ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ធ្នូ ឆ្នាំ២០២១ មានករណីហិង្សាមួយវាយគ្នាទៅវិញទៅមកនៅក្នុងរោងការរបស់ម្ចាស់ផ្ទះឈ្មោះ ប្រាង ឌីន ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតនៅភូមិចាន់រ៉ា(ខ) ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបង្កដោយមនុស្ស២នាក់ផឹកស៊ីស្រវឹងទាស់សំដីគ្នាវាយរបួសស្នាមទាំងសងខាង ។

សេចក្តីរាយការណ៍បន្តថា ក្រុមទី១មានគ្នា៣ នាក់ ៖ ១.ឈ្មោះ អ៊ាប គឹមសាន ភេទប្រុស អាយុ៣៨ ឆ្នាំ របួសស្រាល ។ ២.ឈ្មោះគូ ស៊ុង ភេទប្រុស អាយុ២៦ ឆ្នាំរបួលស្រាល ។ ៣.ឈ្មោះ ចឹម អូន ភេទប្រុស អាយុ២៤ ឆ្នាំ របួសស្រាល ។ ទាំង៣ នាក់ រស់នៅភូមិចាន់រ៉ា(ខ) ឃុំស្ពឺ(ខ) ស្រុកបាភ្នំ ខេត្តព្រៃវែង (ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល) ។

ក្រុមទី២ ៖ មានគ្នាចំនួន៨នាក់ ១.ឈ្មោះ ណែម សុខលាប ភេទប្រុស អាយុ១៩ ឆ្នាំ ។ ២.ឈ្មោះ ឈុន ឈន់ ភេទប្រុស អាយុ២៤ ឆ្នាំ ។ ៣.ឈ្មោះ ជៀប ឡា ភេទប្រុស អាយុ២៣ ឆ្នាំ ។ ៤.ឈ្មោះ វ៉េត សាវីន ភេទប្រុស អាយុ២២ ឆ្នាំ ។ ៥.ឈ្មោះ វ៉ន ថា ភេទប្រុស អាយុ២២ ឆ្នាំ ។ ៦.ឈ្មោះ ណាល់ នី ភេទប្រុស អាយុ ២១ ឆ្នាំ (នាក់រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ឃាត់ខ្លួន) ។ ៧.ឈ្មោះ ណាំ សុខណា ភេទប្រុស អាយុ២០ ឆ្នាំ របួសធ្ងន់សំរាកនៅពេទ្យព្រៃវែង ។ ៨.ឈ្មោះ ម៉ាប ថា ភេទប្រុស អាយុ២៣ ឆ្នាំ របួសសំរាកព្យាបាលនៅពេទ្យព្រៃវែង (ពីរនាក់រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ៖
១.អំបែងកែវមួយចំនួន ២.អំបែងចានមួយចំនួន ៣.ដុំឥដ្ឋចំនួន ២ ដុំ ។ ជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកបាភ្នំ កំពុងកសាងសំណុំរឿងតាមនីតិវិធី ។ ចំណែក២នាក់ទៀតនៅក្នុងការសង្គ្រោះបឋម និង២ នាក់ទៀតមានសេរីភាពធម្មតា ។ ពួកគេម្នាក់ៗ បានសារភាពនៅចំពោះសមត្ថកិច្ចថា បានជាចានហោះពែងហើរពេញរោងការ បែបនេះ គឺមូលហេតុផឹកស៊ីស្រវឹងទាស់សំដីគ្នា ៕


ចែករំលែកព័តមាននេះ