ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​អ្នក​លឿងមិន​សប្បាយចិត្តទេ ដែល​​បង្ខំឱ្យ​គាត់ចេញ​​​​លុយ​ថ្លៃ​ដាក់​លូ​រំដោះទឹក

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង បាន​អះអាង​ថា ពួក​គាត់​មិន​ព្រម​នោះ​ទេ ដែល​ក្រុម​អ្នក​ធ្វើ​ផ្លូវជាតិ​លេខ​៣១០ របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង…

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង បាន​អះអាង​ថា ពួក​គាត់​មិន​ព្រម​នោះ​ទេ ដែល​ក្រុម​អ្នក​ធ្វើ​ផ្លូវជាតិ​លេខ​៣១០ របស់​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បាន​យក​គ្រឿងចក្រ​មក​កាយ​ជា​ប្រឡាយ​មុខ​ផ្ទះ​ពួក​គាត់ ហើយ​តម្រូវ​អោយ​ពួក​គាត់ចេញ​លុយ​ថ្លៃ​ទិញ​លូ​ និង​ដាក់​លូ​១​កង់​៨​ម៉ឺន​រៀល​ជា​កំហិត​ ។

ពល​រដ្ឋ​ទាំងនោះ​បាន​និយាយ​ថា ការ​ធ្វើ​លូ​មុខ​ផ្ទះ​ពួក​គាត់​នេះ ពួក​គាត់​មិន​ជំទាស់​នោះ​ទេ ប៉ុន្តែ​មុន​ពេល​ធ្វើ គួរ​ណាស់​គេ​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ-​ឃុំ ហើយ​អោយ​ខាង​អាជ្ញាធរហៅ​ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ និង​ពិគ្រោះ​តម្លៃ​ជា​មុន​សិន ។ តែ​នេះ​អាជ្ញា​ធរ​ក៏​មិនដឹង ពលរដ្ឋ​ក៏​មិនដឹង សុខ​ៗ​ស្រាប់តែ​ដាក់​គ្រឿងចក្រ​មក​ជីក​ជា​ប្រឡាយ​មុខ​ផ្ទះ​អ្នកស្រុក រួច​តម្រូវ​អោយ​ម្ចាស់ផ្ទះ​ចេញ​លុយ​ថ្លៃ​ទិញ​លូ​និង​ដាក់​លូ​១​កង់​៨​ម៉ឺន​រៀល ផ្ទះ​ខ្លះ​សរុប​ទៅ​អស់​៨០​ម៉ឺន​រៀល ផ្ទះ​ខ្លះ​ដី​ធំ​អស់​ជាង​១​លាន​រៀល គឺ​វា​ថ្លៃ​ខ្លាំង​ណាស់ សម័យ​កូ​វី​ដ​នេះ​ពួក​គាត់រ​កអី​មិន​បាន​ផង ជីវភាព​កំពុង​តែ​ពិបាក​ខ្លាំង ឥឡូវ​មក​អោយ​ចេញថ្លៃ​លូ​រាប់​សែន​រាប់​លាន​បែប​នេះ​ទៀត ពួក​គាត់​គ្មាន​លុយ​ទេ​។

ដោយឡែក​ ខាង​អាជ្ញាធរ​ឃុំ​អ្នក​លឿងបានអោយ​ដឹង​ដែរ​ថា ចំពោះ​ការ​ដាក់​ប្រ​ព​ន្ធ័​លូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១០​នេះ គឺ​គេ​ធ្វើ​អោយ​តែ​បាន គ្មាន​ស្តង់ដារ គ្មាន​គុណភាព​អ្វី​ទេ លូ​មុខកាត់​៦​តឹក គេ​យក​មក​ដាក់​ទុល​គ្នា រួច​យក​កា​រ៉ុ​ង​គ្រប​ពីលើ ហើយ​លុប​ដី​យក​តែ​ម្តង អត់​បូក​ផ្ជិ​ត​មុខតំណ ខាងក្រោម​លូ​អត់​មាន​ចាក់​ឡប់ឡែ ហើយ​ក៏​គ្មាន​ថ្លឹង​នីវ៉ូទឹក​អ្វី​ដែរ ហើយ​សំខាន់​ដាក់​លូ​ហើយ​មិនដឹង​បង្ហូរទឹក​ទៅ​ណា គ្មាន​ប្រភព​ច្បាស់លាស់ គឺ​ធ្វើ​អោយ​តែ​បាន ហើយ​ជាក់ស្តែង​ពេល​នេះ ត្រង់​ទីតាំង​ដែល​ជីក​រួច​ហើយ ផ្ទះ​ខ្លះ​មាន​លុយ​គេ​ក៏​ព្រម​ដាក់​លូ​ទៅ​ព្រោះ​មិន​ចង់​ពិបាក​ផ្លូវ​ចេញចូល​ផ្ទះ តែ​ផ្ទះ​ខ្លះ​អត់​មាន​លុយ​បង្ខំចិត្ត​ដាក់​លូ​តែ​១​កង់​គ្រាន់​ជិះ​ម៉ូតូ​ចេញចូល​បាន នៅ​សល់​ប៉ុន្មាន​ចំហរ​ចោល និង​ផ្ទះ​ខ្លះ​ម្ចាស់​មិន​នៅ គឺ​ចំហរ​ចោល​ទាំងអស់ ហើយ​បើ​បែប​នេះ មិនយូរ​ប៉ុន្មាន​ត្រង់​ទីតាំង​ដែល​ចំហរ​ចោល​នោះ មិន​ត្រឹមតែ​បាក់​ដី​ចូល​ធ្វើ​អោយ​ស្ទះលូ​នោះ​ទេ គឺ​ថែម​ទាំង​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេង​ៗ​ទៀត​ផង ជា​ពិសេស​ក្មេង​ៗ​តូច​ៗ គឺ​អាច​ធ្លាក់​ចូល​ប្រឡាយ​នោះ​លង់ទឹក​ស្លាប់​ជា​មិន​ខាន​។

លោក ភោគ ផា​នី មេឃុំ​អ្នក​លឿង បានអោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១ ​ធ្នូ​ ​ថា ចំពោះ​រឿង​កាយ​ប្រឡាយ​ដាក់​លូ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​នេះ លោក​បាន​បញ្ជា​អោយ​មេ​ភូមិ​និង​ក្រុមប្រឹក្សា​ឃុំ​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ លែងអោយ​ជីក​កាយ​ទៀត​ហើយ និង​បាន​ទាក់ទង​សួរ​ទៅ​ខាង​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង​ដែរ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ​បាន​ឆ្លើយ​ថា រឿង​ជីក​ប្រឡាយ​ដាក់​លូ​នេះ ប្រជាពលរដ្ឋ​ចង់​ដាក់ឬ​មិន​ដាក់​ស្រេច​តែ​ចិត្ត គេ​មិន​បង្ខំ​ទេ ប៉ុន្តែ​រឿង​ជីក​ប្រឡាយ​គេ​នៅ​តែ​ជីក​។

លោក​មេឃុំ​បាន​បញ្ជាក់​ទៀតថា ដោយ​ខាង​មន្ទីរ​គេ​ឆ្លើយ​បែប​នេះ ទើប​លោក​បាន​រាយ​ការ​ណ៍ទៅ​លោកស្រី​អភិបាលស្រុក និង​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ពាមរ​ក៍ ដើម្បី​អោយ​ជួយ​រក​ដំណោះស្រាយ ចៀសវាង​អភិវឌ្ឍ​ន៍លើ​ទឹកភ្នែក​រាស្ត្រ​ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បកស្រាយ​ប្រាប់​ថា ខាង​មន្ទីរ​ធ្វើ​តែ​ផ្លូវ​លេខ​៣១០​ប៉ុណ្ណោះ ក្នុង​គំរោង​ធ្វើ​ផ្លូវ​នេះ អត់​មាន​ធ្វើ​ប្រ​ព​ន្ធ័​លូ​អម​សងខាង​ផ្លូវ​នោះ​ទេ ចំណែក​ក្រុម​អ្នក​ជីក​ប្រឡាយ​ដាក់​លូ​នោះ គឺជា​ក្រុមហ៊ុន​ឯកជន​ទេ ប៉ុន្តែ​រឿង​ជីក​ប្រឡាយ​ដាក់​លូ​នេះ គេ​ជីក​ប្រឡាយ​រួច​ហើយ បើ​ម្ចាស់ផ្ទះ​ចង់​ដាក់​លូ​រឺ​មិន​ដាក់​ស្រេច​នៅ​លើ​ម្ចាស់ផ្ទះ គេ​មិន​បង្ខំ​យើង​ទេ ហើយ​បើ​ថា លូ​ដែល​គេ​ដាក់​អោយ​នោះ​មាន​តម្លៃ​ថ្លៃ ពលរដ្ឋ​អាច​ទៅ​ទិញ​លូ​យក​មក​ដាក់​ខ្លួនឯង​ក៏​បាន គេ​មិន​ហាមឃាត់​នោះ​ទេ​។

អត្ថបទសរសេរ ដោយ