ដីព្រៃលិចទឹកតំបន់បីត្រូវរុករានទន្ទ្រានយក៥,៣៥០ហិកតា និងបង្ក្រាបបាន២ករណី
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ដីព្រៃលិចទឹកតំបន់បី ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរុករានទន្ទ្រានយកមានផ្ទៃដី៥,៣៥០ហិកតា និងបង្ក្រាបបានចំនួន២ករណី ហើយត្រូវបញ្ជូនទៅតុលាការចំនួនត្រាក់ទ័រ២គ្រឿងកាលពីឆ្នាំ២០២០ កន្លងទៅ។
លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជនផលខេត្តបន្ទាយមានជ័យ បានប្រាប់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះថា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យលេខ១៩៧ ដើម្បីកំណត់ព្រំដែនតំបន់បីបឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ មានស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ ឃុំភ្នំលៀប និងស្រុកមង្គលបូរី ឃុំសំបួរ ត្រូវបានបោះបង្គោលកំណត់ព្រំដីតំបន់បីជាបឹងទន្លេសាប ហើយក៏រកឃើញថា មានការលួចទន្ទ្រានយកដីនៅតំបន់បី មានចំនួន៥,៣៥០ហិកតាឯណោះ។

លោកបានបញ្ជាក់ថា ៖ ក្រោយបោះបង្គោលកំណត់ដីតំបន់បីបឹងទន្លេសាប កាលពីឆ្នាំ២០១០-២០១១ គឺមាន៤៨បង្គោល ហើយបានបោះបង្គោលដោយថ្នាក់ជាតិមានចំនួន២៦បង្គោល, បោះបង្គោលដោយថ្នាក់ខេត្តមានចំនួន២២បង្គោល និងរកឃើញការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់បីបឹងទន្លេសាប គឺមានផ្ទៃដីចំនួន៥,៣៥០ហិកតានៅក្នុងស្រុកព្រះនេត្រព្រះ, នៅឃុំប្រាសាទ ផ្ទៃដី៦៥០ហិកតា, ឃុំភ្នំលៀប ផ្ទៃដី៤.៧០០ហិកតា ដែលត្រូវគេរុករានទន្ទ្រានដីព្រៃលិចទឹកជាជម្រកមច្ឆាជាតិ ។ ហើយការទន្ទ្រានយកមុនការកំណត់ព្រំបង្គោលដីព្រៃលិចទឹកតំបន់នៅក្នុងភូមិសាស្ត្រចំនួន២ស្រុក គឺមានស្រុកបង្គលបូរី និងស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ។

លោក ឡុញ វុទ្ធី បានបញ្ជាក់ថា ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យលេខ.១៩៧ កំណត់ព្រំដីព្រៃលិចទឹកតំបន់បី បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឆ្នាំ២០១០ និងឆ្នាំ២០១១ ហើយត្រូវបានមន្ត្រីជំនាញបង្ក្រាបបទល្មើសទន្ទ្រានរានយកដីព្រៃតំបន់បី បឹងទន្លេសាប គឺមានចំនួន២ករណី នឹងត្រូវបានបញ្ជូនទៅតុលាការដែលមានវត្ថុតាងត្រាក់ទ័រចំនួន២គ្រឿង និងម៉ូតូ១គ្រឿងដែលបានបង្ក្រាបនៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង៕

























<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ