ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កតញ្ញូ​កតវេទី​បុគ្គល​មិន​ដែល​បំភ្លេច​គុណ​អ្នក​ដទៃ​ឡើយ

7 ឆ្នាំ មុន

អ្នកមាន​ចិត្ត​ទូលាយ​ខ្វល់ខ្វាយ​អើពើ​ទំនុកបម្រុង​បុគ្គល​ដទៃ​ដោយ​ទ្រព្យសម្បត្តិ​ក្តី ដោយ​ឋានៈ​តួនាទី​ក្តី ដោយ​បើក​ចិត្ត​ទូលាយ​មិន​ចង្អៀតចង្អល់​ប្រកបដោយ​មេត្តាករុណា​ចំពោះ​បុគ្គល​នោះ​ក្តី ហើយ​មិន​ប្រាថ្នា​នឹង​

អ្នកមាន​ចិត្ត​ទូលាយ​ខ្វល់ខ្វាយ​អើពើ​ទំនុកបម្រុង​បុគ្គល​ដទៃ​ដោយ​ទ្រព្យសម្បត្តិ​ក្តី ដោយ​ឋានៈ​តួនាទី​ក្តី ដោយ​បើក​ចិត្ត​ទូលាយ​មិន​ចង្អៀតចង្អល់​ប្រកបដោយ​មេត្តាករុណា​ចំពោះ​បុគ្គល​នោះ​ក្តី ហើយ​មិន​ប្រាថ្នា​នឹង​ទទួល​ការ​ធ្វើ​តប​អំពី​បុគ្គល​នោះ​វិញ​ទេ ។

អ្នកមាន​អធ្យាស្រ័យ​បែប​នេះ​ហៅ​ថា បុព្វការី​ជន​ដូច​មាតាបិតា​មាន​ឧបការៈ​ដល់​បុត្ត​ធីតា គ្រូអាចារ្យ​មានគុណ​បំណាច់​ដល់​សិស្ស ចៅហ្វាយនាយ​មានការ​សង្គ្រោះ​ដល់​សមាជិក​ក្រោម​ឱវាទ​ជាដើម ។

រីឯ​ជន​អ្នកមាន​ទឹកចិត្ត​ស្មោះត្រង់​ចំពោះ​សេចក្តី​ល្អ ឃើញ​គុណ​របស់​លោក​ដែល​បាន​ធ្វើ​ដល់​ខ្លួន ក៏​មានចិត្ត​ខ្វល់ខ្វាយ ហើយ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​តបគុណ​លោក​វិញ បើ​ទោះជា​បុព្វការី​ជន​នោះ​មិន​ដែល​ប៉ងប្រាថ្នា​ចំពោះ​គុណ​បំណាច់​របស់​យើង​ក៏​ដោយ តែ​ក្នុង​នាម​ជា​កតញ្ញូ​កតវេទី​បុគ្គល ត្រូវ​តែ​បំពេញ​មិន​ឱ្យ​រំលង​ឡើយ ។ កតញ្ញូ​បុគ្គល​មិន​ដែល​មាន​គតិ​ទៅ​កើត​ក្នុង​អបាយភូមិ​ទេ តែង​មាន​បដិសន្ធិ​ក្នុង​សុគតិភព​សោយសុខ​ក្រៃ​លែង​ក្នុង​ភព​នោះ​ៗ​ជា​យូរអង្វែង ។

ពិត​ណាស់ បុគ្គល​ណាមួយ​ដែល​ដឹង​នូវ​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ដល់​ខ្លួន បុគ្គល​នោះ​ឈ្មោះ​ថា​កតញ្ញូ​បុគ្គល ។ កតញ្ញូ​បុគ្គល​គួរ​ធ្វើ​ឧបការៈ​តបគុណ​គេ​វិញ ទើបបាន​ឈ្មោះ​ថា កតញ្ញូ​កតវេទី​បុគ្គល​ពោល​គឺ​បុគ្គល​រកបាន​ដោយ​កម្រ ។ បុគ្គល​រកបាន​ដោយ​កម្រ​នេះ​មាន​ពីរ​យា​៉​ង​គឺ បុព្វការី​បុគ្គល បុគ្គល​ដែល​ធ្វើ​ឧបការគុណ​លើ​គេ​មុន​១ និង​កតញ្ញូ​កតវេទី​បុគ្គល បុគ្គល​ដែល​ដឹង​ថា គេ​មានគុណ​ហើយ​រក​ឱកាស​ធ្វើ​តប​ឧបការគុណ​នោះ​ដល់​គេ​វិញ​១ ។ បុគ្គល​ទាំង​ពីរ​ពួក​នេះ​រកបាន​ដោយ​កម្រ​ដូច​គ្នា ។
រីឯ​បុព្វការី​បុគ្គល​នោះ​មាន​៥​ពួក​គឺ​៖

  1. ១-​ព្រះពុទ្ធ​ជា​ម្ចាស់ ៈ ព្រោះ​ព្រះ​អង្គ​ខិតខំ​ព្យាយាម​កសាង​បារមី​ជា​ច្រើន​អសង្ខេយ្យ​កប្ប ទើបបាន​ត្រាស់​ជា​ព្រះពុទ្ធ ហើយ​ទ្រង់​ប្រដៅ​សត្វ​ក្នុង​ផ្លូវសួគ៌ និង​ព្រះ​និព្វាន
  2. ២-​គ្រូ​ឧបជ្ឈា​យា​ចា​រ្យ ៈ លោក​ជា​អ្នក​បង្ហាត់បង្រៀន​អប់រំ​ខ្លួន ឬ​បំបួស​ខ្លួន ហើយ​ជា​អ្នក​ប្រដៅ ពន្យល់​ចង្អុល​ប្រាប់​មគ្គផល​ក្នុង​ផ្លូវសួគ៌​-​និព្វាន​ផង
  3. ៣-​មាតាបិតា ៈ លោក​ជា​អ្នក​បង្កើត​បុត្រ ហើយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ជីវិត​បុត្រ​ឱ្យ​រស់នៅ​យ៉ាង​សុខសាន្ត
  4. ៤-​ជីដូន​ជីតា និង​ក្រុម​ញាតិ​មិត្ត ៈ លោក​ជា​អ្នក​ជួយ​ចិញ្ចឹម​ថែរក្សា​ខ្លួន​ជួយ​ឧបត្ថម្ភ​ទំនុកបម្រុង​ខ្លួន​ជួស​មាតាបិតា​ដែល​មិន​នៅ​ឬ​ស្លាប់​ចោល​ខ្លួន​ទៅ​ហើយ
  5. ៥-​ចៅហ្វាយនាយ ៈ អ្នក​ដទៃ​ទេ ប៉ុន្តែ​គេ​បាន​សង្គ្រោះ​ដោយ​ផ្តល់​ការងារ​ឱ្យធ្វើ ឧបត្ថម្ភ​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត​ក៏​ដូច​ជា​ទំនុកបម្រុង​គ្រួសារ និង​អប់រំ​ចង្អុល​បង្ហាញផ្លូវ​ល្អ​សម្រាប់​ជីវិត រួម​ទាំង​ការ​សង្គ្រោះ​ជា​ធំ​ផង​ដែរ ។ បុគ្គល​ទាំង​៥​ពួក​នេះ​ឈ្មោះ​ថា បុព្វការី​បុគ្គល គឺ​បុគ្គល​ដែល​បាន​ធ្វើ​ឧបការៈ​មុន ។

ចំណែក​កតញ្ញូ​កតវេទី​បុគ្គល បើជា​អ្នកបួស​ត្រូវ​គោរព​ក្នុង​ស្ថាន​៧​ប្រការ មាន​ពុទ្ធគារវតា​ជាដើម និង​ប​ដិ​ស​ណ្ឋា​រ​គារវតា​ជាទី​បំផុត​ទំនុកបម្រុង​លោក​ដោយ​បច្ច័យ​៤ និង​ធ្វើ​វត្តប្រតិបត្តិ​ផ្សេង​ៗ​ដល់​លោក​មាន​ឧបជ្ឈាយវត្ត និង​អាចរិយវត្ត​ជាដើម​ផង ។ ឯ​កិច្ច​វត្ត​ដែល​ត្រូវ​ប្រតិបត្តិ​ដល់​គ្រូឧបជ្ឈាយ៍​ឬ​អាចារ្យ​នោះ បើ​ឃើញ​លោក​មក​ត្រូវ​ក្រោក​ទទួល ហើយ​បើ​លោក​ត្រឡប់​ទៅ​វិញ​ត្រូវ​ជូន​ដំណើរ និង​ធ្វើការ​បម្រើ​លោក​ដោយ​ទឹក​ក្តៅ​ទឹក​ត្រជាក់​គក់​ច្របាច់​បាទា និង​កិច្ច​នានា​មាន​បោកគក់ ជ្រលក់ចីវរ​ជាដើម ។ បើជា​គ្រហស្ថ​ត្រូវ​រក​ឱកាស​ធ្វើ​តប​ចំពោះ​គុណូបការៈ​របស់​បុព្វការី​ជន​មាន​មាតាបិតា​ជាដើម ឧបត្ថម្ភ​ទំនុកបម្រុង​គាត់​តាម​សមគួរ​ដល់​ការ​រស់នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ ។

បើជា​បុគ្គលិក​និយោជិត គប្បី​ប្រតិបត្តិ​ចៅហ្វាយនាយ​ដោយ​ស្ថាន​៥​យា​៉​ង​គឺ ក្រោក​ឡើង​ធ្វើ​ការងារ​មុន​ចៅហ្វាយនាយ​១ លែង​ធ្វើ​ការងារ​ក្រោយ​ចៅហ្វាយនាយ​១ កាន់​យក​តែ​របស់​ណា​ដែល​ចៅហ្វាយនាយ​ផ្តល់​ឱ្យ​១ ធ្វើ​ការងារ​ដោយ​យកចិត្តទុកដាក់ ស្មោះត្រង់ ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​១ និង​នាំ​កិត្តិគុណ​របស់​ចៅហ្វាយនាយ​ទៅ​ពោល​សរសើរ​ក្នុង​ទី​ដទៃ​១៕
(​ដោយ​ធម្មាចារ្យ សច្ចៈ ភាព​)