ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ម៉ា​ឡេ​ស៊ី​-​កម្ពុជា និយាយ​អ្វីខ្លះ​មុន​ជំនួប​បើក​ឆាក AFF SUZUKI CUP 2020 នៅ​ថ្ងៃនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក Tan Cheng Hoe បាន​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ថា ជា​ទូទៅ ការ​ប្រកួត​ដំបូង​ពិតជា​តានតឹង ព្រោះ​វា​ត្រូវការ​

រាជធានីភ្នំពេញ ៖ លោក Tan Cheng Hoe បាន​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ថា ជា​ទូទៅ ការ​ប្រកួត​ដំបូង​ពិតជា​តានតឹង ព្រោះ​វា​ត្រូវការ​ពេល​សម្រាប់​កីឡាករ​សម្រប​ខ្លួន នេះ​មិន​ទាន់​គិត​ពី​កង្វះខាត​នៃ​ការ​ប្រកួត​កម្ដៅ​សាច់ដុំ មុន​ចាប់ផ្ដើម​ការ​ប្រកួត​ផ្លូវការ​ផង ។

ជាមួយ​គ្នា​នេះ​ លោក​បាន​សរសើរ​ក្រុម​កម្ពុជា​ថា កំពុង​ធ្វើ​បាន​ល្អ​ក្រោម​ការ​ដឹកនាំ​ពី​គ្រូ​បង្គោល Ryu Hirose និង​អ្នកចាត់ការ Keisuke Honda​។

«​កម្ពុជា​កំពុង​ធ្វើ​បាន​ល្អ និង​មាន​ភាព​រីក​ចម្រើន​លឿន​មែនទែន ។ ពួក​គេ​មាន​កីឡាករ​ល្អ​ៗ​មក​ពី​ក្លិប​កំពូល​ៗ​ក្នុងស្រុក ដូច​ជា ចាន់ វឌ្ឍនាកា ជាដើម​។ វា​នឹង​មិន​ងាយស្រួល​ដូច​អ្នក​រាល់គ្នា​គិត​ទេ ។ ខ្ញុំ​មិន​ចង់​ឲ្យ​កីឡាករ​ខ្ញុំ​មាន​សង្ឃឹម​ហួសហេតុ​ពេក​ទេ​។ ពួក​គេ​ត្រូវ​តែ​លេង​តាម​របៀប​ដែល​បាន​រៀបចំ​។​» លោក Tan Cheng Hoe បន្ថែម​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ កាលពី​ថ្ងៃ​សៅរ៍​ ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ លោក Ryu Hirose គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​លើក​ឡើង​ថា​៖«​សម្រាប់​យើង​គោលដៅ​គឺ​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​លើ​ទឹកដី​របស់​យើង​។ យើង​សង្ឃឹមថា កីឡាករ​វ័យក្មេង​មានបទពិសោធន៍​ល្អ​ក្នុង​ការ​ប្រកួត​នេះ ។ យើង​បាន​ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន​ក្នុងអំឡុងពេល​មាន​ជំងឺ​កូ​វី​ដ​-១៩ ទើប​មិន​មានការ​ប្រកួត​មិត្តភាព​បាន តែ​យ៉ាងណា​គោលដៅ​របស់​យើង គឺ​នៅ​តែ​ជា​ស៊ី​ហ្គេ​ម​»​។

លោក Ryu Hirose មិន​បាន​និយាយ​ច្រើន​ជុំវិញ​ជំនួបបើក​ឆាក AFF SUZUKI CUP 2020 ជាមួយម៉ា​ឡេ​ស៊ី​ នៅ​ថ្ងៃ​ទី​៦ ធ្នូ ទេ តែបើ​តាម​លោក ភា សុ​ភ័​ក្ត្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បញ្ជាក់​ថា នៅ​ក្នុង​ការ​ហ្វឹកហាត់​ក្នុងស្រុក​គឺ​កីឡាករ​ទាំងអស់​ព្យាយាម​ធ្វើ​បាន​ល្អ ហើយ​យើង​នឹង​បន្ត​ហ្វឹកហាត់​ដោយ​ផ្ទាល់​ជាមួយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ថែម​ទៀត នៅ​ពេល​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី ។

យ៉ាងណាមិញ លោក​ថា​ការ​ចេញ​ប្រកួត​លើក​នេះ កីឡាករ​ទាំងអស់​មិនមែន​ត្រូវ​ប្រឹង​តែ​បង្កើន​សមត្ថភាព​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​យកចិត្តទុកដាក់​រឿង​សុខភាព​ប្រឆាំង​នឹង​ខែត្រជាក់​នេះ​មួយទៀត ។ លោក​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ថា «​នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ មុន​ជំនួប​បើក​ឆាករបស់​កម្ពុជា ជាមួយ ម៉ា​ឡេ​ស៊ី យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ។ យើង​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ត្រៀម​កម្មវិធី​ហ្វឹកហាត់ និង​ត្រៀម​ការ​ប្រកួត​បន្តបន្ទាប់ ។ ជា​ទូទៅ ក្រុម​គ្រូបង្វឹក បាន​សិក្សា​ស្វែង​យល់​បច្ចេកទេស​របស់​ក្រុម​នានា​ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​»​។

ចំណែក​លោក Tan Cheng Hoe គ្រូបង្វឹកក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី បាន​លើក​ឡើង​ដែរ​ថា​៖«​អ្នកគាំទ្រ​យើង​ជា​ច្រើន​មានការ​រំពឹង​ទុក​ខ្ពស់​ពី​ពួក​យើង ដូច្នេះ​សង្ឃឹមថា អ្នក​នឹង​រីករាយ​ជាមួយ​ការ​ប្រកួត​នេះ​ជាមួយ​ក្រុម​ជម្រើសជាតិ​យើង​ទាំងមូល​។

យើង​ទើបតែ​មក​ដល់​សិង្ហ​បុរី នៅ​ថ្ងៃ​ទី​៣ ធ្នូ តែ​យើងបាន​ប្រមូលផ្តុំ​នៅ​កូ​ឡា​ឡាំ​ពួរ មួយ​រយៈ ហើយ​ក៏​ជួប​បញ្ហា​មួយ​ចំនួន​ខ្លះ​ដែរ ។ ប៉ុន្តែ​ក្រុម​យើង​នៅ​តែ​ផ្តោតអារម្មណ៍ និង​មាន​សុទិដ្ឋិនិយម​ក្នុង​គ្រប់ការ​ប្រកួត​ទាំងអស់ ជា​ពិសេស​គឺ​ព្យាយាម​រក្សា​លំនឹង​ក្រុម​ជា​មុន​សិន សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ធ្នូ​»៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ