ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយបន្សុទ្ធទឹកកខ្វក់ទី២នៅខេត្តព្រះសីហនុមុនចាក់ចូលសមុទ្រមួយថ្ងៃផលិតបានជាង៧ពាន់ ម៉ែត្រគូប

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់​ទឹក​ស្អុយ​ដែល​បាន​ប្រើប្រាស់​រួច​ឱ្យ​ក្លាយជា​ទឹក​ដែល​ស្អាត ស្រប​តាម​ស្តង់ដារ​បរិស្ថាន​មុន​នឹង​បញ្ចេញ​ចោល​ទៅ​ក្នុង​សមុទ្រ​នោះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​កខ្វក់​ចំនួន​២ រួចរាល់​ហើយ ដែល​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម​សម្រាប់​បន្សុទ្ធ ទឹក​នៅ​ទី​ក្រុងព្រះសីហនុ ។ ឯកឧត្តម​គួ​ច…

ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់​ទឹក​ស្អុយ​ដែល​បាន​ប្រើប្រាស់​រួច​ឱ្យ​ក្លាយជា​ទឹក​ដែល​ស្អាត ស្រប​តាម​ស្តង់ដារ​បរិស្ថាន​មុន​នឹង​បញ្ចេញ​ចោល​ទៅ​ក្នុង​សមុទ្រ​នោះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​កខ្វក់​ចំនួន​២ រួចរាល់​ហើយ ដែល​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​យ៉ាង​សកម្ម​សម្រាប់​បន្សុទ្ធ ទឹក​នៅ​ទី​ក្រុងព្រះសីហនុ ។

ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ស្ថានីយ​ប្រព្រឹត្ត​កម្មនេះ​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ដល់​ខេត្ត​ព្រះ​សីហ​នុ​ធ្វើ​ឱ្យ​បរិស្ថាន​ល្អ សោភ័ណ​ភាព និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ឡើង នា​ថ្ងៃ​ខាង​មុខ ។

ឯកឧត្តម​អភិបាលខេត្ត​បាន​ចាត់​ទុក​ថា វា​ក៏​ជា​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​បម្រើ​ផលប្រយោជន៍​ខេត្ត​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ។

ចំណែក​លោក លី រិ​ទ្ធ អគ្គនាយក​នៃ​ក្រុមហ៊ុន Xwater Technology Co. Ltd​បានឱ្យ​ដឹង​ថា ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ខ្នាត​ធំ​ទី​២​នេះ​សព្វថ្ងៃ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ​៧២០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ ។

ស្ថាន​នី​យ​នេះ​បាន​ដាក់​ឱ្យ​ដំណើរការ​រយៈពេល​៦​ខែ​កន្លង​មក ។ មក​ដល់​បច្ចុប្បន្ន​ស្ថានីយ​មួយ​កន្លែង​នេះ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បាន​ប្រមាណ​៥៨​ម៉ឺន​ម៉ែត្រគូប​ហើយ ។ លោក​ថា ទឹក​កខ្វក់​ក្រោយ​ពី​ឆ្លងកាត់​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​រួច​វា​នឹង​ក្លាយជា​ទឹក​មានគុណ​ភាពល្អ មិន​មានការ​បំពុលបរិស្ថាន និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​នោះ​ទេ ។

លោក​ថា ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​១ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ៥.២00 ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៣ ដែល​មាន​ផ្ទៃដី​៣៦៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​២ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ​៧.២00 ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៤ ដែល​មាន​ផ្ទៃដី​៤៨៦​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ។

ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​នៅឡើយ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ២០.០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៥ និង​តំបន់​ទី​៦ ដែល​មាន​ផ្ទៃដី ២.៦៩០​ហិ​កតា ស្ថិត​ក្នុង​សង្កាត់ លេខ​៤ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD​។

សូម​ជំរាប​ដែរ​ថា ប្រភព​ទឹក​កខ្វក់​ដែល​ចេញពី​គេហដ្ឋាន និង​អគារ​រស់នៅ​របស់​ពលរដ្ឋ​ត្រូវ​បាន​ប្រមូលផ្តុំ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អាង​ចម្រោះ​បឋម​តាម​រយៈ​បណ្តាញ​បំពង់​ដែក​កាបូន ហើយ​សំណាញ់ Coarse Screen អាច​ច្រោះ​សំរាម​ឬ​ភាគល្អិត​ដែល​មាន​ទំហំ​ធំ​ជាង​ឬ​ស្មើ​២​មី​លី​មែ​ត្រ ។ ទឹក​កខ្វក់​នេះ​ត្រូវ​បាន​បូម​ឡើង​ចូល​ទៅ​ក្នុង​អាង​ទឹក​ដែល​អាច​ច្រោះ​សំរាម​ឬ​ភាគល្អិត​ដែល​មាន​ទំហំ​ធំ​ជាង​ឬ​ស្មើ​៦​មី​លី​ម៉ែត្រ ហើយ​បន្ត​ហូរ​ចូល​អាង​មួយទៀត ដែល​អាច​ច្រោះ​ភាគល្អិត​ទំហំ ធំ​ជាង​ឬ​ស្មើ​មួយ​មី​លី​ម៉ែត្រ ។

ក្នុង​ដំណាក់កាល​អាង​ចម្រោះ​បឋម​នេះ​ភាគល្អិត និង​សមាសធាតុ​សរីរាង្គ​ដែល​មាន​ទំហំ​ជាង​ឬ​ស្មើ​១​មី​លី​ម៉ែត្រ​ត្រូវ​បាន​យក​ចេញ ហើយ​ទឹក​កខ្វក់​នេះ​បន្ត​ហូរ​ចូល​អាង​ចម្រោះ​ផ្សេង ទៀត​រហូត​បាន​ក្លាយជា​ទឹក​ស្អាត​ដែល​គេ​អាច​បង្ហូរ​ចូល​សមុទ្រ​បាន​ដោយ​សុ​វត្តិភាព​មិន​ប៉ះពាល់​ដល់​បរិស្ថាន​និង​ជីវៈចម្រុះ​ឡើយ​។

ក្រៅពី​នេះ​ទឹក​ដែល​ធ្វើ​ប្រព្រឹត្តិកម្ម​រួច អាច​បង្ហូរ​ចូល​សមុទ្រ​បាន​ហើយ ទឹក​នេះ​គេ​ថែម​ទាំង​អាច​ចិ​ញ្ចឹ ម​ត្រី​ក្រឹម​ហើយ​កាក​សំណល់​ពី​ការ​ចម្រោះ​ទឹក​កខ្វក់​នេះ​គេ​អាច​យក​ទៅ​ធ្វើ​ជា​ជី​បម្រើ​លើ​វិស័យ​កសិកម្ម​បាន​ទៀត​ផង ។

សូម​បញ្ជាក់​ថា ស្ថានីយ​ប្រព្រឹត្ត​កម្មនេះ​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ចុង​ក្រោយ របស់​អ៊ី​ស្រា​អែ​ល MABR វា​មាន​លទ្ធភាព​ដក​អា​ម៉ូ​ញាក់ កាបូន​ឌី​អ៊ុ​ក​ស៊ី​ត បាក់តេរី និង​សារធាតុពុល ហើយ​ទឹក​ដែ ល​ប្រព្រឹត្ត​កម្ម​រួច មិន​មាន​ជាតិពុល​ដល់​បរិស្ថាន និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ វា​មានគុណ​ភាព​ប្រកប ដោយ​ស្តង់ដា​ខ្ពស់ និង​ជា​ស្នាដៃ​របស់​កូន​ខ្មែរ ចំនួន​៦​រូប​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ