ខេត្តកំពត ៖ បុរសជាភ្ញៀវទេសចរម្នាក់ឈ្មោះ NGUYEN THANH LONG អាយុ៣៤ឆ្នាំ រស់នៅទីក្រុងហូជីមិញ ផឹកស្រាថូជាមួយមិត្តភក្តិស្រីជាជនបរទេសដូចគ្នា នៅក្នុងហាងមួយកន្លែង តាមបណ្តោយឆ្នេរព្រែកកំពត ។ ក្រោយពីផឹកមួយកែវហើយ បានលោតទឹកលេងក៏ស្រាប់តែគេឃើញងើបក្បាលឡើងមានក្អួតចង្អោរ រួចលិចទៅក្នុងទឹកវិញបាត់ បង្កឱ្យឆោឡោឡើងឡើង ដោយរត់ទៅរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ឧសភា ២០១៦ ដោយត្រូវម្ចាស់ហាងទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ចចុះមកអន្តរាគមរកសាកសព ។ លុះដល់ម៉ោង៥ទៀបភ្លឺនាទីថ្ងៃទី១០ថ្ងៃដដែល ទើបរកសពឃើញនៅអោបជាប់សសរកន្លែងលោតទឹកលេងដោយស្លាប់បាត់ទៅហើយ ក៏ស្រង់សាកសពឡើងលើគោក ។
ប្រភពីមិត្តស្រីដែលអង្គុយលេងជាមួយគ្នាថា ជនរងគ្រោះមុនមកអង្គុយផឹកនៅកន្លែងកើតហេតុ គឺបានចេញពីកន្លែងផឹក២កន្លែងផ្សេងទៀត រហូតដល់ម៉ោង១២ ទើបចេញមកអង្គុយផឹកស្រាថូនៅកន្លែងកើតហេតុ ។ ពេលមកអង្គុយកន្លែងកើតហេតុនេះ ជនរងគ្រោះ ទើបតែផឹកបានមួយកែវ ក៏លោតទឹកលេង ហើយក៏ជួបហេតុការណ៍នេះតែម្តងទៅ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និងសមត្ថកិច្ចរួច បានសន្និដ្ឋានថា ជនរងគ្រោះដោយសារមានជាតិស្រវឹងខ្លាំងរួចលោតទឹកលេង ត្រូវស្ទះខ្យល់ រួចបណ្តាលឲ្យលង់ទឹកស្លាប់ក្នុងទឹកតែម្តង ។ ដោយសពឃើញដៃនៅខ្វេរជាប់និងសសរកន្លែងលោតទឹក ។
ចែករំលែកព័តមាននេះ