ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យឆ្លង នៅមណ្ឌលគិរី ផ្ទះសំណាក់ សណ្ឋាគារ ​ភ្ញៀវទេសចរ កក់ ១ខែមុន ពេញអស់ហើយ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បើតាមមន្ត្រីជំនាញវិស័យទេសចរបានឲ្យដឹងថា គ្រប់ផ្ទះសំណាក់រីសត សណ្ឋាគារ  នៅក្រុងសែនមនោរម្យ ត្រូវបាន​អ្នកទេសចរចូលស្នាក់នៅពេញៗ នាឱកាសឆ្លងឆ្នាំសកល ឆ្នាំ​២០២១ ឈានចូលឆ្នាំ២០២២។ ការកក់កន្លែងស្នាក់នៅនេះ…

ខេត្តមណ្ឌលគិរី៖ បើតាមមន្ត្រីជំនាញវិស័យទេសចរបានឲ្យដឹងថា គ្រប់ផ្ទះសំណាក់រីសត សណ្ឋាគារ  នៅក្រុងសែនមនោរម្យ ត្រូវបាន​អ្នកទេសចរចូលស្នាក់នៅពេញៗ នាឱកាសឆ្លងឆ្នាំសកល ឆ្នាំ​២០២១ ឈានចូលឆ្នាំ២០២២។ ការកក់កន្លែងស្នាក់នៅនេះ អ្នកខ្លះ បានកក់តាំងពីមុនមួយខែឯណោះ។ ចំណែកអ្នកកក់នៅអំឡុងកន្លះខែ ឬមួយអាទិត្យចុងក្រោយនេះ គឺកក់មិន​បានកន្លែង​សម្រាកនោះទេ។

លោក ឡុង ម៉េងគ័ង ជាម្ចាស់អាជីវកម្ម រីសត ផារ៉ាដាយ នៅក្នុងក្រុងសែនមនោរម្យ បានលើកឡើងថា រីសតរបស់លោក មានភ្ញៀវចូលស្នាក់នៅពេញបន្ទប់ តាំងពីថ្ងៃទី៣០ធ្នូ រហូតដល់ថ្ងៃទី១​មករា ឆ្នាំ២០២២ គឺពេញបន្ទប់អស់តែម្ដង។​

លោក​​ថា បើធៀបឱកាសបុណ្យអុំទូក និងបុណ្យឆ្លងឆ្នាំសកលនេះ បើសង្កេតលើការបញ្ជា​ក់បន្ទប់ គឺមានប្រហាក់ប្រហែលគ្នា ប៉ុន្តែឆ្លងឆ្នាំសកល មានភ្ញៀវកក់បន្ទប់ តាំងពី ២ខែមុនមកម្ល៉េះ​។

លោកថា តម្លៃបន្ទប់ ក្នុងរីសតរបស់លោក មិនឡើង​ថ្លៃទេ ទោះបីថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាក៏ដោយ ហើយអំឡុងពេល​បុណ្យឆ្លងឆ្នាំសកលនេះ ក្នុងរីសត ក៏បានយកសត្វដំរី មកឲ្យអ្នកទេសចរទស្សនាកម្សាន្ត និងមានត្រៀមកាំជ្រួញ បាញ់អបអរឆ្លងចូលឆ្នាំ២០២២ ផងដែរ​។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ប្រហែល ១៥០០បន្ទប់ នៅខេត្តមណ្ឌលគិរី ត្រូវអ្នកទេសចរកក់ពេញអស់ហើយ ដើម្បីស្នាក់នៅលេងកម្សាន្ត នាឱកាសបុណ្យឆ្លង​ឆ្នាំសកល។ ដូចនេះ ចំនួនអ្នកទេសចរ ដែលនឹងចូលមកកម្សាន្ត គឺខ្ទង់ម៉ឺននាក់​។

លោកបន្តថា សម្រាប់ខេត្តមណ្ឌលគិរី ក្រោយកូវីដ១៩ ស្ងប់ស្ងាត់ ជារៀងរាល់សប្ដាហ៍ មានអ្នកទេសចរប្រមាណជិត ១ម៉ឺននាក់ បានមកលេងកម្សាន្តជាប្រចាំផងដែរ​។

 សូមរម្លឹកថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ឆ្នាំ​២០២០ ឆ្លងចូលឆ្នាំ​២០២១ ខេត្តមណ្ឌលគិរីមានអ្នកទេសចរជាង ១ម៉ឺននាក់ ចូលមកកម្សាន្ត និងមានការកើនឡើងតិចតួចផងដែរ មន្ត្រីជំនាញរំពឹងថា បុណ្យឆ្លងឆ្នាំសកលខាងមុខ ខេត្តមណ្ឌលគិរី ក៏នឹងមានកំណើនទេសចរច្រើន ព្រោះជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់យ៉ាងល្អប្រសើរ ហើយប្រមុខរាជរដ្ឋាភិបាល បានបើកដំណើរការប្រទេស លើគ្រប់វិស័យឡើងវិញថែមទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ