ខេត្តកំពត ៖ សំរាមគឺជាប្រភពចម្លងមេរោគ ហើយវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរថែមទៀតផង ។ ប៉ុន្តែមានពលរដ្ឋយើងមួយចំនួន បានយកសំរាមទៅចាក់ចោលនៅផ្លូវបេតុងមួយជាប់នឹងរបងរោងចក្រដេរស្បែកជើងផ្សារដីហុយ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឲ្យជះក្លិនមិនល្អប៉ះពាល់ដល់កម្មករកម្មការនី ដែលធ្វើការក្នុងរោងចក្រផង ប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅក្បែរផ្លូវបេតុងមួយខ្សែនេះផង និងទាំងពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបេតុងនេះផងដែរ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវនេះ បានប្រាប់អ្នកយកព័ត៌មានយើងថា សំរាមដែលគេយកមកចោលលើផ្លូវនេះ បានជះក្លិនប៉ះពាល់ដល់ពលរដ្ឋដែលមានលំនៅឋានក្បែរផ្លូវនេះពុំមានលស់ថ្ងៃទេ ដោយសារគេពុំសូវឃើញរថយន្តប្រមូលសំរាមមកដឹកចេញឲ្យបានឆាប់ ។ កន្លងមក គេឃើញសំរាមនៅលើផ្លូវនេះត្រូវគរចោលយូរថ្ងៃ ទម្រាំរថយន្តប្រមូលសំរាមមកដឹកចេញម្តងៗ គឺទុកដល់តែឆ្កែហែករាយប៉ាយពេញផ្លូវក៏មាន ។
បញ្ហាមានអ្នកយកសំរាមមកចោលលើផ្លូនេះ មានប្រជាពលរដ្ឋបានរាយការណ៍ថា គេសង្កេតឃើញមានពលរដ្ឋមួយចំនួន ដែលរស់នៅម្តុំផ្លូវទំនប់ទៅសង្កាត់ត្រើយកោះ មានអ្នកខ្លះនៅមុខផ្ទះរបស់ខ្លួនមិនព្រមដាក់ទុកឲ្យរថយន្តមកដឹកនោះទេ គេបែរជាខ្ចប់ដាក់ក្នុងថង់ប្លាស្ទិកហើយយកទៅចោលលើផ្លូវបេតុងនេះនៅពេលយប់ ដើម្បីកុំឲ្យអ្នកមានលំនៅឋានក្បែរនោះ ឬអាជ្ញា
ធរនិងសមត្ថកិច្ចល្បាតឃើញ ។

ប៉ុន្តែ ចំពោះទង្វើមិនល្អរបស់ជនខិលខូចលួចលាក់យកសំរាមមកចាក់ចោលលើផ្លូវ ដោយលាក់កំបាំងពីភ្នែកអាជ្ញាធរភូមិ-សង្កាត់យ៉ាងណា ក៏មានពលរដ្ឋល្អគេចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមការពារបរិស្ថានដែរ ហើយបងប្អូនបានថតរូបភាពអ្នកយកសំរាមមកចោលពេលយប់លើផ្លូវបេតុង ផ្ញើជូនអ្នកសារព័ត៌មានឲ្យផ្តិតយករូបភាពចុះផ្សាយផងដែរ ។
ទាក់ទិននឹងបញ្ហាខ្វះការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរភូមិ-សង្កាត់អណ្តូងខ្មែរ ដែលធ្វើឲ្យជនមួយចំនួនយកសំរាមពីផ្ទះរបស់ខ្លួនមកចោលគរលើផ្លូវបេតុងខាងលើនេះ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅអាជ្ញាធរសង្កាត់ដើម្បីសាកសួរដែរ តែទូរសព្ទ័មិនអាចទាក់ទងបាន ។
ភ្នាក់ងារយើងបានភ្ជាប់ទូរសព្ទ័ទៅលោក លាង រឿនសុទ្ធី អភិបាលក្រុងកំពត ដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះ ហើយលោកបានប្រាប់ថា អាជ្ញាធរភូមិ-សង្កាត់រហូតដល់ក្រុង បានធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការថែរក្សាអនាម័យបរិស្ថាននៅតាមទីប្រជុំជន ក៏ដូចនៅតាមមុខលំនៅឋានរបស់បងប្អូន ។ សំរាម និងកាកសំណល់ត្រូវមានការវេចខ្ចប់ទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ មិនត្រូវចោលពាសវាលពាសកាលបានទេ តែនៅទីប្រជុំជន(ក្នុងផ្សារ)យើងធ្វើបានល្អ។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាយផ្សារឬជាយក្រុង ច្រើនតែមានបងប្អូនពលរដ្ឋខ្លះមិនយកចិត្តទុកដាក់តាមសំណូមពរ និងការណែនាំរបស់អាជ្ញាធរទេ បង្កភាពអនាធិបតេយ្យក្នុងការចោលសំរាមពាសវាលពាសកាលនេះ ។

លោកអភិបាលក្រុងមានប្រសាសន៍ថា ទោះបីជាយ៉ាងណា ក្រោយពីចប់អាណត្តិក្រុមហ៊ុនប្រមូលសំរាមចាស់ទៅ អាជ្ញាធរខេត្ត ដោយផ្អែកលើអនុក្រឹត្យលេខ១១៣ បានបង្កើតសមាគមប្រមូលសំរាមថ្មី ដែលមានឈ្មោះថា កំពតបៃតង គឺគ្រប់គ្រងដោយសមាគមប្រមូលសំរាម ។
លោកអភិបាកក្រុងបានរំឭកថា កន្លងមកមានបងប្អូនមួយចំនួនបានគេចវេះ មិនព្រមចូលរួមបង់ថ្លៃសេវាសំរាមតាមផ្ទះរបស់ខ្លួនទេ ទើបមានអ្នកវេចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗចោលពាសវាលពាសកាល ។ ដូច្នេះហើយចាប់ពីពេលនេះទៅ អាជ្ញាធរនឹងចាត់វិធានការលើបុគ្គលណាដែលមិនគោរពច្បាប់ ស្តីពីការសំអាតអនាម័យបរិស្ថាន និងមិនចូលរួមបង់សេវាសំរាមតាមផ្ទះរបស់ខ្លួន បើមិនគោរព គឺត្រូវតែផាកពិន័យឲ្យតឹងរ៉ឹងបំផុត ទើបក្រុងកំពតរបស់យើងមានអនាម័យល្អ សក្តិសមជាក្រុងកំពតបៃតង និងជាខេត្តតំបន់ឆ្នេរស្អាតនាទិសនិរតី ៕


ចែករំលែកព័តមាននេះ