រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូ ជាដើម ឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត បានគំរាមកំហែង និងធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់ កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត ។
ការជំរុញបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ធ្នូ ២០២១នេះ ក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញសាលារាជធានី និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួន និងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក និងការដាក់លូ នៅផ្លូវបេតុង ចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។
ការចុះពិនិត្យទីតាំងនេះ លោក ឃួង ស្រេង បានជំរុញឲ្យស្ថាបនាលូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។
គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារដាក់លូ ទំហំ១ម៉ែត្រ៥០ គុណ ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង ១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥% ។
ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ ក៏បានចុះពិនិត្យ ស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង ដែលប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ ។
ពាក់ព័ន្ធនឹងប្រឡាយមេនេះ លោក ឃួង ស្រេង បានស្នើអោយមន្ត្រីជំនាញ នៃមន្ទីរជំនាញ លើកជាគម្រោង ដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វាទឹកផងដែរ ។ ប្រឡាយនេះ ជាគម្រោងនិងធ្វើការស្ដារ អោយបានទទឹងពី១៥ទៅ១៦ម៉ែត្រ ។
លោក ឃួង ស្រេង ក៏បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀត នៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញ និងស្ថាបនាអោយបានធំ និងខ្ពស់ជាងមុន ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍន៍ច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ ។ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់នោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុន ធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់ អោយបាននៅឆ្នាំក្រោយៗទៀត ៕



































ចែករំលែកព័តមាននេះ