ចិត្ត៨៩ដួងក្តី និងចិត្ត១២១ដួងក្តី សួរថាតើមានចិត្តណាដែលបានកើតឡើងហើយមិនមាននូវវេទនាមកជាមួយនោះ តើមានទេ ?

យោងតាមគម្ពីរព្រះអភិធម្ម គឺមិនមានឡើយ ពីព្រោះថាវេទនាចេតសិកហ្នឹង គឺសព្វចិត្តសាធារណចេតសិក ដូចនេះជាប្រក្រតី ជាធម្មតា គឺគ្មានចិត្តណាមួយដែលមិនសោយនូវអារម្មណ៍ឡើយ ។

អញ្ចឹងរាល់ៗការសោយនូវអារម្មណ៍ក្តី ការដឹងនូវអារម្មណ៍គ្រប់យ៉ាងក្តី មិនថាអារម្មណ៍ប្រភេទណាទេ គឺវេទនាចេតសិកកើតឡើងមកជាមួយជានិច្ច ហើយវេទនាហ្នឹងឯង គឺវារីករាយទៅក្នុងអារម្មណ៍ ត្រេកត្រអាលទៅក្នុងអារម្មណ៍ ពេញចិត្តទៅក្នុងអារម្មណ៍ ជាប់ស្អិតនៅក្នុងអារម្មណ៍ ទោះបីអារម្មណ៍នោះជាទុក្ខក៏ដោយ អារម្មណ៍នោះមិនល្អក៏ដោយ អារម្មណ៍មិនជាទីគាប់ចិត្តក៏ដោយ ក៏វេទនាហ្នឹងនៅតែទទួលយកនូវអារម្មណ៍ហ្នឹងដែរ ហើយប្រឹងទាញយកនូវអារម្មណ៍ដោយមិនមានការប្រកាន់ឡើយ ។

ប៉ុន្តែប្រសិនបើជាយើងវិញ គឺយើងនៅមានការប្រកាន់ តែចំពោះវេទនាវិញ អត់មានការប្រកាន់ឡើយ ឱ្យតែអារម្មណ៍មកប្រាកដហើយ ទោះល្អក្តី ទោះមិនល្អក្តី គឺវេទនាហ្នឹងមិនចេះប្រកែកទេ គឺទទួលបានទាំងអស់ ។

សូមអរព្រះគុណដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃនេះ សម្រាប់យើងគួរសិក្សារៀនសូត្រ ដើម្បីសន្សំនូវពូជយល់ត្រូវនេះទៅជាតិមុខៗទៀត ៕ សាន សារិន
ចែករំលែកព័តមាននេះ