ខេត្តបាត់ដំបង ៖ កសិករជាង១០គ្រួសារនៅក្នុងសហគមន៍កសិកម្ម «ខាំ.កូ» គីឡូ៣៨ នៅឃុំត្រែង ស្រុករតនមណ្ឌល បាននិងកំពុងមមារញឹកក្នុងការប្រមូលកសិផល «គ្រាប់ស្មៅ» ម្យ៉ាង ដែលគេអះអាងថា សម្រាប់លក់ទៅឲ្យសហគមន៍មួយនៃប្រទេស
កូរ៉េ ដែលមានទីផ្សារល្អជាងដំណាំពោត ។ សហគមន៍កសិកម្ម «ខាំ កូ» គីឡូ៣៨ មានសមាជិកចំនួន១៣គ្រួសារ ដែលកំពុងប្រមូលផល «គ្រាប់ស្មៅ» នេះ។ លោក អ៊ឹម សុភ័ក្រ ប្រធានសហគមន៍កសិកម្ម «ខាំ កូ» បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ២០ ធ្នូ នេះថា ដំណាំស្មៅនេះ គឺទទួលបានការឧបត្ថម្ភពូជពីពលរដ្ឋនៅសហគមន៍មួយនៃប្រទេសកូរ៉េ ដែលសហគមន៍នេះ តែងផ្ដល់ជារៀងរាល់ឆ្នាំដល់សហគមន៍របស់លោក។ ប៉ុន្តែសហគមន៍កូរ៉េ ជាអ្នកទិញយកគ្រាប់ស្មៅនេះវិញ នៅពេលប្រមូលបានផល។
![Picture]()
បើតាមលោក សុភ័ក្រ បាននិយាយថា ជារៀងរាល់ឆ្នាំសហគមន៍របស់លោក បានដាំពូជស្មៅយកគ្រាប់នេះលើផ្ទៃដីចំនួន៣០ហិកតា តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារបញ្ហា «កូវីដ១៩» សហគមន៍របស់លោកធ្វើបានតែចំនួន២០ហិកតាប៉ុណ្ណោះ។ ហើយនេះជារដូវប្រមូលផលគ្រាប់ស្មៅ លើផ្ទៃដីចំនួន២០ហិកតា ដែលកសិករទើបប្រមូលបានចន្លោះពី៣០ទៅ៤០% ។ ជា មួយនឹងការងារដ៏មមារញឹក អ្នកស្រី លាង សុផានី អាយុ៣៥ឆ្នាំ ដែលជាសមាជិក នៃសហគមន៍ «ខាំកូ» នេះដែរ បាននិយាយថា អ្នកស្រី ពេលនេះ អ្នកស្រីកំពុងប្រមូលផល «គ្រាប់ស្មៅ» នេះលើផ្ទៃដីទំហំ៣ហិកតា។ អ្នកស្រីបានប្រាប់ថា បើតាមអ្នកស្រីធ្លាប់ដាំដំណាំនេះកន្លងមក គឺអាចទទូលផលបានចន្លោះពី១,៥តោនទៅ២តោន នៃគ្រាប់ស្មៅក្នុង០១ហិចតា តែឆ្នាំនេះហាក់ធ្លាក់ចុះ ដោយសារភ្លៀងមិនទៀងទាត់។
![Picture]()
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមកសិកររូបនេះបានបញ្ជាក់អំពីទីផ្សារ និងបានប្រៀបធៀបទៅនឹងដំណាំដទៃទៀតយ៉ាងដូច្នេះថា « បើតាមខ្ញុំដាំដំណាំស្មៅនេះកន្លងមក គឺទទូលបានផលល្អជាដាំំណាំពោត។ ព្រោះពោតមានទីផ្សារមិនទៀងទាត់ រីឯដាំំណាំស្មៅយកគ្រាប់នេះមានទីផ្សារល្អជាង ក្នុង១គីឡូក្រាមតំលៃ៤,០០០រៀល គឺតំលៃស្ថេរតែម្តង តែសម្រាប់លក់ឲ្យតែសហគមន៍នៃប្រទេសកូរ៉េ តែប៉ុណ្ណោះ»។ លោក អ៊ឹម សុភ័ក្រ ក៏បានអះអាងដូចគ្នានឹងកសិករខាងលើនេះដែរ អំពីទីផ្សារគ្រាប់ស្មៅ និង អំពីការដាំដំណាំស្មៅយកគ្រាប់នេះទទូលបានផលល្អជាងដំណាំពោត។ លោកបាននិយាយថា ពូជស្មៅគឺខាងសហគមន៍កូរ៉េ ជាអ្នកផ្ដល់ឲ្យរាល់ឆ្នាំដោយមិនគិតកម្រៃទេ លុះសហគមន៍របស់លោកដាំបានផល គឺ ប្រមូលលក់ឲ្យទៅខាងសហគមន៍កូរ៉េវិញ ក្នុងតំលៃ៤,០០០រៀលក្នុង១គីឡូក្រាម គឺតំលៃស្ថេររហូតមិនចុះ មិនឡើងទេ។
![Picture]()
លោកសុភ័ក្របានបញ្ជាក់ថា ដំណាំនេះចំណាយដើមតិចជាងដំណាំពោតឬដំឡូង ព្រោះពូជស្មៅខាងកូរ៉េជូយទាំងស្រុង។ សហគមន៍របស់លោកចំណាយតែទៅលើ ថ្លៃភ្ជួរដី ថ្លៃដាំ និង ថ្លៃជី។ ក្នុង១ហិកតាដាំអស់ពូជចំនួន១៥គីឡូក្រាម ហើយអាច
ទទួលបានផលជាមធ្យម១,៥តោន។ ដូច្នេះ កសិករដែលដាំស្មៅយកគ្រាប់លក់ ទទូលបានចំណូលខ្ពស់ជាងដាំពោត បើប្រៀបធៀបលើផ្ទៃដីប៉ុនគ្នា។ នៅពេលសួរថា តើគ្រាប់ស្មៅនេះ ខាងប្រទេសកូរ៉េ គេទិញយកទៅធ្វើអ្វី បានជាគេកុម្ម៉ង់ទិញរាល់ឆ្នាំ ?
![Picture]()
លោក អ៊ឹម សុភ័ក្រ ហាក់ស្រពិចស្រពិលដែរ ពាក់ព័ន្ធនឹងតម្រូវការរបស់សហគមន៍នៃប្រទេសកូរ៉េនេះ។ ប៉ុន្តែយ៉ាងណា លោក បានបំភ្លឺប្រាប់នូវអ្វីដែលលោកធ្លាប់ឃើញ និងបានដឹងខ្លះៗថា « ខ្ញុំមិនបានដឹងឲ្យស៊ីជម្រៅទេ តែបើតាមខ្ញុំធ្លាប់ទៅប្រទេសកូរ៉ តាមរយៈសហគមន៍កូរ៉េ គឺខ្ញុំឃើញជនជាតិកូរ៉េ បានយកគ្រាប់ស្មៅនេះទៅដាំ តែពួកគេមិនដាំយកគ្រាប់ទេ គឺ គេដាំសម្រាប់ឲ្យគៅស៊ី»។ លោកសុភ័ក្រក៏បានបញ្ជាក់ផងដែរថា នៅសហគមន៍របស់លោក មិនបានដាំសម្រាប់ឲ្យគោស៊ីទេ គឺដាំយកតែគ្រាប់សម្រាប់លក់ឲ្យកូរ៉េ ហើយខាងកូរ៉េ ក៏គេមិនឲ្យយើងទុកគ្រាប់ដែរ គឺប្រមូលលក់ឲ្យពួកគេទាំងអស់ លុះដល់រដូវដាំ ទើបខាងកូរ៉េ គេផ្ដល់មកវិញ ដោយមិនគិតកម្រៃឡើយ។ ដូច្នេះ យើងចំណាយតែថ្លៃភ្ជួរដីថ្លៃឈ្នូលដាំ និងថ្លៃជីប៉ុណ្ណោះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ