ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីកម្ពុជាបាននិងកំពុងប្រកាសរកសាច់ញាតិសពស្ត្រីខ្មែរបានប្តីជាជនជាតិថៃ ហើយត្រូវឃាតករបាញ់សម្លាប់លើទឹកដីថៃ កាលពីយប់ថ្ងៃទី០៧ ឧសភា ២០១៦ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ ព្រោះសពកំពុងតម្កល់នៅមន្ទីរពេទ្យនៅឡើយ ។
លោកយ៉ាល់ ប៊ុនពៅ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា សាកសពស្ត្រីរងគ្រោះឈ្មោះម៉ែន ម៉ាប់ អាយុ៤០ឆ្នាំ មានប្តីជនជាតិថៃឈ្មោះស៊ុម យុតអាក់ នុតតាក់ភីន អាយុ៥៦ ឆ្នាំ មានទីលំនៅភូមិណងរឿ ឃុំណងណាំសៃ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃហើយ ។
ស្ត្រីរងគ្រោះត្រូវឃាតករជាកូនចុង (កូនរបស់ប្តីជាជនជាតិថៃ) លបបាញ់សម្លាប់ដោយសារខឹងរអ៊ូររទាំ និងស្តីបន្ទោសច្រើន មកទល់និងថ្ងៃទី១០ ឧសភា ២០១៦ មិនទាន់ឃើញមានសាច់ញាតិ មកទំនាក់ទំនងយកសពនៅឡើយទេ ។ សពស្ត្រីរងគ្រោះកំពុងត្រូវបានភាគីថៃ តម្កល់នៅក្នុងមន្ទីរពេទ្យក្នុងខេត្តកើតហេតុ ។
មន្ត្រីខាងលើបញ្ជាក់ថា ពេលនេះមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ សូមអំពាវនាវរកសាច់ញាតិឱ្យទៅទទួលយកសព ៕
ចែករំលែកព័តមាននេះ