ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ឈ្នះ Ballon d’Or លើក​ទី​៧ ខណៈ Putellas ឈ្នះ​លើក​ដំបូង​ក្នុង​អាជីព

1 ខែ មុន

បារាំង ៖ កីឡាករ Lionel Messi និង​កីឡាការិនី Alexia Putellas បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០២១ ដែល​ប្រព្រឹត្តិ​ទៅ​

បារាំង ៖ កីឡាករ Lionel Messi និង​កីឡាការិនី Alexia Putellas បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០២១ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​សាល​មហោស្រព du Chatelet ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។

Lionel Messi ឈ្នះ​ពាន​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក Ballon d’Or ប្រចាំឆ្នាំ ២០២១ និង​ជា​លើក​ទី​៧ (២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩ និង ២០២១) កំណត់​ត្រា​អ្នក​ឈ្នះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ក្រុម PSG វ័យ​៣៤​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ការ​បោះ​ឆ្នោត ដោយ​នាំមុខ​ខ្សែប្រយុទ្ធ Robert Lewandowski របស់ Bayern Munich នៅ​លេខ​២ និង​ខ្សែបម្រើ Jorginho របស់ Chelsea នៅ​លេខ​៣​។

ចំណែក​លេខ​៤ បាន​លើ​ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid និង​លេខ​៥ ខ្សែបម្រើ N’Golo Kante របស់ Chelsea ខណៈ​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ចំនួន​៥​ដង ស្ថិត​នៅ​លេខ​៦​។

Messi បាន​ជួយ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើងឯក Copa America ហើយ​បាន​ស៊ុត​បញ្ចូល​ទី​៤០​គ្រាប់​ក្នុង​ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ ២៨​គ្រាប់​ជាមួយ Barcelona, ៤​គ្រាប់​ជាមួយ PSG និង​៨​គ្រាប់​ជាមួយ​ក្រុម​ជម្រើសជាតិ​។

ងាក​មក​កាន់ Alexia Putellas ខ្សែបម្រើ​ក្រុម Barcelona វិញ បាន​ឈ្នះ​ពាន​កីឡាការិនី​បាល់ទាត់​ល្អ​បំផុត​លើ​លោក Ballon d’Or ប្រចាំឆ្នាំ ២០២១ និង​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​នាង​។ បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​នាំមុខ​មិត្ត​រួម​ក្រុម​ខ្លួន គឺ​ខ្សែប្រយុទ្ធ Jennifer Hermoso នៅ​លេខ​២ និង​ខ្សែប្រយុទ្ធ Sam Kerr របស់ Chelsea នៅ​លេខ​៣​។

ខ្សែបម្រើ​អេ​ស្ប៉ា​ញ Putellas វ័យ​២៧​ឆ្នាំ បាន​ឈ្នះ​ជើងឯក​លី​គ (Primera División) និង Champions League ជាមួយ Barcelona ក្នុងឆ្នាំនេះ​។ នាង​គឺជា​ខ្សែបម្រើ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ​អឺរ៉ុប ដោយ​រកបាន​២៦​គ្រាប់ គ្រប់ការ​ប្រកួត​ទាំងអស់​កាលពី​រដូវ​កាល​មុន​។

គួរ​បញ្ជាក់​ថា Ballon d’Or ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្តី​បារាំង France Football ដើម្បី​ប្រគល់​ជូន​កីឡាករ និង​កីឡាការិនី​បាល់ទាត់​ល្អ​បំផុត​ប្រចាំឆ្នាំ​។ ដោយ​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ពី​អ្នកកាសែត​ជំនាញ​១៨០​រូប​។ ទោះ​យ៉ាងណា កាលពី​ឆ្នាំ ២០២០ ពានរង្វាន់​មួយ​នេះ ត្រូវ​បាន​រំសាយ​ចោល ដោយសារ​តែ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩៕ (​ដកស្រង់​ចេញពី BBC និង The Guardian)

Picture
Picture
Picture
Picture
Picture
Picture
Picture