ខេត្តព្រៃវែង ៖ មនុស្ស៣នាក់ ក្នុងនោះមានជីតា និងចៅប្រុស-ស្រី២នាក់ស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍ផ្ទុះក្បាលគ្រាប់ដ៏ខ្លាំងក្លាមួយ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤ ឧសភា នេះ ស្ថិតនៅក្បែរផ្ទះ ក្នុងភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះស្លាប់ទាំង៣នាក់នេះ ១-ឈ្មោះទេព ផល ភេទប្រុស អាយុ៧៣ឆ្នាំ (ជីតា) ២-ឈ្មោះផល ណារី ភេទស្រី អាយុ១៣ឆ្នាំ និង៣-ឈ្មោះផល ដារ៉ា ភេទប្រុស អាយុ៩ឆ្នាំ (ទាំង២នាក់ជាចៅ) ទាំង៣នាក់រស់នៅក្នុងផ្ទះជាមួយគ្នា។
ទាក់ទងហេតុការណ៍ផ្ទុះគ្រាប់ស្លាប់មនុស្ស៣នាក់នេះ ត្រូវសមត្ថកិច្ចឱ្យដឹងថា មូលហេតុគឺដោយសារតែជនរងគ្រោះជាជីតា បានយកក្បាលគ្រាប់ចាស់ប្រភេទ១០៥ យកទៅធ្វើជាទ្រនាប់ដំដែកធ្វើស្នឹងគោ ហើយពេលដែលគាត់កំពុងដំដែកស្នឹងគោលើក្បាលគ្រាប់នោះ ចៅៗទាំង២ក៏នៅលេងក្បែនោះដែរ ទើបពេលក្បាលគ្រាប់ក្តៅផ្ទុះ បណ្តាលឱ្យអំបែងគ្រាប់ខ្ទាតត្រូវរហូតស្លាប់ភ្លាមៗ ទាំងជីតា និងចៅៗតែម្តង ។
លោកជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានឱ្យដឹងថា ជនរងគ្រោះជាជីតា ជាជាងដំដែក ហើយក្បាលគ្រាប់ដែលផ្ទុះនោះ គឺគាត់យកមកធ្វើទ្រនាប់ដំដែកជិត៣០ឆ្នាំហើយ តែមិនដែលផ្ទុះនោះទេ ។ ស្រាប់តែវាមកផ្ទុះថ្ងៃនេះ បណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត ។
ករណីនេះត្រូវគេលើកឡើងថា វាកើតចេញពីកំហុសឆ្គងរបស់មនុស្សចាស់ ដែលប្រកបមុខរបរជាជាងដំដែក មិនរកដែកណាដែលមិនមែនជាគ្រាប់ មកធ្វើជាទ្រនាប់ទេ បែរជាយកក្បាលគ្រាប់ មកធ្វើជាទ្រនាប់ដំទៅវិញ ។ លទ្ធផលមិនត្រឹមតែស្លាប់ខ្លួនឯងទេ គឺដោយទាំងចៅៗ រហូតដល់ទៅ២នាក់ ដែលមិនដឹងអីថែមទៀត។
គួរបញ្ជាក់ថា នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង មិនមែនមានតែជនរងគ្រោះខាងលើនេះទេ ដែលយកក្បាលគ្រាប់ចាស់ៗ មកធ្វើជាទ្រនាប់ដំដែកនោះ គឺនៅមានជាងដំដែកជាច្រើនទៀត ដែលបានយកក្បាលគ្រាប់ មកធ្វើជាទ្រនាប់ដំដូចគ្នានេះដែរ ។ ដូច្នេះសូមឱ្យជាងដែកទាំងនោះ មើលករណីខាងលើនេះ ជាគំរូឈប់ប្រើក្បាលគ្រាប់ ជាទ្រនាប់ដំដែកទៀតទៅ ។
ចែករំលែកព័តមាននេះ