ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​អាហារ​ជន​បទ ភូមិព្រះដាក់- បន្ទាយស្រី កំពុងទាក់ទាញភ្ញៀវទេសចរ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ការប្រកាសបើកដំណើរ​ការ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ​លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប…

ខេត្តសៀមរាប៖ ការប្រកាសបើកដំណើរ​ការ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ​លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប លើកឡើងថា កាលពីជាង ១ខែមុន ថ្ងៃនេះ មិនមែនជាថ្ងៃ ដែលត្រូវរំពឹងទុកថា អាចនឹងបានជួបជុំគ្នាយ៉ាង​ដូច្នេះឡើយ ក៏ប៉ុន្តែអាស្រ័យដោយ​មានការដឹកនាំដ៏ឈ្លៀសវៃនៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល លើ​យុទ្ធសាស្រ្តគន្លឹះ ជំរុញការចាក់វ៉ាក់សាំង ក្នុងផែនការដ៏ត្រឹមត្រូវច្បាស់លាស់ រួមជាមួយនឹងចលនាប្រជា​ជាតិ ពង្រឹងការ​អនុវត្តវិធានការសុវត្ថិភាព ៣ការពារ និង៣កុំ លទ្ធផលដ៏មានប្រសិទ្ធ​ភាព បាននាំឲ្យកម្ពុជា មានឱកាសបើកប្រទេស និងបើកចរន្តសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ​។

លោក​អភិបាលស្រុក បាន​ប្រកាសនៅក្នុងពិធីបើកដំណើរការ​ពិព័រណ៍អាហារជនបទ-ភូមិព្រះដាក់ ថា ព្រឹត្តិការណ៍​អបអរចុងឆ្នាំ២០២១ ឈានចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ បើពុំមានយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង និងចលនា​ប្រជាជាតិអនុវត្តវិធានសុវត្ថិភាពតេជោ ប្រយុទ្ធប្រឆាំងកូវីដ-១៩ទេនោះ ថ្ងៃនេះ គឺស្ថិតត្រឹមតែពេល​វេលានៃ​ការប្រើប្រាស់ក្តីស្រមៃ​តែប៉ុណ្ណោះ​។

តាមការគ្រោងទុក ពិព័រណ៍អាហារជនបទ ភូមិព្រះដាក់-បន្ទាយស្រី ​ដំណើរការរយៈពេល ៣ថ្ងៃ នៅថ្ងៃទី៣០-៣១ធ្នូ និងថ្ងៃទី១មករា។ 

លោកបានបញ្ជាក់ថា ភូមិព្រះដាក់ គឺជាភូមិ​ទេស​ចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំងកាលនៅក្នុងវិបត្តិកូវីដ-១៩​។ ការរៀបចំពិព័រណ៍​អាហារជនបទនេះ គឺសំដៅទៅរកគោល​បំណង បង្កើតឱកាសឲ្យអ្នកទេសចរ បានមកទស្សនា​កម្សាន្តនៅភូមិព្រះដាក់ជាថ្មីឡើងវិញ ព្រមទាំងបានភ្លក់អាហារអ្នកព្រះដាក់ផងដែរ។

ជាមួយគ្នានេះ អ្នកព្រះដាក់ ក៏បានទទួលស្វាគមន៍ភ្ញៀវទេសចរ ជួសជុលឡើងវិញចរន្តសេដ្ឋកិច្ចសហគមន៍ តាមរយៈ​នៃវិស័យទេសចរណ៍នោះ​។

យ៉ាងណាក៏ដោយ ការថែរក្សាអត្តសញ្ញាណជនបទនៃភូមិព្រះដាក់ គឺជាគោលដៅដ៏សំខាន់តាមរយៈនៃការបង្កើតព្រឹត្តិការណ៍​ពិព័រណ៍​អាហារជនបទនេះ​។ ក៏ជាការបញ្ជាក់ដែរថា ការងារអភិរក្ស គឺមិនមែនជាឧបករណ៍រារាំងមិនឲ្យមាន​ការអភិវឌ្ឍន៍​នោះឡើយ​។  នៅពេលថ្មីៗនេះ ភូមិព្រះដាក់បានទទួលពានរង្វាន់ ភូមិដែលមានបរិស្ថានល្អស្អាតជាងគេទូទាំងស្រុក ។ ពានរង្វាន់នេះ វាគឺជាដែកឆក់ សម្រាប់ការទាញយកចំណាប់អារម្មណ៍នៃភ្ញៀវទេសចរ ហើយកាន់ តែមានតម្លៃ សម្រាប់ការស្វាគមន៍នៃអ្នកម្ចាស់ស្រុក គឺភ្ញៀវទេសចរបរទេស​។

បើទោះជានៅក្នុងសេចក្តីថ្លែងសន្ទរក ថារបស់លោកអភិបាលស្រុក ពុំបានបញ្ជាក់អំពីតួលេខពិតប្រាកដនៃចំនួនភ្ញៀវចូលរួម នាថ្ងៃដំបូងនេះ​ក៏ដោយ តែការកត់សម្គាល់បានបង្ហាញថា  ពិព័រណ៍អាហារជនបទនេះ បានទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុកមកចូលរួមទស្សនាកម្សាន្ត និងភ្លក់រសជាតិអាហារផងដែរ ដែលភ្ញៀវទាំងនោះ មានទាំងភ្ញៀវក្នុងខេត្ត ភ្ញៀវមកពីបណ្តាខេត្តផ្សេងៗ និងមួយ​ចំនួនតូច គឺជាភ្ញៀវអន្តរជាតិផ្ទៃក្នុង​។

លោកបន្តថា នៅស្រុកបន្ទាយស្រី សម្រាប់ការអបអរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ មានព្រឹត្តិការណ៍​ចំនួន៥ ដែលត្រូវបានធ្វើឡើងនៅតាមបណ្តាសហគមន៍នានា រាប់ទាំងព្រឹត្តិការណ៍នៅភូមិព្រះដាក់នេះ​ផងដែរ​៕ ​ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ