ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមួយគ្រួសារបានទៅភ្ជួរដីស្រែរបស់គាត់ដែលទុកចោលជាយូរឆ្នាំមកហើយ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ធ្វើឲ្យរូបគាត់ភ័យស្ទើរលស់ព្រលឹង ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ហៅខាងអ្នកឯកទេសរាវមីន CMAC មកយកចេញ ដើម្បីឱ្យពួកគាត់បានធ្វើស្រែស្រួលបួលផង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងជើងឆៀងខាងកើតអណ្តូងសក្រម ភ្នំខ្សាក ស្ថិតក្នុងភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមសម្តីរបស់លោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការមូលដ្ឋាននៃកងរាជអាវុធហត្ថស្រុកជីក្រែង បានប្រាប់«កោះសន្តិភាព» ឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថា មានមួយគ្រួសារបានទៅភ្ជួរស្រែ ហើយប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនោះ លោកក៏បានឱ្យកម្លាំងទៅដល់ទីនោះ រួចក៏ឃើញដូចការរាយការណ៍របស់ប្រជាពលរដ្ឋពិតមែន។ លោកបន្តថា ក្រោយពីឃើញគ្រាប់មិនទាន់ផ្ទុះ លោកក៏បានឱ្យពួកគាត់ឈប់ភ្ជួរសិន រួចរាយការណ៍ទៅឱ្យមន្ត្រីជំនាញរបស់ CMAC មកជួយយកចេញ ដើម្បីឱ្យពួកគាត់បានធ្វើស្រែ ។ លោកបានបញ្ជាក់ថា ពលរដ្ឋដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅវាលស្រែរបស់គាត់នោះ ឈ្មោះ ញ៉ូវ ព្រិច ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីសាកសួរពលរដ្ឋនោះមក គាត់បានប្រាប់ថា ដីស្រែរបស់គាត់មិនដែលបានធ្វើនោះទេ ពួកគាត់ទុកចោលតាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយនៅពេលដែលចាប់ផ្តើមភ្ជួរដីធ្វើស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនោះតែម្តង ដែលមានចំនួន៣០គ្រាប់ ក្នុងនោះមាន គ្រាប់ B40.5 ចំនួន២១គ្រាប់ និងគ្រាប់៦២មីលីម៉ែត្រ ចំនួន៩គ្រាប់ ៕
ចែករំលែកព័តមាននេះ