ខេត្តព្រៃវែង ៖ ដីសាធារណៈរបស់រដ្ឋមួយកន្លែងនៅជាប់បណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចគល់ស្ពានស្ទឹងស្លូត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានបុគ្គលអ្នកមានលុយ មានអំណាចចាក់ដីរំលោ.ភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អ្វីដែលគួរអោយកត់សម្គាល់នោះ គឺបុគ្គលម្នាក់នោះ ថ្លើមធំហ៊ានកាត់រណាំងដែកស្លាកសញ្ញាសម្គាល់បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ត្រង់គល់ស្ពានអស់ប្រវែងប្រហែលជាង១០ម៉ែត្រ ដើម្បីបើកផ្លូវអោយឡានដឹកអាចម៌ដីចេញ-ចូល ក៏គ្មានអាជ្ញាធរសមត្ថកិច្ច ឬមន្ត្រីជំនាញស្ថាប័នណាមួយអើពើឡើយ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរដីនោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ដីចំណីមាត់ស្ទឹងជាប់គល់ស្ពានស្ទឹងស្លូតនេះ គឺជាដីសាធារណៈរបស់រដ្ឋ ហើយក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋទូទៅមានផ្លូវ តាមមាត់ស្ទឹងចុះទៅរកអុសដុត ឬនេសាទត្រីជាលក្ខណៈគ្រួសារចិញ្ចឹមជីវិត ជាពិសេសផ្លូវកំពង់ដែលពលរដ្ឋចុះទៅស្ទឹង យកទឹកមកប្រើប្រាស់តាំងពីដូនតាមកម្ល៉េះ។ តែឥឡូវ បើមានគេមកចាក់ដីលុបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអញ្ចឹងប្រាកដជា គេបិទជិតលែងមានផ្លូវទៅអាស្រ័យផលទៀតហើយ។
ពលរដ្ឋបញ្ជាក់បន្ថែមថា គាត់មិនស្គាល់ឈ្មោះអ្នករំលោ.ភយកដីរដ្ឋនេះទេ គ្រាន់តែដឹងថា គេជាអ្នកមានលុយ មានអំណាច នៅតំបន់អ្នកលឿងត្រើយខាងកើត។ ហេតុដូច្នេះហើយ ពួកគាត់ជាពលរដ្ឋស្លូតត្រង់មិនហ៊ានចេញមុខតវ៉ា បានត្រឹមតែជម្រាបប្រាប់អាជ្ញាធរភូមិ-ឃុំអោយជួយទប់ស្កាត់ ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ឃើញតែចុះមកពិនិត្យមើល រួចនាំគ្នាទៅវិញអស់ ធ្វើអោយបុគ្គលរូបនេះ ឆ្នាំទៅចាក់ដីលុបតែបន្តិចទេ ស្រាប់តែនៅឆ្នាំនេះ បានចិត្តចាក់ដីលុបស្ទើរតែទាំងស្រុងតែម្តង។
ពលរដ្ឋបន្តទៀតថា ចំណែកចំណាំងដែកស្លាកសម្គាល់សញ្ញាគ្រោះថ្នាក់ចរាចរណ៍នោះ បុគ្គលរំលោ.ភយកដីរដ្ឋ ទើបនឹងជួលជាងមកកាត់ថ្មីៗនេះទេ។ ទោះយ៉ាងណា ពលរដ្ឋស្នើសុំសំណូមពរអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាចុះមកពិនិត្យមើលជាក់ស្តែង និងជួយទប់ស្កាត់ការរំលោ.ភយកដីសាធារណៈរបស់រដ្ឋនៅចំណុចគល់ស្ពានស្ទឹងស្លូតនេះផង ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ភ្នាក់ងារយើងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរភូមិ-ឃុំ-ស្រុកដែរ តែមិនអាចទាក់ទងបាន។ ដោយឡែកមន្ត្រីសុរិយាដី និងអាជ្ញាធរខេត្តព្រៃវែង ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល៕
ចែករំលែកព័តមាននេះ