រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី១៨ ធ្នូ កីឡាករអេលីត សុខហ៊ុច មកពីក្លិបនាយកដ្ឋានអង្គរក្ស បានវាយកីឡាករឡុង បេលឿន មកពីក្លិបសាលវ័ន្តកីឡា រហូតដល់ថ្នាក់លើកទង់សុំចុះចាញ់ត្រឹមទឹកទី៤។
ការប៉ះគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទាំងពីរខាងលើនេះ ពិតជាមិនធ្វើឱ្យអ្នកតាមដានកាតប្រកួតខកចិត្តនោះទេ ដោយសាតែគេទាំងពីរប្រកួតគ្នាអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីចង់ក្លាយជាម្ចាស់ប្រាក់លាន ប៉ុន្តែអ្វីដែលគួឱ្យសោកស្ដាយបំផុតនោះឡុង បេលឿន វាយសម្រុករហូតដល់ថ្នាក់បាត់បង់ថាមពលក្នុងខ្លួន មិនអាចតស៊ូដល់ទឹកទី៥បានឡើយ ។ ចាប់ពីទឹកទី១ដល់ទឹកទី៣ ឡុង បេនលឿន ប្រើស្នៀតជើងទាត់សម្រុកទៅលើកីឡាករអេលីត សុខហ៊ុច យ៉ាងសន្ធាប់ដល់ថ្នាក់ចង់គាំងម្ដងៗទៅហើយ ។ ប៉ុន្តែសុខហ៊ុច ព្យាយាមដកថយ គ្រាន់តែវាយបកសងវិញម្ដងម្កាលប៉ុណ្ណោះ ។
គ្រាន់តែចូលដល់ទឹកទី៤ ភ្លាមឃើញស្ថានភាពឡុង បេនលឿន រាងចុះខ្សោយបន្តិចទៅហើយនេះ អេលីត សុខហ៊ុច ចាប់ផ្ដើមវាយបកសងវិញ ជាមួយនឹងការប្រើស្នៀតជើងទាត់សំដៅល្វែងខាងក្រោមសន្ធាប់យកតែម្ដង ធ្វើឱ្យឡុង បេនលឿន ដកថយទាំងភ្នែកនៅកញ្ចឹងក ជាពិសេសគ្រាន់តែបញ្ចប់ទឹកទី៤ភ្លាម ឡុង បេនលឿន ប្រាប់ថា គេទៅលែងរួចហើយជើងឆ្វេងរបស់គេឈឺខ្លាំងមិនអាចប្រកួតតទៅទៀតបានហើយ អ្នកឱ្យទឹកក៏បានគ្រាចុះពីលើសង្វៀនសង្វៀនតែម្ដង។
កីឡាករធន់ ស៊ីហុង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិន្ទគេមានឱកាសសងសឹកជាមួយកីឡាករកាន់ ម៉េងហុងក្លិបនាគរាជចតុមុខ បានសម្រេច និងបានក្លាយជាម្ចាស់ប្រាក់លានទាំងលំបាក ។ រវាងគូសងសឹកមួយគូនេះក៏ធ្វើឱ្យអ្នកតាមដានការប្រកួតចាប់អារម្មណ៍ណាស់ដែរ ជាពិសេសកីឡាករកាន់ ម៉េងហុង តែម្ដង ដែលកំពុងតែឡើងកូដខ្លាំងនេះគេពិតជាមានការសោកស្ដាយខ្លាំងមែនទែន ដោយបានធ្វើឱ្យរបូតបាត់ប្រាក់លានពីក្នុងដៃ។
គូនេះប្រកួតគ្នាតាំងពីទឹកទី១ដល់ទឹកទី៥ វាយសម្រុករកគ្នាយ៉ាងសាហាវបំផុត តែលើកនេះកាន់ ម៉េងហុង ធ្វើមិនបានល្អទាល់តែសោះមានការភ្លាត់ស្នៀតបន្តិច តែធន់ ស៊ីហុង ក៏មិនស្រួលខ្លួនប៉ុន្មានដែរ ត្រូវកាន់ម៉េង ហុង វាយត្រូវស្ទើតែទ្រោមខ្លួនទៅហើយ ឈ្នះទាំងត្រដាបត្រដួសជាមួយនឹងលទ្ធផល៣-២។
គូប្រកួតដណ្ដើមប្រាក់ពីរលានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅថ្ងៃសៅរ៍នេះដែរ កីឡាករវេង សុភ័ក្ត្រ មកពីក្លិបកីឡាប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសចំណាយពេលត្រឹមតែពីរទឹកប៉ុណ្ណោះវាយផ្ដួលកីឡាករចក់ ស៊ីវិន មកពីក្លិបនាយកដ្ឋានអង្គរក្សឱ្យចុះចាញ់ដោយងាយ ។ តាមពិតចក់ ស៊ីវិន ក៏ជាកីឡាករម្នាក់ដែលមានផ្លែល្អគួរសម ប៉ុន្តែដោយសាតែគេមានការធ្វេសប្រហែសបន្តិចបណ្ដាលឱ្យវេង សុភ័ក្ត្រ ទាត់ចូលគោលដៅសំខាន់ៗពេញៗ រហូតដល់ថ្នាក់មិនអាចតស៊ូប្រកួតបាន ៕
ចែករំលែកព័តមាននេះ