ភ្នំពេញ៖ នៅព្រលប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការសូរិយោដី ថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំ ស្តីពី វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្ទ្រានដីបឹងទន្លេសាប។
កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីពាក់ព័ន្ធ រួមមាន៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលបន្ទុកបង្ក្រាបបទល្មើសព្រៃឈើ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀត។ កិច្ចប្រជុំ ក៏បានភ្ជាប់តាមប្រព័ន្ធវិដេអូ ទៅកាន់អភិបាលខេត្តទាំងអស់ ដែលនៅជាប់បឹងទន្លេសាប រួមទាំងស្ថាប័នអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
យ៉ាងណាក៏ដោយ ខ្លឹមសារនៃកិច្ចប្រជុំបន្ទាន់ ដែលដឹកនាំដោយលោកជាសុផារ៉ានេះ មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
សូមរម្លឹកថា នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេង ចេញបទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប រួមទាំងគណៈកម្មការសូរិយោដីថ្នាក់ជាតិ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិដទៃទៀត ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីទប់ស្កាត់ការកាប់រានព្រៃលិចទឹក ដើម្បីយកដីធ្វើកម្មសិទ្ធិ នៅតំបន់បឹងទន្លេសាប។
ចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យដកហូតនូវដីព្រៃលិចទឹក នៅបឹងទន្លេសាប ដែលអតីតអភិបាលខេត្តកំពង់ឆ្នាំង រំលោភយកជាង ២០០០ហិកតា ផងដែរ។
បន្ថែមលើបទបញ្ជាឲ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសកាប់រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសព្រមានឲ្យមន្ត្រីខិលខូចទាំងអស់ ចេញសារភាពជាបន្ទាន់ បើមិនដូច្នោះទេ មន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះ នឹងត្រូវដកហូត រឹបអូសទ្រព្យ ព្រមទាំងចាប់ខ្លួន បើសិនជាពាក់ព័ន្ធនឹងបទល្មើស កាប់រានព្រៃ យកដីតំបន់លិចទឹកបឹងទន្លេសាប ធ្វើកម្មសិទ្ធិ៕



ចែករំលែកព័តមាននេះ