បញ្ជូនក្រុមចោរ២នាក់ដែលជិះឡានទំនើបដើរលួចម៉ូតូទៅតុលាការ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០២នាក់ដែលជិះសុទ្ធតែរថយន្តស៊េរីទំនើបដើរធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបាននិងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ២៤ ធ្នូ នេះហើយ ជាមួយនឹងវត្ថុតាងនានាផង។

យោងរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះ ម្នាក់ឈ្មោះ លី សុខឡេង ហៅពៅ ផល្លា ហៅម៉ាប់ អាយុ៣៩ឆ្នាំ គ្មានផ្ទះសម្បែងពិតប្រាកដទេ និងម្នាក់ទៀតឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ គ្រឿត ព្រឹង ហៅ ស្វិត អាយុ៥០ឆ្នាំ នៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ។ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បាននិយាយថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយប្រព្រឹត្តអំពើចោរកម្មលើកចុងក្រោយនៅស្រុកសង្កែ។

ដោយមានកិច្ចសហការពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំដោយលោក វ៉ាន់ តារា នាយរងការិយាល័យនេះ និងកម្លាំងអធិការស្រុកសង្កែផង។ បើតាមរបាយការណ៍ជនសង្ស័យឈ្មោះ លី សុខឡេង ហៅម៉ាប់ នេះ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២១ ធ្នូ នៅចំណុចភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។ ក្រោយពីសួរនាំរហូតកំណត់បាននូវមុខសញ្ញាបក្សពួកក្រុមចោរនេះ ទើបនៅព្រឹកថ្ងៃទី២២ ធ្នូ កម្លាំងជំនាញទទូលបទបញ្ជាពីលោកស្នងការខេត្ត និង តំណាងអយ្យការឲ្យតាមចាប់ខ្លួនបក្សពួកជននេះបានម្នាក់ទៀត ឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ គឿត ព្រឹង ហៅ ស្វិត ដល់ទឹកដីខេត្តពោធិសាត់ ដោយមានកិច្ចសហការពីកម្លាំងមូលដ្ឋានផងដែរ។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្មនេះ មន្រ្តីការិយាល័យជំនាញដកហូតបានវត្ថុតាងមួយចំនួនមានរថយន្តឡង់គ្រីស្ស័រ ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BA-8668 ម៉ូតូ០២គ្រឿង ដែលសុទ្ធតែជាមធ្យោបាយជិះធ្វើសកម្មភាព កូនសោរសម្រាប់ដោះស្លាកលេខម៉ូតូ និង ដែលសម្រាប់កាច់សោ.កលួចម៉ូតូ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។ បើតាមប្រវត្តិនៃក្រុមចោរ ដែលមន្រ្តីជំនាញក្ដាប់បាន ជនឈ្មោះ លី សុខឡេង ហៅ ម៉ាប់ ជាមុខសញ្ញាដ៏មមារញឹកបំផុតក្នុងការកាច់សោលួចម៉ូតូ និងជាអ្នកដៃដល់ ។

ជននេះបានព្យាយាមលាក់អត្តសញ្ញាណ លាក់ទីលំនៅពិត តែធ្លាប់ប្រព្រឹត្តបទល្មើសមិនតិចជាង១០លើកទេកន្លងមកនេះ និង ដើរធ្វើស្ទើរគ្រប់ស្រុក និងក្រុងក្នុងខេត្តបាត់ដំបង។ ដោយឡែក ជនឈ្មោះ ប៉ាល់ ស៊ីនឿន ហៅ ស្វិត គឺជាបក្សពួកតែមួយ។ បើតាមការស្រាវជ្រាវ ជននេះជាអ្នកដឹកជនដៃដល់ទម្លាក់តាមគោលដៅ ដើម្បីលួចម៉ូតូប្រជាពលរដ្ឋនៅតាមទីជនបទ ឬ តំបន់ដទៃទៀតដែលអាចធ្វើបាន តែនៅពេលចាប់ខ្លួនជននេះបានបដិសេដថា មិនបានដឹងរឿងអ្វីទាំងអស់ បើទោះជាជនឈ្មោះ លី សុខឡេង បានអះអាងថា ជាបក្សពួកខ្លួនក្ដី។ សមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ស្វិត បានបដិសេធមិនបានចូលរួមលួច តែជាអ្នកផ្ដល់ផ្ទះស្នាក់នៅដល់ឈ្មោះ ម៉ាប់ និងបក្សពួកចោរមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន ជាមួយនឹងម៉ូតូដែលលួចបានកាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមនេះដើរធ្វើសកម្មភាពស្ទើរគ្រប់តាមបណ្ដាស្រុក និងក្នុងក្រុង។ ប៉ុន្តែយ៉ាងណាក្ដី បើតាមលោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ពេលនេះលោកស្នងការ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញរបស់លោក សួរនាំជនសង្ស័យទាំង០២នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយ៕









ចែករំលែកព័តមាននេះ