ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ឯក​ភ្នំ​ ចេញ​មុខ​បដិសេធ​រឿង​«មាន​ដី​នៅ​តំបន់​៣​» ជួល​ឱ្យពលរដ្ឋ​ធ្វើស្រែ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិ​ល សុផល បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗចំពោះ​ព័​ត៌​មាន​នានា​ដែល​ថា លោក​មាន​ដី​រាប់​សិប​ហិក​តា​នៅ​ក្នុង​តំបន់​៣ នៅ​ក្នុង​ទឹកដី​ស្រុក​ឯក​ភ្នំ បាន​ជួល​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ…

ខេត្តបាត់ដំបង ​៖ អភិបាលស្រុក​ឯក​ភ្នំ លោក ម៉ិ​ល សុផល បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗចំពោះ​ព័​ត៌​មាន​នានា​ដែល​ថា លោក​មាន​ដី​រាប់​សិប​ហិក​តា​នៅ​ក្នុង​តំបន់​៣ នៅ​ក្នុង​ទឹកដី​ស្រុក​ឯក​ភ្នំ បាន​ជួល​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ ដែល​ពេល​នេះ​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ចុះ​បង្ក្រាប​ ។

កាលពី​ព្រឹក​ថ្ងៃ​ទី ០២ ធ្នូ កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ស្រាវជ្រាវ​នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក ហើយ​បាន​ប្រទះ​ឃើញ​គ្រឿងយន្ត និង​សម្ភារ​មួយ​ចំនួន​នៅ​ក្នុង​ដី​ធ្វើស្រែ​មួយ​កន្លែង ដែល​សមត្ថកិច្ច​អះអាង​ថា ស្ថិត​នៅ​ក្នុង​ «​តំបន់​៣» ត្រង់​ចំណុច​បឹង​ខ្មៅ ក្នុងភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដែល​ម្ចាស់​បាន​រត់​ចោល​មុន​ពេល​កម្លាំង​ចុះ​ទៅ​ដល់​ ។ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង​ទាំងនោះ មាន​រថយន្ត​ច្នៃ​សម្រាប់​វ៉ៃ​ដី ស្រូវពូជ​​ជា​ច្រើន​កា​រ៉ុ​ង និង​សម្ភារ​មួយ​ចំនួន​ទៀត​ ។ ប្រជា​កសិករ​ដែល​ធ្វើស្រែ​នៅ​កន្លែង​នោះ បាន​រត់​ចោល​សម្ភារមុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ តែ​គេ​បាន​ស្គាល់​ម្ចាស់​គ្រឿងចក្រ ​គឺ​ឈ្មោះ រ៉ុ​ត ភេទ​ប្រុស​។

ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​ភ្លាម​ៗ​នេះ មាន​ប្រភព​មិន​ច្បាស់លាស់​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​សមត្ថកិច្ច​ថា «​ដីស្រែ​នៅ​ចំណុច​បឹង​ខ្មៅ ដែល​ត្រូវ​បង្ក្រាប​នោះ គឺ ពលរដ្ឋ​បាន​ជូ​ល​ពី​លោក​ចៅហ្វាយស្រុក​ឯក​ភ្នំ​»​។ លោក ម៉ិ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​ចេញ​មុខ​បដិសេធ​ភ្លាម​ៗ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌មាន​ស្រពិចស្រពិល​នេះ​។ លោក បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី ០៣ ធ្នូ នៅ​សាលាស្រុក​ឯក​ភ្នំ​ថា លោក​គ្មាន​ដី​នៅ​តំបន់​«​បឹង​ខ្មៅ​» នោះ​មួយ​ចំអាម​ទេ ហើយ​ក៏​មិន​មាន​ដី​នៅ​កន្លែង​ដ៏​ទៃ​ទៀត នៅ​ក្នុង​ស្រុក​ឯក​ភ្នំ សម្រាប់​ជួល​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ដែរ ​។ ដូច្នេះ​ លោក​សូម​បដិសេធ​រាល់​ព័​ត៌មាន​នានា ដែល​អះអាង​ថា លោក​មាន​ដី​នៅ​ចំណុច​«​បឹង​ខ្មៅ​» ហើយ​ស្ថិត​ក្នុង​«​តំបន់​៣» ជួល​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​។

នៅ​ថ្ងៃ​ដដែល​នេះ កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង ដើម្បី​បាន​ជួប​សួរនាំ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​០៣​នាក់ ដែល​បាន​ធ្វើស្រែ​នៅ​ចំណុច ​«​បឹង​ខ្មៅ​» ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​ ។ ប្រជាពលរដ្ឋ​ទាំង​០៣​នាក់​នោះ​ មាន ១-​ឈ្មោះ វុន រ៉ុ​ត ភេទប្រុស ​អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​គង់​ទុំ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ២​-ឈ្មោះ ប៉េង វុ​ទ្ធា ភេទប្រុស​ អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ព្រែក​ព្រះ​ស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ ម៉ី ដា ប្រុ​អាយុ​៤២​ឆ្នាំ នៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ។

កសិករ​ទាំង​០៣​នាក់​នេះ បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា « ពួក​ខ្ញុំ​មិន​បានដឹង​ថា ដីស្រែ​ដែល​ខ្ញុំ​ជួល​ធ្វើ​នោះ​ជា​ដី​នរណា​ទេ តែ​ជាក់ស្ដែង​ពួក​ខ្ញុំ​បាន​ជួល​ពី​ឈ្មោះ ស្រ៊ា​ង សុខ​ស្រ៊ុ​ន នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ដែល​មាន​ផ្ទៃដី​ទំហំ​៥០​ហិក​តា​»​។ កសិករ​ទាំង​០៣​នាក់​នេះ បាន​បដិសេធ​ចំពោះ​ព័​ត៌​មាន​នានា ដែល​ថា ពួក​គេ​បាន​ជួល​ដីស្រែ​នោះ​ពី​លោក​អភិបាលស្រុក​ឯក​ភ្នំ​។

កសិករ​ឈ្មោះ វុន រ៉ុ​ត បាន​បញ្ជាក់​អំពី​ការ​សម្រេច​ជួល​ដី​នោះ​ធ្វើស្រែ​ថា «​តាម​ពួក​ខ្ញុំ​មិន​បានដឹង​ថា ដីស្រែ​ដែល​ពួក​ខ្ញុំ​ជួល​នោះ​ស្ថិត​ក្នុង​តំបន់​២​ឬ​៣​នោះ​ទេ ព្រោះ​ដីស្រែ​នោះ​ត្រូវ​បាន​គេ​ធ្វើ​រាល់​ឆ្នាំ ហើយ​ពួក​ខ្ញុំ​ទើប​ជួល​ឆ្នាំ​នេះ​ទេ​។ លុះ​ចាប់​ចុះ​ធ្វើ​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប​។ ប៉ុន្តែ​ខ្ញុំ​បាន​ផ្អាក​សកម្មភាព​តាំងពី​ថ្ងៃ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដំបូង​ម្ល៉េះ តែ​មិន​ទាន់​បាន​ប្រមូល​សម្ភារ​យក​មក​ផ្ទះ​»​។

ទោះ​យ៉ាងណា ពេល​នេះ​កម្លាំង​កងរាជអាវុធហត្ថ បាន​ដកហូត​សម្ភារ​បង្កបង្កើន​ផល និង រថយន្ត​ច្នៃ​វ៉ៃ​ដី​មួយ​គ្រឿង យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ចាត់វិធានការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ