រាជធានីភ្នំពេញ ៖ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន ។
នៅក្នុងជំនួបនោះ អ្នកដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិផងដែរ ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ។ ជាពិសេសការផ្តល់នូវជំនួយនានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត ។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានរំលឹកដល់កិច្ចសហប្រតិបត្តិការទាំងឡាយក្នុងប្រវត្តិសាស្ត្រ ។ ក្នុងនោះបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុន ។ ក្នុងន័យនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំ នៃការបញ្ជូនកងទ័ពរក្សាសន្តិភាពនេះ ។
សម្តេចតេជោ ក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ហើយបន្តជំរុញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា ។ ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ។
សម្តេចតេជោ ក៏បានស្នើឲ្យមានការហោះហើររបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាផងដែរ ។ សម្តេចតេជោ ក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជា ជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន ។
បើតាមស្ថានទូតជប៉ុននៅកម្ពុជា ក៏បានអោយដឹងដែរថា កិច្ចប្រជុំរវាងប្រមុខរដ្ឋាភិបាលជប៉ុន និងកម្ពុជា ដែលមានរយៈពេលប្រមាណជា ៣៥នាទី ទិដ្ឋភាពទូទៅ មានដូចខាងក្រោម ៖
១. ជាដំបូង លោកនាយករដ្ឋមន្ត្រីជប៉ុន លោក គិស៊ិដា បានគូសបញ្ជាក់ថា លោកចង់បំពេញការងាររួមគ្នា ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីភាពជោគជ័យ នៃកិច្ចប្រជុំនានា ពាក់ព័ន្ធនឹងអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំក្រោយ ។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពាំនាំសារអបអរសាទរ ចំពោះលោកនាយករដ្ឋមន្ត្រី គិស៊ិដា ក្នុងការតែងតាំងជានាយករដ្ឋមន្ត្រី និងបានបញ្ចាក់ថា លោកចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី គិស៊ិដា ក្នុងតួនាទីជាប្រធានអាស៊ាន ។
២. នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ អំពីអនាគតនៃទំនាក់ទំនងជប៉ុន-កម្ពុជា ។ លោកនាយករដ្ឋមន្ត្រី គិស៊ិដា បានគូសបញ្ជាក់ថា ឆ្នាំក្រោយ គឺជាខួបលើកទី៣០ នៃសកម្មភាពថែរក្សាសន្តិភាព (PKO) នៅកម្ពុជា ហើយថា លោកចង់យកឱកាសនេះ ដើម្បីពង្រឹងការផ្លាស់ប្តូរវិស័យការពារជាតិ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របនឹងទស្សនៈ របស់លោកនាយករដ្ឋមន្ត្រី គិស៊ិដា ហើយបានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ជប៉ុន ចំពោះកម្ពុជា ជាពិសេសសម្រាប់ការផ្តល់វ៉ាក់សាំងបន្ថែមប្រមាណ ៣សែនដូស និងជំនួយផ្សេងៗទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
៣. នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាយ៉ាងច្បាស់លាស់លើបញ្ហាក្នុងតំបន់ ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ក្រោមគំនិតនៃ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» និងធ្វើការរួមគ្នា លើបញ្ហាកូរ៉េខាងជើង រួមទាំងបញ្ហា នៃការចាប់ពង្រត់ ។ ទាក់ទងទិននឹងស្ថានការណ៍នៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង នាយករដ្ឋមន្ត្រីទាំងពីរ បានយល់ព្រមធ្វើការជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដោយសារកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ។
៤. លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានចែករំលែកនូវទស្សនៈកិច្ចសហប្រតិបត្តិការឆ្ពោះទៅខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ក៏ដូចជាខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣ ។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ រហូតក្លាយទៅជាទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន ។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុន បានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញ ក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះ គឺជាមូលដ្ឋានគ្រឹះ នៃចំណងមិត្តភាព នៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម ៕
ចែករំលែកព័តមាននេះ