ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ចង់ឃើញកម្ពុជារួចផុតពីការគំរាមកំហែង ដោយសារមីនត្រឹមឆ្នាំ២០២៥ តាមរយៈដៃគូរអភិវឌ្ឍនានា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សារលិខិត​មួយ​ច្បាប់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​សង្ឃឹម និង​អំពាវនាវ​ដល់​គូ​អភិវឌ្ឍ​នានា ផ្ដល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មីន​កាន់តែ​ខ្លាំងក្លា ដើម្បី​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ត្រឹម​ឆ្នាំ​២០២៥ ។…

រាជធានី​ភ្នំពេញ ៖ តាម​សារលិខិត​មួយ​ច្បាប់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​សង្ឃឹម និង​អំពាវនាវ​ដល់​គូ​អភិវឌ្ឍ​នានា ផ្ដល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មីន​កាន់តែ​ខ្លាំងក្លា ដើម្បី​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ត្រឹម​ឆ្នាំ​២០២៥ ។

Picture

យោង​តាម​សារលិខិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន​ចំពោះ «​មិត្ត​វិស័យ​មីន​» នា​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួល​រលំ នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បាន​ទទួល​នូវ​សិទ្ធិ និង​សេរីភាព​នៃ​ការ​រស់រាន​មានជីវិត​ពេញលេញ ។ ស្ថិត​ក្រោម​គោលនយោបាយ ឈ្នះ​-​ឈ្នះ នា​ចុងឆ្នាំ​១៩៩៨ កម្ពុជា​បាន​ទទួល​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​ឯកភាព​ជាតិ ពាសពេញ​ផ្ទៃ​ប្រទេស​ជាមួយនឹង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

Picture

ក្នុង​លិខិត​សម្ដេច​តេ​ជោ បន្ដ​ថា ទន្ទឹម​នឹង​នោះ​កម្មវិធី​បោសសម្អាត​មីន​មនុស្សធម៌ ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ច​លករ​មួយ​យ៉ាង​សំខាន់ នាំ​មក​នូវ​កិច្ច​គាំពារ ការ​ការពារ​សន្តិភាព សុវត្ថិភាព និង​ការ​អភិវឌ្ឍ​ជូន​ដល់​ប្រជាជន​និង​ប្រទេស​ជាតិ ។

សម្ដេច​ថា កម្ពុជា​បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ប្រកបដោយ​ជោគជ័យ​គួរ​ជាទី​មោ​ទ​ន​ដោយ​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​បាន​ទទួលស្គាល់ អបអរសាទរ និង​ជួយ​គាំទ្រ​ដល់​វិស័យ សកម្មភាព​មីន ដើម្បី​ឲ្យ​កម្ពុជា​រួច​ចាក​ផុត​ទុក្ខ​ពី​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​បន្តបន្ទាប់ ។

Picture

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​ក៏​អរគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍ​ប្រទេស​ជា​មិត្ត និង​អង្គការ​សប្បុរសធម៌​ទាំងអស់ ដែល​បាន និង​កំពុង​ផ្តល់​វិភាគទាន​ដ៏​ថ្លៃ​ថ្ល និង​មាន​តម្លៃ​ជា​ថវិកា​ឧបករណ៍​សម្ភារៈ និង​ការ​កសាង​សមត្ថភាព សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ព្រមទាំង​បាន​ផ្តល់​ភាព​ជា​ដៃគូ យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ការងារ​ថែរក្សា​សន្តិភាព ការ​សង្គ្រោះ​ជីវិត ការ​កាត់ បន្ថយ​ភាព​ក្រីក្រ និង​ការ​ស្តារ​សេដ្ឋកិច្ច​សង្គម ។

Picture

សារលិខិត​សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ដៃគូ​អភិវឌ្ឍ ប្រទេស​ជា​មិត្ត អង្គការ​សប្បុរសធម៌​ក៏​ដូច​ជា វិស័យ​ឯកជន​បន្ត​ការ​ជួយ​គាំទ្រ ផ្ដល់​កិច្ចសហការ និង​ភាព​ជា​ដៃគូ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ជាមួយ​អាជ្ញាធរ​មីន ដែល​ជា​សេនាធិការ​របស់ រាជរដ្ឋាភិបាល​លើ​វិស័យ​មីន ដើម្បី​ឲ្យ​កម្ពុជា​បាន​រួច​ផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ត្រឹម​ឆ្នាំ​២០២៥ ដូច​ការ​តាំងចិត្ត​ដែល​មាន​ចែង​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​។ យើង​ទាំងអស់​គ្នា បាន​ចាប់ផ្ដើម​រួម​គ្នា ហើយ​យើង​នឹង​បញ្ចប់ ការងារ​របស់​យើង​ជាមួយ​គ្នា ដើម្បី​ឆ្ពោះទៅ​រក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥»​។

Picture

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​អរគុណ​ដល់​ប្រតិបត្តិ​ករ​ជាតិ អន្តរជាតិ ដែល​បាន និង​កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន​លើ​ទឹកដី​កម្ពុជា ពោរពេញ​ដោយ​បទ​ពិសោធន៍ និង​វិជ្ជាជីវៈ​ខ្ពស់ ជា​ពិសេស​ជូន បងប្អូន​អ្នក​ដោះ​មីន​ទាំងអស់ ដែល​កំពុង​បំពេញ​បេស​ក កម្ម​ប្រកបដោយ​គ្រោះថ្នាក់ និង​ហានិភ័យ​ខ្ពស់ ក្នុង​ការ​រំដោះ​ផ្ទៃដី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ជាតិ​៕