ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ស្រី​សង្ស័យ​ក៏​ហៅ​ជាងសំណង់​២​នាក់​បងប្អូន​មក​សួរ ស្រាប់តែ​បែកធ្លាយ​ការ​ពិត

2 ឆ្នាំ មុន
  • ភ្នំពេញ

ម្ចាស់​ផ្ទះ​​ក៏​មានការ​សង្ស័យ ដោយសារ​តែ​ឃើញ​សំបក​ខ្សែភ្លើង​ដែល​ពួក​គេ​ហែក​យក​ស្ពាន់​ខាងក្នុង​ទៅ​លក់​អស់ នៅ​សល់​តែ​ជ័រ​ខាងក្រៅ គាត់​ក៏​បាន​ហៅ​មក​សួរនាំ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បងប្អូន​ក៏​បាន​សារភាព​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជាងសំណង់​២​នាក់​បងប្អូន​បាន​នាំ​គ្នា​លួច​ខ្សែភ្លើង និង​ដែក​យក​ទៅ​លក់ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​តាមដាន​ទាន់​ឃាត់ខ្លួន រួច​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​មានឈ្មោះ ម៉ី យុំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង និង​ជនសង្ស័យ​ម្នាក់​ទៀត​ជា​បង​មានឈ្មោះ ម៉ី យន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជួល​ជាងសំណង់​ខាងលើ អោយមក​ម៉ៅ​ការ​ជួសជុល​ជណ្ដើរ​ផ្ទះ​របស់​គាត់​ដើម្បី​ធ្វើ​ថ្មី ខណៈ​ពេល​ដែល​គាត់​មិន​នៅផ្ទះ ជាងសំណង់​ទាំង​២​នាក់​បងប្អូន​នោះ​ឃើញ​ឱកាសល្អ​ក៏​នាំ​គ្នា​លួច​យក​ខ្សែភ្លើង និង​ដែក​យក​ទៅ​លក់​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក គាត់​ក៏​មានការ​សង្ស័យ ដោយសារ​តែ​ឃើញ​សំបក​ខ្សែភ្លើង​ដែល​ពួក​គេ​ហែក​យក​ស្ពាន់​ខាងក្នុង​ទៅ​លក់​អស់ នៅ​សល់​តែ​ជ័រ​ខាងក្រៅ គាត់​ក៏​បាន​ហៅ​មក​សួរនាំ ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បងប្អូន​ក៏​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​អីវ៉ាន់​របស់​គាត់​មែន បន្ទាប់​មក​គាត់​បាន​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ​អោយ​យក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​តែ​ម្តង​។

គួរ​បញ្ជាក់​ថា អីវ៉ាន់​ដែល​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​រួមគំនិត​គ្នា​លួច​យក​ទៅ​លក់​នោះ រួម​មាន​ខ្សែភ្លើង​ជា​ច្រើន​ម៉ែត្រ និង​ដែក​ជា​ច្រើន​ដើម​ផង​ដែរ​។ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ទៅ​លើ​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​លួច​ពិតប្រាកដ​មែន​» លុះ​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ហៅ​ម្ចាស់ផ្ទះ​អោយមក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ខាង​ម្ចាស់ផ្ទះ​គាត់​ជាប់រវល់ ព្រោះតែ​ក្រុម​គ្រួសារ​របស់​គាត់​ហូប​ក្ដាមសមុទ្រ​ហើយ​ក៏​ពុល ដូច្នេះ​មាន​តែ​រង់ចាំ​ថ្ងៃស្អែក ទើប​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​វិញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក​បណ្ដោះអាសន្ន​មួយ​យប់​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ