ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​​ចុះ​ណែនាំ​ឈ្មួញ​ជីក​ដី​ដើម្បី​​គ្រាន់​តែ​ល្អ​​មើល​ទេ​ដឹង​​ ?

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ រណ្ដៅ​ដី ថ្ម…

ខេត្តកណ្តាល ៖ លោក ណុ​ប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ រណ្ដៅ​ដី ថ្ម ក្រួស បាន​ដឹកនាំ​កម្លាំង​ចម្រុះ មន្ទីរ​ពាក់ព័ន្ធ​រួម​ទាំង​អាជ្ញាធរ​ស្រុក​ចុះ​ពិនិត្យ​មើល ទីតាំង​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​កំពុង​អនុវត្តន៍​ផ្ទុយ​ពី​អាជ្ញាប័ណ្ណ និង​តម្រូវ​ឱ្យ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទទួល​រង​ការ​ខូចខាត​ពីរ​រណ្ដៅ​ដី​មួយ​នេះ ។

ការ​ចុះ​ពិនិត្យ​មើល​ទីតាំង​រណ្ដៅ​ដី​ក្នុងភូមិ​សាស្ត្រ ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​អភិបាល​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ថា ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ផ្លូវ​និង​ប្រឡាយ​ទឹក​ដែល​រង​ការ​ប៉ះពាល់​ពី​រណ្ដៅ​មួយ​នេះ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​បង្ខិត​ព្រំ​ដី​មក​វិញ​និង​ចាក់​ដី​ធ្វើ​ជើងទេ​ដើម្បី​ពង្រីក​ផ្លូវ​ប្រឡាយ​មក​ឲ្យ​បាន​១០​ម៉ែត្រ ព្រោះ​នេះ​ជា​សុវត្ថិភាព​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ជា​ពិសេស​ពេល​យប់​ព្រលប់ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ការ​ស្តារ​ប្រឡាយ​ទំនប់​នេះ​ឡើង​វិញ ដើម្បី​ឱ្យ​មាន​ផ្លូវទឹក​សម្រាប់​ធ្វើ​ចរាចរណ៍ ជា​ពិសេស​មិន​ត្រូវ​បូមទឹក​រ៉ែ​ទាំងនេះ​បង្ហូរ​ចូល​ក្នុង​ស្រែ​របស់​ប្រជាពលរដ្ឋ ព្រោះ​ទឹករ៉ែ​ដ៏​ជ្រៅ​ទាំងនេះ​មិនដឹង​ថា​មាន​សារជាតិ​អ្វីខ្លះ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្រែ​របស់​ពួក​គាត់ ។ ត្រូវ​គោរព​ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​មន្ទីរ​ក៏​ដូច​ជា​ខេត្ត​បាន​ផ្ដល់​ជូន ម្ចាស់​អាជីវកម្ម​ត្រូវធ្វើ​អាជីវកម្ម​ឱ្យ​ត្រូវ និង​ទីតាំង​ដែល​ខ្លួន​បាន​ស្នើ​សុំ រណ្ដៅ​ត្រូវ​មាន​ជើងទេ​ឱ្យ​បាន​ត្រឹមត្រូវ ។

មុន​ធ្វើការ​ដឹក​ចេញ​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​ការ​គ្រប់គ្រង (​ជញ្ជីង​) វិក្កយបត្រ​ត្រូវ​មានការ​បោះត្រា​ឱ្យ​បាន​ត្រឹមត្រូវ​ពី​មន្ទីរ​រាល់​ការ​ដឹក​ជញ្ជូន​ខ្សាច់ អាច​ន៍​ដី ម្ចាស់​អាជីវកម្ម​ត្រូវ​ណែនាំ​ដល់​អ្នក​ដឹក ត្រូវ​លាង​សម្អាត​កង់​ឡាន​ឱ្យ​បាន​ស្អាត​ពេល​ចេញពី​ដេប៉ូ ត្រូវ​គ្រប​ឱ្យ​បាន​ជិត​ល្អ កុំ​ដឹក​លើស​ទម្ងន់ បើកបរ​ដោយ​ក្រមសីលធម៌ ត្រូវ​លាង​សម្អាត​ផ្លូវ​ដែល​ប្រឡាក់​ឱ្យ​បាន​ស្អាត ។ ក្នុង​ករណី​ម្ចាស់​អា​ជី​កម្ម​ណា​ដែល​នៅ​តែ​ប្រព្រឹត្ត​ល្មើសច្បាប់ ធ្វើ​ឱ្យ​ផ្លូវ​ខូច​ត្រូវ​ទទួលខុសត្រូវ​ជួសជុល​ផ្លូវ​ឱ្យ​បាន​ស្អាត​ឡើង​វិញ រង​ការ​ផាកពិន័យ ឬ​បិទ​អាជីវកម្ម​តែ​ម្ដង ។

លោក​ក៏​បាន​ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​អនុវត្ត​តាម​កិច្ចសន្យា និង​ច្បាប់​ពាក់ព័ន្ធ​នានា ។ រាល់​ការ​ដឹក​ខ្សាច់ ដឹក​ដី ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដឹក​កុំឱ្យ​ហុយ និង​ជ្រុះ​ខ្សាច់​មក​លើ​ផ្លូវ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ ។ ត្រូវ​រួម​សហការ​គ្នា​ចុះ​ពិនិត្យ​ដល់ទី​តាំង អាជីវកម្ម​ណ្ដៅ​ដី ដើម្បី​ដឹង​ថា​តើ ម្ចាស់​អាជីវកម្ម​ទាំងនោះ មានច្បាប់ និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ហើយ​ឬ​នៅ ។ បើ​ម្ចាស់​អាជីវកម្ម​ណាមួយ​មិន​សហការ គ្មាន​អាជ្ញាប័ណ្ណ ឬ​អាជ្ញាប័ណ្ណ​ហួស​សុពលភាព ត្រូវ​អនុវត្ត​តាម​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ ។

មតិ​នានា​ថា ការ​ណែនាំ​នេះ​ល្អ​ហើយ ប៉ុន្តែ​ច្បាប់​នៅ​តែ​លើ​ក្រដាស​…​ការ​ណែនាំ​នៅ​តែ​លើ​បបូ​មាត់​តែ​ប៉ុណ្ណោះ ។ ដល់​ចប់​ការ​ណែនាំ លទ្ធផល​នៅ​តែ​ដដែល​…​គ្មាន​អ្វី​ធំ​ជាង​លោកតា​ប្រាក់​ទេ​…​បើ​មិន​ជឿ​ទេ ចាំ​មើលទៅ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ