ខេត្តបន្ទាយមានជ័យ ៖ អតីតប្រាសាទកំពូលបី ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពេលនេះបានលេចចេញជារូបរាងឡើងវិញហើយ ក្រោយគេយកទៅរក្សាទុក២កន្លែងរួចមក។ អតីតប្រាសាទកំពូលបី ពេលនេះបានក្លាយជាខ្លោងទ្វារវត្តវេឡុវ័ន្តពោធិញ្ញាណ ឬហៅថា វត្តអូរឬស្សី ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល។
អតីតប្រាសាទកំពូលបីនេះ គេសាងសង់ជាខ្លោងទ្វារវត្តខាងលើ មិនខុសពីសំណៅដើមនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះទេ ជាពិសេសតោ១គូរដ៏ធំដែលពីមុនគេតាំងពីមុខ និងជាប់ខ្លោងទ្វារប្រាសាទកំពូលបី នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពេលនេះគេដាក់តាំងពីមុខខ្លោងទ្វារដូចគ្នា គ្រាន់តែថាពីមុនមានភ្ញៀវបរទេសចម្រុះជាតិសាសលើកដៃសំពះ និងអុជធូបបន់ស្រន់សុំក្តីសុខមុនបន្តដំណើរ តែពេលនេះគេតាំងមុខខ្លោងទ្វារវត្តត្រឹមតែអ្នកស្រុកធ្វើដំណើរឆ្លងកាត់ឃើញតែប៉ុណ្ណោះ។
![Picture]()
លោក សាំង ឃឺន មេភូមិអូរឬស្សី បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ខ្លោងទ្វារវត្តខាងលើចាប់ផ្តើមកសាងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានបណ្តោយពីចុងខាងកើតដល់ចុងខាងលិច ២១ម៉ែត្រ និងកំពស់ពីដីដល់កំពូលកណ្តាល១៩ម៉ែត្រ និងមានច្រកចេញចូលចំនួន៣។
មេភូមិរូបនេះបានបន្តថា ពលរដ្ឋមានការត្រេកអរ ពេលដែលឃើញកសាងរូបសំណាកប្រាសាទកំពូលបីនេះ ជាខ្លោងទ្វារវត្ត ហើយថា ក្រោយសាងសង់រួច វត្តខាងលើក៏មានមនុស្សចេញចូលទៅធ្វើបុណ្យទានច្រើនកុះករជាងកាលពីពេលមុនៗផងដែរ។
![Picture]()
អតីតខ្លោងទ្វារប្រាសាទកំពូលបី ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមួយនេះ ហាក់ច្របូកច្របល់បន្តិច បើគិតចាប់ពីពេលគេរុះរើចេញពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ អតីតប្រាសាទកំពូលបីនេះ ត្រូវបានរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃសម្រេចរុះរើ ដោយយកទីតាំងចាស់សាងសង់ជាអគារស្នាក់ការច្រកទ្វារអន្តរជាតិថ្មីដ៏ធំមួយ ដោយអះអាងថា មានរចនាបទជាខ្មែរនិងមានរូបប្រាសាទកំពូលបី។
ប្រាសាទកំពូលបីនេះ ក្រោយរុះរើពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេយកទៅរក្សាទុកលើទឹកដីកាស៊ីណូក្រែនដាយម៉ឹនស៊ីធី ស្ថិតក្នុងភូមិប៉ោយប៉ែត ក្បែរច្រកទ្វារ ក្នុងអំឡុងលោកសានស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត។
![Picture]()
ក្នុងឆ្នាំដដែលនោះ អាជ្ញាធរក្រុងក៏បានសម្រេចយកទីតាំងរង្វង់មូលច្រកទ្វារធ្វើជាទីតាំងទម្រោប្រាសាទឋានសួគ៌ ដោយឈូស និងរើរង្វង់មូលចាស់ចោលអស់។ ហើយពិធីក្រុងពិលីទម្រោប្រាសាទឋានសួគ៌នេះ ត្រូវបានប្រារពធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានអាជ្ញាធរខេត្ត-ក្រុងតំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងតំណាងក្រសួងមួយចំនួនចូលរួមចាក់ឡាយតាមកញ្ចក់ទូរទស្សន៍ និងតាមដងផ្លូវមាត់ច្រកទ្វារទៀតផងដែរ។
ទីបំផុតទម្រោប្រាសាទឋានសួគ៌ សាងសង់ឡើងមិនទាន់ចប់សព្វគ្រប់ផង ពោលគឺទើបបានប្រហែល៦០ភាគរយ និងអស់ទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ដែលជាថវិការជួយពីសប្បុរសជននានា ស្រាប់តែក្រសួងមហាផ្ទៃបានចេញលិខិត១ច្បាប់កាលពីចុងខែកក្កដា ឆ្នាំ២០២០ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ រុះរើទម្រោសំណាកប្រាសាទកំពូលបីនេះចេញ។
![Picture]()
ហើយនៅថ្ងៃទី១២ ខែតុលា ខែឆ្នាំដដែល គេធ្វើពិធីរុះរើទម្រោសំណាកប្រាសាទកំពូលបីនេះតែម្តង ដោយបដិសេធន៍ថា គ្មានច្បាប់ ឬថាការសាងសង់នេះនឹងមានផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវៀង ព្រះរាជាណាចក្រកម្ពុជា និងថៃ។ ហើយថាទីតាំងរុះរើចេញនេះ គឺដើម្បីរក្សាទុកធ្វើជាសួនច្បារដូចដើមឡើងវិញ។
មិនបាន២ខែផង ជើងទម្រោប្រាសាទសួគ៌ ក៏ត្រូវគេរុះរើខ្ទេច ប៉ុន្តែមកទល់ពេលនេះ ទីតាំងរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅមេម៉ាយមានតែដី និងស្មៅ មិនទាន់មានការកែប្រែទៅជាអ្វីនៅឡើយទេ។
![Picture]()
គួររបញ្ជាក់ថា ក្រោយពេលគេស្ទូចអតីតប្រាសាទកំពូលបី ចេញពីមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អ្នកស្រុកក៏ដូចជាអ្នកធ្លាប់ឆ្លងកាត់ច្រកទ្វារមួយនេះ មានការសោកស្តាយ ដោយខ្លះក៏បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ចង់ឃើញកំពូលប្រាសាទចាស់រះចំទីតាំងថ្មីណាមួយដែលអាចឲ្យភ្ញៀវទេសចរណ៍បរទេសបានឃើញដូចពីមុន ព្រោះរូបកំពូលប្រាសាទនេះ គឺជាតំណាងឲ្យអត្តសញ្ញាណជាតិខ្មែរ គឺប្រាសាទអង្គរវត្ត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ