ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយាលោក ហ៊ុន ម៉ាណែត គឺលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានជ្រើសតាំងជាអគ្គស្នងការ​នៃសមាគកាយឫទ្ធិកម្ពុជា អាណត្តិ ២០២១-២០២៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ(TYDA) និងជាភរិយាលោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា បោះឆ្នោត​ជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជា…

រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ(TYDA) និងជាភរិយាលោក ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា បោះឆ្នោត​ជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជា អាណត្តិ ២០២១-២០២៤។

ការបោះឆ្នោតជ្រើសតាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ជាអគ្គស្នងការថ្មីនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានធ្វើឡើង ក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-កូរ៉េ រាជធានីភ្នំពេញ។

សន្និបាតនេះ ធ្វើឡើង ដើម្បីបូកសរុបការងារអាណត្តិ ២០១៦-២០២១ និងលើកទិសដៅសម្រាប់អាណត្តិ ២០២១-២០២៤ និងដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោត ចំនួន ២០៦ សំឡេង លើ ២១០សំឡេង ក្នុងការបោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការនៃសមាគមកាយឬទ្ធិកម្ពុជា អាណត្តិឆ្នាំ២០២១-២០២៤។

កម្មវត្ថុចម្បងនៃសន្និបាតនេះ គឺសំដៅធ្វើការជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី ដើម្បីដឹកនាំសមាគម​កាយឫទ្ធិនារីកម្ពុជាជាបន្ត ក្នុងពេលអណត្តិរបស់គណៈកម្មការប្រតិបត្តិចាស់បានបញ្ចប់ និងអនុលោមទៅតាមប្រការ១១ ស្តីពីអាណត្តិការងារ និងលក្ខខណ្ឌនៃការបោះឆ្នោត” នៃលក្ខន្តិកៈ និងបទប្បញ្ញត្តិរបស់សមាគមកាយឫទ្ធិនារី​កម្ពុជាចុះថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៨។

ទោះបីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី មានការមមាញឹកក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមសំខាន់ៗជាច្រើនទៀត ក៏លោកស្រីអគ្គស្នងការ ក៏ដូចជាគណៈកម្មាធិការ​ប្រតិបត្តិថ្មីទាំងអស់ ពេញចិត្តចូលរួមកិច្ចការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាប្រកប​ដោយមោទនភាព និងភាពជឿជាក់ ហើយបានធ្វើការប្ដេជ្ញាចិត្តដោយមុតមាំនៅចំពោះមុខអង្គសន្និបាតថា នឹងប្រើអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងពេលវេលាក៏ដូចជាចំណេះដឹងដែលមានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ បន្តពីគណៈកម្មាធិការ​ប្រតិបត្តិមុន ដោយអនុលោមតាមផែនការសកម្មភាព​ការងារ និងទិសដៅការងារឆ្នាំ២០២១-២០២៤ របស់សមាគម​កាយរឹទ្ធិកម្ពុជា។ រៀបចំកែលម្អរនូវយន្តការ អនុវត្តការងារផ្ទៃក្នុងរបស់សមាគម តាមរយៈការពង្រឹងបន្ថែមលើយន្តការ ដែលមានស្រាប់ និងស្វែងរកធនធានមនុស្សដែលមានឆន្ទៈ សមត្ថភាព និងសក្តានុពលបន្ថែម ដើម្បីបំពេញតួនាទី​ភារកិច្ចរបស់សមាគម និងបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្សរបស់ខ្លួន ឲ្យកាន់តែមានគុណភាព ដើម្បីបំពេញការងារ​ជូនសមាគមប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្តពង្រីក និងបញ្ចូលសមាជិកភាពថ្មីបន្ថែមនៅក្នុងសមាគមកាយឬទ្ធិនារីកម្ពុជា នឹងខិតខំបន្តស្នើសុំអាជ្ញាធរមូលដ្ឋានខេត្តក្រុងនៅទីតាំងសម្រាប់បង្កើតទីស្នាក់ការសមាគមឲ្យបានគ្រប់រាជធានីខេត្ត។

លោកស្រីអគ្គស្នងការថ្មីបានសង្កត់ធ្ងន់ថា សង្គមមួយរីកចម្រើនជឿនលឿនទៅបាន អាស្រ័យលើធនធានមនុស្សទាំង​បុរសទាំងស្ត្រីដែលខ្លាំង។

ចំណែក​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអបអរសាទរដោយស្មោះចំពោះភាពជោគជ័យចេញពីការបោះឆ្នោតរបស់សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាដែលបានជ្រើសរើសគណៈកម្មការថ្មីចំនួន១៦ រូបដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ជាអគ្គស្នងការថ្មីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ និងបានកោតសរសើរចំពោះស្នាដៃការងាររបស់សមាគមកាយរិទ្ធនារីកម្ពុជាដែលសម្រេចបាននាពេលកន្លងមក។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានគាំទ្រ និងលើកទឹកចិត្តចំពោះគណៈកម្មាធិការថ្មីដែលបានជាប់ឆ្នោតទាំងអស់ សូមបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាទៅកាន់ជោគជ័យបន្ថែមទៀតដើម្បីបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានកុមារីស្របតាមគោលការណ៍សមាគមកាយឬទ្ធិនារីពិភពលោក។

លោកជំទាវឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាគណៈកម្មការថ្មីដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ដែលទទួលបានភារកិច្ចដ៏ថ្លៃថ្លា នេះពិតជាអាចរក្សាភាពគង់វង្សនៃការរីកចម្រើននិងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និង ស្ត្រីឲ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្ត្រី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង និងការលើកកម្ពស់សមត្ថភាពកុមារី យុវតីនិងស្ត្រីវ័យក្មេងឲ្យក្លាយជាស្ត្រីរឹងមាំដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពខ្លួនជាគន្លឹះដ៏សំខាន់សម្រាប់ផ្ដល់ឱកាសដល់ស្ត្រីឲ្យចូលរួមពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយស្ថានភាពស្ត្រីនៅកម្ពុជា។

អង្គសន្និបាតបានដំណើរការទៅដោយរលូនតាមការគ្រោងទុកដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់ប្រកបដោយមោទនភាពសម្រាប់ការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាឱ្យមានការរីកចម្រើន និងទទួលបានកិត្តិយសជាតិ និងអន្តរជាតិ ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការថ្មីគឺលោកជំទាវ ពេជ ចន្ទមុន្នី និងបានបញ្ចប់ទៅដោយបរិយាកាសរីករាយ​ស្និទ្ធស្នាលប្រកបដោយមោទនភាពក្រៃលែង៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ