ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើជប៉ុនបើកការហោះហើររបស់ ANA មកកាន់កម្ពុជាឡើងវិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ឱ្យ​ជប៉ុន ឱ្យ​មានការ​ហោះហើរ​ឡើង​វិញ របស់​ជើងហោះហើរ ANA មក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​ឱ្យ​ជប៉ុន ឱ្យ​មានការ​ហោះហើរ​ឡើង​វិញ របស់​ជើងហោះហើរ ANA មក​កម្ពុជា បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្បើយ​។

Picture

ការ​ស្នើ​របស់​សម្តេច​តេ​ជោ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ឯកឧត្តម ហ្វ​មី​អូ គី​ស៊ី​ដា (Fumio Kishida) នាយក​រដ្ឋមន្ត្រី​ជប៉ុន តាម​ប្រព័ន្ធ​វី​ដេ​អូ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ ។

Picture

ក្រៅពី​ការ​ស្នើ​ឱ្យ​មានការ​បើក​ជើងហោះហើរ​របស់​អាកាស​ចរ​ស៊ី​វិល​របស់​ជប៉ុន​មក​កាន់​កម្ពុជា​ជា​ថ្មី​ម្តងទៀត​នោះ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍ ហើយ​បន្ត​ជំរុញ​អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ជប៉ុន បន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​រក្សា​សន្តិភាព​របស់​ជប៉ុន និង​កម្ពុជា​។ ជា​ពិសេស​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​។

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹមថា ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ និង​ឆ្លៀត​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ផង​ដែរ​។ សម្តេច​តេ​ជោ​ក៏​បាន​ឆ្លៀត​សង្កត់ធ្ងន់​ជា​ចុង​ក្រោយ​ថា កម្ពុជា ជា​មិត្ត​មួយ​ដ៏​ស្មោះត្រង់​របស់​ជប៉ុន​។

Picture

អ្នកដឹកនាំ​ទាំង​ពីរ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី តំបន់ និង​ឆាក​អន្តរជាតិ​ផង​ដែរ​។ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ជា​ពិសេស​ការ​ផ្តល់​នូវ​ជំនួយ​នានា​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ មាន​ដូច​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ រថយន្ត​សង្គ្រោះ និង​បរិក្ខារ​ពេទ្យ​ដទៃ​ទៀត​។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា ជំនួយ​ទាំង​អស់នេះ បាន​ឆ្លើយ​តប​យ៉ាង​សំខាន់​សម្រាប់​តម្រូវការ​របស់​កម្ពុជា​ក្នុង​ការ​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។

Picture

ក្នុង​ជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​រំលឹក​ដល់​កិច្ច​សហប្រតិបត្តិការ​ទាំងឡាយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុង​នោះ​បាន​រំលឹក​ពី​ការ​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​របស់​ជប៉ុន មក​កាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩២ ដែល​ជា​ការ​បញ្ជូន​កងទ័ព​ចេញ​ក្រៅប្រទេស​លើក​ដំបូង​របស់​ជប៉ុន​។ ក្នុង​ន័យ​នេះ សម្តេច​តេ​ជោ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ចង់​ឃើញ​មានការ​រៀបចំ​ពិធី ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ឆ្នាំ​២០២២ ដែល​ជា​ខួប ៣០​ឆ្នាំ​នៃ​ការ​បញ្ជូន​កងទ័ព​រក្សា​សន្តិភាព​នេះ​។

សូម​បញ្ជាក់​ថា កម្ពុជា និង​ជប៉ុន បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​១៩៥៣​។ ទំនាក់ទំនង​កម្ពុជា និង​ជប៉ុន មាន​ភាពល្អ​ប្រសើរ​ឡើងជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ខែធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​មានដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​ប្រទេស​ជប៉ុន​។

Picture

ក្រោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ប្រទេស​ជប៉ុន​បាន​រួម​ដំណើរ​ជួយ​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព ការ​ស្តារ​ឡើង​វិញ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ធនធានមនុស្ស​ជាដើម​៕