ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ចាក់សំរាម ទី​១ ដែល​សង់​ឡើង​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ គឺ​នៅ​ខេត្ត​ព្រះ​សីហ​នុ

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១ បាន​ថ្លែង​ថា ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ទីលាន​ទី​១ នៅ​កម្ពុជា ដែល​បាន​សាងសង់​ឡើង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ។

លោក នេត្រ ភក្ត្រា ថ្លែង​ឲ្យ​ដឹង​បែប​នេះ​នៅ​ក្នុងអំឡុងពេល ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​គ្រប់គ្រង​សំណល់​រឹង សំរាម​នៅ​ទីលាន​ចាក់សំរាម​របស់​ខេត្ត​ព្រះ​សីហ​នុ ។ ទីលាន​ចាក់សំរាម​នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​បាន​ផ្ទេរ​មក​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​បន្ត​ថា តាម​បទដ្ឋាន​បច្ចេកទេស ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សាងសង់​ទីលាន​នេះ គម្រោង​សម្រាប់​ចាក់សំរាម រយៈពេល ៥​ឆ្នាំ ដោយ​កាយ​មាន ៤​រណ្តៅ ទំហំ​ជាង ៥​ហិ​កតា ដែល​អាច​កាយ​កប់​សំរាម ៧​ស្រទាប់ និង​មាន​កម្ពស់ ២១​ម៉ែត្រ ដែល​តាម​ការ​គណនា​អាច​ផ្ទុក​សំរាម ជិត​១​លាន​តោន ។

លោក នេត្រ ភក្ត្រា បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ ទីលាន​ចាក់សំរាម ដែល​មាន​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស របៀប​នេះ យ៉ាង​ហោច ៦ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ ដែល​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ រួម​មាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក​ជាដើម ។ មាន​ដូច​ជា ៖ ទីលាន​ចាក់សំរាម​នៅ​ខេត្ត​កែប​, កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង និង​កំពត​ជាដើម ។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងបរិស្ថាន នឹង​ធ្វើការ​ជាមួយ​ដៃគូ​បន្ថែម​ទៀត ដើម្បី​សាងសង់​ទីលាន​ចាក់សំរាម ស្រប​តាម​បច្ចេកទេស​ដូច​ជា សៀមរាប ខេត្តបន្ទាយមានជ័យ ដែល​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល នឹង​គ្រប់គ្រង​សំណល់​រឹង​សំរាម ឲ្យ​បាន​ល្អ ដែល​ជា​គោលបំណង នៃ​គោលនយោបាយ​ជាតិ​គ្រប់គ្រង សំណល់​រឹង​សំរាម ដែល​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត ។

លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល ធ្វើការ​គ្រប់គ្រង​កាក​សំណល់​រឹង​សំរាម​ឲ្យ​បាន​ល្អ ដែល​ជា​ផ្នែក​មួយ នៃ​គោលនយោបាយ​ជាតិ ហើយ​អ្វី​ដែល​សំខាន់​គឺ ក្រសួងបរិស្ថាន នឹង​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​គ្រប់គ្រង​សំរាម​នៅ​តាម​ទីប្រជុំជន ។

ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ​ដែរ លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ សំណល់​សំរាម ត្រូវ​បាន​បង្កើត​ឡើង​មាន​ប្រមាណ​ជាង ១​ម៉ឺន​តោន ហើយ​ក្នុង​មួយ​ឆ្នាំ សំណល់​សំរាម​មាន​ប្រមាណ ៤​លាន​តោន ។ ដោយឡែក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​សំរាម​ចន្លោះ​ពី ៣៥០-៤០០​តោន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មួយ​ថ្ងៃ ។ តាម​ការ​សិក្សា ក្នុង​ចំណោម​សំរាម​ទាំងនេះ គឺ​មាន ៦៥ ភាគរយ គឺជា​សំរាម​សំណល់ សរីរាង្គ​, ២០ ភាគរយ​ជា​សំណល់ ប្លា​ស្ទិ​ក ហើយ​នៅ​សល់​ប៉ុន្មាន គឺជា​សំណល់​រឹង ។

លោក នេត្រ ភក្ត្រា ឲ្យ​ដឹង​ទៀត​ថា ក្នុង​កំណើន​សំរាម​ប្រចាំឆ្នាំ​ចន្លោះ​ពី ១០% ទៅ ១៥% នោះ​អាច​នឹង​ធ្វើ​ឲ្យ​ទីលាន​ចាក់សំរាម ដែល​គ្រោង​ចាក់ រយៈពេល ៥​ឆ្នាំ ប្រែប្រួល និង​អាច​ប្រើប្រាស់​មិន​បាន​គ្រប់ពេលវេលា​កំណត់ ព្រោះ​កំណើន​សំរាម​កើនឡើង ហើយ​ការ​ដកហូត​យក​ទៅ​កែ​ច្នៃ នៅ​មាន​កម្រិត ។ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់ ក្នុង​ការ​គ្រប់គ្រង​សំណល់​សំរាម​នេះ ដោយសារ​ខេត្ត​នេះ​ជា​ខេត្ត​គោលដៅ ប្រែ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។

ដោយឡែក លោក ហុ​ក សុ​ផា​ន់​ណា​រ៉ូ នាយក​គ្រប់គ្រង​ទីលាន​សំរាម​ទីប្រជុំជន​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​លើក​ឡើង​ថា ទីលាន​ចាក់សំរាម​អូរ​តា​សេក ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​មួយ​ថ្ងៃ សំរាម​ដែល​បាន​ចោល ផ្អែក​តាម​ការ​គណនា​ស្ថានភាព​ជាក់ស្តែង បរិមាណ​សំរាម​ដែល​យក​មក​ចាក់​ទីលាន​ក្នុង​រយៈពេល ២៥​ថ្ងៃ (​ចាប់ពី​ថ្ងៃ​ទី​០៥-៣០ ខែវិច្ឆិកា​) មាន​ចំនួន ១០,៥៧៤​តោន ដែល​គិត​ជា​មធ្យម មាន​សំរាម​ប្រមាណ ៤០០​តោន ក្នុង​មួយ​ថ្ងៃ ដែល​យក​មក​ចាក់​នៅ​លើ​ទីលាន ហើយ​សំរាម​ទាំងនេះ គឺ​មិនមែន​មក​តែ​ពី​ក្រុងព្រះសីហនុ​នោះ​ទេ វា​ក៏​មក​ពី​ស្រុក​ព្រៃ​នប់ ដែល​អនុវត្ត​ប្រតិបត្តិ​ករ ចំនួន​ពីរ​ក្រុមហ៊ុន ។

លោក​បាន​ឲ្យ​ដឹង​ថា នៅ​ទីលាន​ចាក់សំរាម ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ ក្រៅពី​កន្លែង​ទុកដាក់​សំរាម​ប្រកបដោយ​ស្តង់ដា​ហើយ គេ​នៅ​ធ្វើការ​បែងចែក​ត្រឹមត្រូវ ដោយ​ក្នុង​នេះ​ប្រភេទ​សំរាម​នីមួយ​ៗ គេ​អាច​យក​ទៅ​កែ​ច្នៃ ប្រើប្រាស់ តាម​ប្រភេទ​របស់ វា​នីមួយ​ៗ ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ