ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង សាងសង់បានជិត៥៥%
ខេត្តកោះកុង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១…
ខេត្តកោះកុង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១…
ខេត្តកោះកុង ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ក្រសួងពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន តំណាងក្រសួងរ៉ែ និងថាមពល អភិបាល នៃគណៈអភិបាល ខេត្តកោះកុង តំណាងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ ។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត(បាត់ដំបង)-វាលវែង(ពោធិ៍សាត់) -អូរសោម(ពោធិ៍សាត់) ដល់ក្រុងខេមរភូមិទ្ទ(កោះកុង) សាងសង់ស្របតាមបទដ្ឋានបច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវ សរុបចំនួន ៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៣កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ ។
គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ វឌ្ឍនភាពការងារជារួមសម្រេចបាន ៥៤,៨៩% ។ គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការថែរក្សាបរិស្ថាន ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញ ដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រ សមស្របសម្រាប់ការសាងសង់ ។
គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣ ។
គួរកត់សម្គាល់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង ។
គួររំឭកផងដែរថា នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះ ត្រូវបានធ្វើសមាហរណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ ៕
ចែករំលែកព័តមាននេះ