះត្រិះរិះពិចារណារកចំណុចរឹងមាំដោយខ្លួនឯងបាន ។

នេះក៏ជាចំណែកមួយដែលអាចបង្រៀនយើងឲ្យចេះគិត ចេះពិចារណារកចំណុចត្រូវ ហើយចិត្តគំនិតរបស់យើងក៏រឹងមាំភ្លឺស្វាងទៅតាមហ្នឹងដែរ ៕ សាន សារិន
ចែករំលែកព័តមាននេះ