ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ការពារ​ព្រៃ​និង​មន្ត្រី​ការពារ​ធនធានធម្មជាតិ​កុំ​មើល​គ្នា​ក្នុង​ភាព​ជាស​ត្រូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ឆ្នាំ​២០១៥-២០១៦

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ឆ្នាំ​២០១៥-២០១៦ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦-២០១៧ នា​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​សាលសន្និសីទ​ចតុមុខ អំពាវនាវ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ការពារ​ព្រៃឈើ ។ សូមកុំ​មើល​គ្នា​ក្នុង​នាម​ជាស​ត្រូវ រវាង​អ្នក​ការពារ​ព្រៃឈើ និង​រដ្ឋបាល​ដែល​ទទួល​បន្ទុក​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ ។

ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ត្រូវ​មើល​គ្នា​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​ការពារ​ធនធានធម្មជាតិ​របស់​ជាតិ ។ ពី​នេះ​ទៅ​មុខ យើង​ត្រូវ​តែ​ទទួលយក​នូវ​ការ​ចូលរួម​មួយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពី​សំណាក់​សហគមន៍ អង្គការ​សង្គម​ស៊ី​វិល​…​។ រឿង​នេះ​វា​អត់​ពិបាក​ទេ យើង​ជា​ជនជាតិ​ខ្មែរ​ដូច​គ្នា យើង​ចង់​ការពារ​ដើមឈើ​ទាំងអស់​គ្នា ។

ទាក់ទង​នឹង​ករណី​នេះ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ដូច​ជា​នៅ​ព្រៃ​ឡង់​ជាដើម ព្រៃ​ឡង់​មិនមែន​សុទ្ធតែ​ជា​ព្រៃ​ទាំង​អស់នោះ​ទេ គឺ​មាន​ស្ថានភាព​ស្បែក​ខ្លា​តាម​រយៈ​ភូមិករ​របស់​ពួក​គាត់​នៅ​កន្លែង​នោះ យើង​ធ្វើការ​វាស់វែង​នៅ​កន្លែង​នោះ​ទៅ​ប្រគល់​ជូន​គាត់​ប៉ុន្មាន ដែល​ពួក​គាត់​ត្រូវ​ទទួលផល​ពី​តំបន់​នោះ ។ តាម​រយៈ​ពួក​គាត់​រស់នៅ​កន្លែង​នោះ យើង​ក៏​ត្រូវ​តែ​ខំ​បង្កើត​មុខរបរ​ថ្មី​ឱ្យ​ពួក​គាត់ ដែល​ពី​មុន​គាត់​ពឹងពាក់​ទៅ​លើ​ការ​កាប់​អុស ពឹងពាក់​ទៅ​លើ​ការ​កាប់​ឈើ ពឹងពាក់​ទៅ​លើ​ការ​ចាប់​សត្វព្រៃ ពឹងពាក់​ទៅ​លើ​អ្វី​ផ្សេង​ៗ​ទៀត ដែល​ចេញពី​អនុ​ផល​ព្រៃឈើ​ទៅ​ជា​មុខរបរ​មួយ ដែល​ទទួល​បាន​ផល​ក្រៅពី​ការ​ចាប់​សត្វ​…​ត្រូវ​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ​។

តាម​ដឹង ពួក​គាត់​ក៏​មាន​បំណង​ត្រៀម​បម្រុង​ដើម្បី​នឹង​ធ្វើ​កិច្ចការ​នេះ ហើយ​ដៃគូ​មិត្តភក្តិ​ក៏​នឹង​អាច​ចូលរួម​ចំណែក​ដើម្បី​ចូលរួម​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ជួនកាល​ពួក​គាត់​អាច​មាន​សិប្បកម្ម​នៅ​ក្នុង​កន្លែង​នោះ​ផង​ដែរ ជួនកាល​អាច​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​តំបន់​នោះ ដែល​ពួក​គាត់​អាច​រក​ធ្វើ​អាជីវកម្ម​បាន ច្រើន​ជាង​គាត់​ពឹងពាក់​ទៅ​លើ​ផល​ដែល​បាន​មក​ពី​ការ​រក​ឈើ ។

ដូច្នេះ ប្រជាពលរដ្ឋ​ពួក​គាត់​មាន​ភ្នែក​ច្រើន​ណាស់ ហើយ​ប្រជាពលរដ្ឋ​គាត់​មិន​ទទួលផល​ពី​អ្នក​កាប់​ឈើ​ទេ ដូច្នេះ​ពួក​គាត់​ស្អប់​អ្នក​កាប់​ឈើ​ខុសច្បាប់ ពួក​គាត់​ច្បាស់​ជា​រាយការណ៍​ឱ្យ​យើង ប៉ុន្តែ​ទាល់តែ​យើង​ស្មោះត្រង់​ដែរ នៅ​ពេល​ពួក​គាត់​ផ្តល់​របាយការណ៍​ឱ្យ​យើង យើង​ត្រូវ​ទៅ​ពិនិត្យ​ហើយ​ចាត់វិធានការ​ភ្លាម ។ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នឹង​អស់​មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច ហើយ​ពួក​គាត់​នឹង​ថ្កោលទោស​ថា រាយការណ៍​ឱ្យធ្វើ​អ្វី បើ​ពួក​គេ​ត្រូវ​តែ​គ្នា​…​។

សម្តេច​តេ​ជោ​បាន​បញ្ជា​ឱ្យ​គ្រប់​វិទ្យុ ទូរទស្សន៍ កុំ​ខ្លាច​នឹង​ធ្វើការ​ថត​ផ្សាយ ហើយ​ត្រូវធ្វើ​យា​៉​ង​ណា​ចាប់​យក​រូបភាព​អ្នក​ដែល​កាប់​ឈើ​ខុសច្បាប់ គឺ​រឹតតែ​ល្អ ។ ខ្ញុំ​បើកដៃ​ឱ្យធ្វើ ព្រោះ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ ។

សូ​ម្បី​ក្នុង​ឱកាស​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​នគរបាល​វៀតណាម សម្តេច​បាន​សំណូមពរ​ឱ្យ​ភាគី​វៀតណាម​យកចិត្តទុកដាក់​បិទ​ទល់ដែន​ពី​ការ​នាំ​ចូល​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម ។ សម្តេច​តេ​ជោ មាន​គម្រោង​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​ថ្មី​នៅ​សហព័ន្ធ​រុ​ស្ស៊ី​នា​ស​ប្តា​ហ៍​ក្រោយ ដែល​សម្តេច​ក៏​នឹង​លើក​សំណូមពរ​នេះ​ដែរ សូម​ឱ្យ​វៀតណាម​មាន​វិធានការ​ជួយ​កម្ពុជា ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ ។

ដូច្នេះ​ត្រូវធ្វើ​កិច្ច​ការងារ​នេះ ហើយ​ម្យា​៉​ង​ទៀត​ត្រូវ​មើល​គ្រប់គ្រង​បងប្អូន​ដែល​នៅ​ក្នុង​តំបន់​នោះ​ឱ្យ​បាន​ល្អ តាំងពី​ប្រាក់​កម្រៃ សម្លៀក​បំពាក់ ជាដើម ជូន​បងប្អូន​ដែល​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​ឡង់ ព្រៃ​ផ្សេង​ៗ ពេល​មាន​ភ្លៀង​ត្រូវ​ផ្តល់​អាវ​ភ្លៀង​ជូន​គាត់ ពេល​ខែត្រជាក់​រងា​ត្រូវ​ផ្តល់​សម្លៀក​បំពាក់​រងា ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅ មិន​គប្បី​មើល​គ្នា​ក្នុង​ភាព​ជាស​ត្រូវ​រវាង​យើង​សមត្ថកិច្ច ជាមួយ​ប្រជាពលរដ្ឋ ឬ​ព្រះសង្ឃ​ដែល​ចង់​ចូលរួម​ការពារ​ព្រៃឈើ​ទេ ។ អង្គការក្រៅរដ្ឋាភិបាល ឬ​សមាគម ជនជាតិ​នៅ​តាម​សហគមន៍ ក៏​មិន​គួរ​មើល​មក​ខាង​ភ្នាក់ងារ​រាជរដ្ឋាភិបាល​ថា ជា​ចោរលួច​កាប់​ឈើ​នោះ​ទេ​។ បើ​ដៃគូ​ទាំង​ពីរ​សហការ​គ្នា​បាន​ល្អ អ្នក​ដែល​លួច​កាប់​ឈើ​ខុសច្បាប់​ក៏​ពិបាក​លួច​កាប់​ដែរ ព្រោះ​មនុស្ស​ច្រើន​ណាស់ ដូច្នេះ​ត្រូវ​សហការ​គ្នា​ចាប់​ដៃគូ​គាត់​ឱ្យ​ជាប់ ជា​កម្លាំង​រឹង​មាំ​របស់​ជាតិ ។ យើង​បន្ត​ពិនិត្យ​មើល​តទៅ​ទៀត មិនមែន​ដាក់​តែ​១៨​កន្លែង​ទេ តទៅ​មុខ​ទៀត​កន្លែង​ណា​ត្រូវ​ដាក់​បន្ថែម​ទៀត​យក​មក ខ្ញុំ​ចុះហត្ថលេខា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ទៀត​ថា កិច្ច​ការងារ​នេះ​ជា​កិច្ច​ការងារ​ក្តៅ ហើយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នឹង​បញ្ចេញស្នាដៃ​លើ​បញ្ហា​នេះ ដែល​មានការ​គាំទ្រ​ពី​គ្រប់​កម្លាំង ក្នុង​នោះ​ប្រជាជន​បណ្តាញ​ការពារ​ព្រៃឈើ ត្រូវ​បាន​ទទួលស្គាល់​ឱ្យ​ចូលរួម​ពេញលេញ ។ ពេល​ខ្លះ​ប្រជាពលរដ្ឋ​ទាំងនោះ​គាត់​ទៅ​ធ្វើបុណ្យ​ក្នុង​ព្រៃ យើង​ទៅ​ធ្វើបុណ្យ​ជាមួយ​ពួក​គាត់​ទៅ បុណ្យ​ការពារ​ព្រៃឈើ​មាន​ទាស់​ខុស​អ្វី ទៅ​ជាមួយ​ពួក​គាត់​ទៅ ដូច​ជា​ទៅ​ទេសចរណ៍​កម្សាន្ត នាំ​យុវជន និស្សិត ទៅ​បោះជំរំ​ក្នុង​ព្រៃ​កម្សាន្ត​ទៅ ដើម្បី​រួម​គ្នា​ការពារ​ព្រៃឈើ​របស់​យើង ។ មន្ត្រី​ដែល​ខូច ដែល​ធ្លាប់តែ​ឃុបឃិត​ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក៏​អត់​ហ៊ាន​ទៀត​ទេ ព្រោះ​ភ្នែក​ច្រើន​ណាស់ ដៃជើង​របស់​ប្រទេស ដើម្បី​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ ។ ដូច្នេះ​យើង​ត្រូវធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​បាន​ល្អ ។

ខ្ញុំ​មាន​ជំនឿ​ថា ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ នឹង​បន្ត​អនុវត្ត​ដោយ​យកចិត្តទុកដាក់ និង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការងារ​ទាំង​អស់នេះ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ថ្លែង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨ និង​ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​ខ្លួន ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ក្រសួង អង្គសន្និបាត​បាន​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​លើ​ប្រធានបទ​ចំនួន​ពីរ​គឺ ៖

១-​ប្រធានបទ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម សម្រាប់​ជា​ជម្រើស​អនាគត​មួយ​របស់​យុវជន​កម្ពុជា
២-​ប្រធានបទ​ស្តី​ពី​ការ​ពង្រឹង​អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បង្កើន​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៦-២០១៧ តាម​ផ្នែក​នីមួយ​ៗ ដោយ​ផ្តោត​សំខាន់​ទៅ​លើ ៖

  1. ទី​១-​បង្កើន​ការ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​កសិកម្ម សំដៅ​បង្កើន​ទិន្នផល​ដំណាំ លើកកម្ពស់​គុណភាព​ផលិតផល ពង្រឹងសមត្ថភាព​សហគមន៍​កសិកម្ម ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ដី​ប្រកបដោយ​និរន្តរភាព ។
  2. ទី​២-​ជំរុញ​ការ​ចិញ្ចឹមសត្វ​ឱ្យ​មាន​និរន្តរភាព​តាម​រយៈ​ការ​ពង្រឹង​ប្រសិទ្ធភាព ការ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ បង្កើន​សមត្ថភាព​បង្ការ ទប់ស្កាត់​ជំងឺឆ្លង​សត្វ និង​ជំងឺ​សូ​ណូ​ស៊ី​ស ធានា​ការ​ផ្គត់ផ្គង់​សត្វ សាច់សត្វ​ប្រកបដោយ​អនាម័យ សុវត្ថិភាព និង​បង្កើន​សក្តានុពល​នៃ​ការ​នាំ​ចេញ ។
  3. ទី​៣-​បង្កើន​ការ​ការពារ​និង​អភិរក្ស​ធនធាន​ជលផល និង​ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម ដើម្បី​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​ធនធាន​ជលផល ព្រមទាំង​កែ​លម្អ​គុណភាព និង​សុវត្ថិភាព​ផលិតផល ជលផល សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញ ។
  4. ទី​៤-​ជំរុញ​ការ​ដាំ​និង​ស្តារ​ព្រៃឈើ​ឡើង​វិញ ព្រមទាំង​ពង្រីក​និង​ពង្រឹង​សហគមន៍​ព្រៃឈើ​ឱ្យ​មាន​និរន្តរភាព ។
  5. ៥-​សិក្សា​និង​ពិនិត្យ​លើ​លទ្ធភាព​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​របស់​ក្រសួង ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង ការ​ផ្តល់​សេវា​គាំទ្រ និង​ពង្រឹងសមត្ថភាព​ផ្នែក​អប់រំ និង​បណ្តុះបណ្តាល​សម្រាប់​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ៕